WHO ព្រមាន៖ ភេសជ្ជៈ ២ ប្រភេទនេះអាចបង្កើនហានិភ័យមហារីក
អង្គការសុខភាពពិភពលោក (WHO) និងទីភ្នាក់ងារស្រាវជ្រាវមហារីកអន្តរជាតិ (IARC) បានចាត់ថ្នាក់ភេសជ្ជៈក្តៅខ្លាំង និងគ្រឿងស្រវឹង ថាជាកត្តាដែលអាចបង្កើនហានិភ័យមហារីក។ មិនមែនមានន័យថាផឹកម្ដងហើយកើតភ្លាមទេ។ ប៉ុន្តែប្រើញឹកញាប់ ហានិភ័យកើន។
១. ទឹក ឬអាហារក្តៅពេក
មនុស្សខ្លះគិតថាផឹកទឹកក្តៅល្អជាងទឹកត្រជាក់ជានិច្ច។ តែបើក្តៅខ្លាំងពេក វាមិនល្អទេ។
ស្រទាប់ក្នុងបំពង់អាហារងាយរងរបួស។ ផឹករបស់ក្តៅខ្លាំងញឹកញាប់ អាចធ្វើឱ្យស្រទាប់នោះរលាក។ យូរៗទៅកោសិកាអាចក្រាស់ដើម្បីការពារ ហើយហានិភ័យមហារីកបំពង់អាហារកើន។
IARC នៃ WHO ចាត់ថ្នាក់ ភេសជ្ជៈក្តៅលើស ៦៥°C ជាសារធាតុបង្កមហារីក ក្រុម 2A។ មានន័យថា «ប្រហែលជាបង្កមហារីកចំពោះមនុស្ស»។
ដូច្នេះទឹកតែ កាហ្វេ ស៊ុប ឬបបរក្តៅខ្លាំងពេក ក៏គួរទុកឱ្យត្រជាក់ល្មមសិន។ អាហារក្តៅខ្លាំងក៏អាចរលាកមាត់ និងក្រពះដែរ។
គន្លឹះងាយៗ៖ កុំផឹកភ្លាមពេលទើបចាក់។ រង់ចាំឱ្យហួតបន្តិច ល្មមមាត់មិនឈឺ។

២. គ្រឿងស្រវឹង
គ្រឿងស្រវឹងមិនមែនជាទឹកធម្មតាទេ តែជាភេសជ្ជៈដែល WHO ព្រមានច្បាស់។
ពេលផឹក សារពាង្គកាយបំប្លែងជាតិអាល់កុលទៅជា អាសេតាល់ដេអ៊ីត (acetaldehyde)។ សារធាតុនេះអាចបំផ្លាញ DNA។ IARC ចាត់វាជាសារធាតុបង្កមហារីក។
ការផឹកច្រើនញឹកញាប់ភ្ជាប់នឹងហានិភ័យ៖
- មហារីកថ្លើម និងក្រិនថ្លើម
- មហារីកមាត់ បំពង់ក បំពង់អាហារ
- មហារីកសុដន់ (ព្រោះអាល់កុលអាចធ្វើឱ្យអរម៉ូនអ៊ឹស្ត្រូសែនកើន)
ថ្លើមមានដែនកំណត់ក្នុងការបញ្ចេញជាតិពុល។ ផឹកច្រើន ថ្លើមធ្វើការខ្លាំង ហានិភ័យកើន។
យោងតាម WHO អាល់កុល ១ ឯកតា ប្រហែល ១០ ក្រាម អាល់កុលសុទ្ធ។ ប្រហែល៖
- ស្រាបៀរ ៣៣០ml (៥%) ប្រហែល ៣/៤ ដប
- ស្រាក្រហម ១០០ml (១៣.៥%)
- ស្រា ៤០% ប្រហែល ៣០ml
អ្នកខ្លះនិយាយថាស្រាមានសារធាតុប្រឆាំងអុកស៊ីតកម្ម។ តែស្រានៅតែមានអេតាណុល ដែលជាកត្តាបង្កមហារីក។ អ្នកជំនាញច្រើនណែនាំថា បើផឹក ស្ត្រីកុំលើស ១ កែវ/ថ្ងៃ បុរសកុំលើស ២ កែវ/ថ្ងៃ។ ល្អបំផុតគឺផឹកតិចបំផុត ឬមិនផឹក។

សេចក្តីសន្និដ្ឋាន
- ទឹកក្តៅល្មមបាន តែកុំក្តៅលើស ៦៥°C
- គ្រឿងស្រវឹងកាន់តែច្រើន ហានិភ័យកាន់តែខ្ពស់
- នេះជាការបង្កើនហានិភ័យ មិនមែនប្រកាសថាអ្នកនឹងកើតមហារីកជាចាំបាច់
ថែសុខភាពចាប់ពីទម្លាប់តូចៗ៖ ទុកតែឱ្យត្រជាក់ កាត់បន្ថយស្រា។
ប្រែសម្រួលដោយ៖ Knongsrok
ប្រភពយោង៖ WHO / IARC