មិនថាជាមួយមនុស្សជិតស្និទ្ធ ឬស្គាល់គ្នាយូរប៉ុនណាក៏ដោយ ក៏មិនអាចថា យើងត្រូវប្រាប់គេគ្រប់រឿងនោះដែរ។ យ៉ាងណាមិញ ចំពោះរឿងទាំង ៣ យ៉ាងនេះ គួរតែរក្សាការសម្ងាត់ឱ្យបានល្អ កុំចេះតែយកទៅនិយាយប្រាប់អ្នកនេះ ឬអ្នកនោះតាមតែចិត្តនឹកឃើញឱ្យសោះ។
១. រឿងក្នុងគ្រួសារ
មនុស្សច្រើនតែនិយាយថា៖ ដើមឈើនីមួយៗ ផ្កានីមួយៗ ផ្ទះនីមួយៗ គឺសុទ្ធតែមិនដូចគ្នា។ គ្រួសារនីមួយៗមានរឿងរៀងខ្លួន មានសុភមង្គល មានទុក្ខ មានបញ្ហា ការលុះបាកតាមបែបផ្សេងៗគ្នា។ មានបញ្ហាជាច្រើនដែលនឹងលេចឡើងនៅក្នុងផ្ទះរបស់អ្នកដូចជាទំនាក់ទំនងរវាងម្តាយក្មេក និងកូនប្រសារ បញ្ហាឪពុកម្តាយ បញ្ហាសេដ្ឋកិច្ច … គឺជាកត្តាដែលជះឥទ្ធិពល និងបណ្តាលឱ្យមានមនុស្សជាច្រើនមានការបែកបាក់ផងក៏មាន។
ពេលយើងមើលជីវិតអ្នកដទៃ យើងគិតថា ហេតុអ្វីបានជាអាពាហ៍ពិពាហ៍របស់គេល្អឥតខ្ចោះ។ ប៉ុន្តែមានការពិតមួយដែលអ្នកមិនដឹងថា មានមនុស្សដែលជីវិតពិត និងក្នុងគ្រួសាររបស់គេ មិនដូចអ្វីដែលគេបានបង្ហាញចេញមកនោះឡើយ។
មនុស្សនៅក្នុងពិភពលោក ពួកគេពិតជាមិនខ្វល់ពីគ្រួសាររបស់អ្នកទេ។ ការចែករំលែកជាមួយអ្នកដទៃច្រើនពេក មិនត្រឹមតែធ្វើឱ្យអ្នកដទៃមើលងាយ សើចចំអកនោះឡើយ តែថែមទាំងបង្កើនបញ្ហាដល់គ្រួសារយើងតែប៉ុណ្ណោះ។

២. រឿងស្នេហា
រឿងស្នេហាអាចផ្លាស់ប្តូរបាន ហើយជួនកាលស្មុគស្មាញជាងរឿងគ្រួសារទៅទៀត។ ពេលមានបញ្ហាក្នុងរឿងស្នេហា និងអាពាហ៍ពិពាហ៍ វិធីល្អបំផុតក្នុងការដោះស្រាយគឺ ព្យាយាមនិយាយជាមួយនឹងដៃគូ មិនមែនយកទៅនិយាយប្រាប់អ្នកផ្សេងទេ។
អ្នកអាចឱ្យមិត្តភ័ក្តិ ឬក្រុមគ្រួសាររបស់អ្នកដឹងថាអ្នកមានបញ្ហាបន្តិចបន្តួចនៅក្នុងជីវិតស្នេហារបស់អ្នក ហើយសុំដំបូន្មានពីពួកគេ ប៉ុន្តែមិនមែនគ្រប់ករណីនោះឡើយ។ សមាជិកគ្រួសារ ឬមិត្តជិតស្និទ្ធ ក៏មិនប្រាកដថាគេដឹងពីស្ថានភាពស្នេហារបស់អ្នកច្បាស់ជាអ្នកនោះឡើយ ជាពិសេសគឺ គេក៏មិនយល់ច្បាស់ពីដៃគូរបស់យើងដែរ។ ប្រសិនបើអ្នកនិយាយច្រើនពេក លាតត្រដាងពីគំនិតអវិជ្ជមានទាំងអស់របស់អ្នក នេះអាចនាំឱ្យមានបញ្ហាខ្លះនៅពេលក្រោយ ហើយមនុស្សដឹងកាន់តែច្រើន បញ្ហាកាន់តែធំ។
ជាងនេះទៅទៀត រឿងអវិជ្ជមានក៏ងាយទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃផងដែរ។ ប្រសិនបើអ្នកជ្រើសរើសអ្នកណាដែលត្រូវចែករំលែកជាមួយនោះ ផលវិបាកនឹងមិនអាចទាយទុកជាមុនបាន។ ពេលខ្លះពួកគេថែមទាំងបង្ហាញព័ត៌មានឯកជន យកទៅនិយាយបន្តក៏មានដែរ។

៣. រឿងរបស់អ្នកដទៃ
រឿងអ្នកដទៃ កុំចេះតែទៅវិភាគ វែកញែករកត្រូវ ឬខុស កុំនិយាយប្រាប់អ្នកណា។ ដោយសារមនុស្សចូលចិត្តពិភាក្សាពីបញ្ហាត្រូវ និងខុសរបស់អ្នកដទៃ ច្រើនតែបង្កើតរឿងនោះទៅជាបញ្ហារបស់ខ្លួនឯងទៅវិញ។ អ្នកនិយាយកាន់តែច្រើន វាកាន់តែងាយស្រួលក្នុងវិនិច្ឆយពីអ្នកដទៃផងដែរ។
ពេលខ្លះរឿងរបស់អ្នកដទៃ វាពិតជាលំបាកណាស់ក្នុងការចង់ដឹងចង់ឃើញ ប៉ុន្តែមិនថាអ្នកជឿជាក់លើមនុស្សដែលអ្នកចង់ចែករំលែកជាមួយវាប៉ុនណានោះទេ វានៅតែមានឱកាសដែលពួកគេនឹងបង្ហាញព័ត៌មានសម្ងាត់មួយចំនួនទៅកាន់អ្នកផ្សេងបន្តផងដែរ។ នេះអាចជះឥទ្ធិពលអវិជ្ជមានដល់អ្នក និងប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកជាមួយមិត្តភក្តិផ្សេងទៀត។
មិនថាអ្នកស្មោះត្រង់ប៉ុនណា ក៏មានរឿងដែលត្រូវរក្សាទុកជាការសម្ងាត់ មិនត្រូវប្រាប់អ្នកក្រៅឡើយ។ មនុស្សគ្រប់រូបមានរបួសក្នុងចិត្ត គ្រាន់តែតិច ឬច្រើន ជ្រៅ ឬរាក់ តូច ឬធំតែប៉ុណ្ណោះ។ ពេលរស់នៅក្នុងពិភពលោកនេះ សុភមង្គល និងទុក្ខ គឺជារឿងដែលមនុស្សគ្រប់គ្នាត្រូវតែជួបប្រទះ បើត្រូវរងទុក្ខ សូមចាត់ទុកវាជាបទពិសោធន៍ជីវិត។ ព្រោះការរៀនរក្សាអាថ៌កំបាំងក៏ជាជំនាញមួយដែរ៕
ប្រភព ៖ Phunutoday / Knongsrok

