#កំហុស នៅពេលដែលអ្នកបានសាងនូវកំហុស មិនថាដោយចេតនា ឬអចេតនាទេ តែបើវាកើតឡើងពីភាពព្រងើយកន្តើយរបស់អ្នកចំពោះនាង មិនយកចិត្តទុកដាក់ ខ្វាយខ្វល់ពីអារម្មណ៍របស់នាង គឺមានន័យថា អ្នកកំពុងតែប្រាប់នាងថា នាងមិនមានអត្ថន័យគ្រប់គ្រាន់សម្រាប់អ្នក នាងប្រាកដជាគិតច្រើនផ្ដេសផ្ដាស គិតថា ជិវិតរបស់អ្នក នៅពេលដែលគ្មាននាង នឹងល្អប្រសើរ ដូច្នេះ នៅពេលដែលនាងបានទ្រាំ អត់ធ្មត់គ្រប់គ្រាន់ ឆ្អែតឆ្អន់ហើយជាមួយអ្នក នាងក៏នឹងចាកចេញទៅដោយមិននិយាយអ្វីទាំងអស់ ពេលនោះហើយមានន័យថា នាងបានខូចអារម្មណ៍ និងបាត់បង់មនោសញ្ចេតនាជាមួយអ្នកហើយ។

#ចាកចេញ តាមការពិតទៅ នាងមិនចង់ចាកចេញពីមនុស្សដែលនាងស្រលាញ់ទេ រឹតតែមិនចង់បែកគ្នាជាមួយអ្នក ប៉ុន្តែការអត់ធ្មត់របស់នាង វាបានដល់ដែនកំណត់ហើយ ដូច្នេះ ទោះនាងចង់ ឬមិនចង់ក៏ដោយ ទោះនាងនៅស្រឡាញ់អ្នកខ្លាំងយ៉ាងណាក៏ដោយ ក៏នាងនៅតែត្រូវចាកចេញ ហើយការចាកចេញនេះ មិនមែននាងខឹង ឬស្អប់អ្នកទេ តែនាងខឹង អន់ចិត្តនឹងខ្លួនឯង ដែលមិនអាចឱ្យខ្លួននាងមានតម្លៃគ្រប់គ្រាន់សម្រាប់អ្នក។ មិនថាកន្លងមកនាងបានព្យាយាមដើម្បីអ្នកយ៉ាងណា ក៏នាងនៅតែជាមនុស្សដែលអ្នកមើលមិនឃើញដដែល។

#ស្រោចស្រង់ អ្នកត្រូវចាំថា នៅពេលដែលអ្នកបានធ្វើឱ្យនាងខកចិត្ត ខូចអារម្មណ៍ បាត់បង់មនោសញ្ចេតនាចំពោះអ្នកហើយនោះ ទោះបីអ្នកព្យាយាមកែប្រែ អ្នកដឹងកំហុស អ្នកសុំទោសនាង ហើយសន្យាថា នឹងធ្វើគ្រប់យ៉ាងដើម្បីនាងក៏ដោយ ក៏វាមិនអាចស្រោចស្រង់អារម្មណ៍ និងមនោសញ្ចេតនារបស់នាង ឱ្យមានចំពោះអ្នកដូចកាលពីមុនវិញបានដែរ។ នាងអាចមិនអស់ចិត្តពីអ្នកទេ តែនាងបានខំប្រឹងអស់ពីចិត្តរបស់នាងជាមួយអ្នកហើយ ដូច្នេះ ការដែលនាងចាកចេញទៅ វាក៏មិនមានអ្វីដែលធ្វើឱ្យនាងសោកស្ដាយដែរ។ ចិត្តមនុស្សស្រីនាងពូកែចងចាំណាស់ ជាពិសេសគឺ ចាំនូវទង្វើដែលអ្នកបានធ្វើដាក់នាង ចាំនូវអារម្មណ៍សោះអង្គើយ ព្រងើយកន្តើយដែលអ្នកបានធ្វើដាក់នាងកន្លងមកនេះ ព្រោះវាបានបង្រៀនឱ្យនាងមានអារម្មណ៍ថា នាងអត់មានតម្លៃអ្វីសោះសម្រាប់អ្នក ដូច្នេះ នាងក៏ចាកចេញទៅ មិនអាចស្រោចស្រង់អ្វីបានទៀតឡើយ៕

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

