✍️ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ខុសគ្នាយ៉ាងម៉េចខ្លះ?
📙📕
លក្ខណៈខុសគ្នារវាងសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ មានដូចខាងក្រោម
១.📕សៀវភៅស្នាក់នៅ៖ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធាននគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្តុំ។ សៀវភៅនេះ ពុំអាចត្រូវបានប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្តល់បានតែមួយគត់ជូនចំពោះបុគ្គលឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ណាមួយជាកំណត់ ទោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ។
-បុគ្គលត្រូវចុះបញ្ជីស្នាក់នៅ និងផ្តល់សៀវភៅស្នាក់នៅ៖ ប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនបរទេសអន្តោប្រវេសន្តដែលកំពុងរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវចុះឈ្មោះក្នុងបញ្ជីស្នាក់នៅ និងទទួលបានសៀវភៅស្នាក់នៅមួយជាកំណត់លំនៅឋានដែលខ្លួនស្នាក់នៅអចិន្ត្រៃយ៍។
-បុគ្គលមិនត្រូវចុះបញ្ជីស្នាក់នៅ និងផ្តល់សៀវភៅស្នាក់នៅ៖ ជនបរទេសមិនមែនអន្តោប្រវេសន្ត ដូចមានចែងក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍, ជនបរទេសចូល និងស្នាក់នៅដោយខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា, កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ និងកងនគរបាលជាតិដែលកំពុងរស់នៅប្រមូលផ្តុំក្នុងបន្ទាយមិនចាត់ទុកជាលំនៅឋាន ប៉ុន្តែបុគ្គលទាំងនោះត្រូវចុះឈ្មោះក្នុងបញ្ជីស្នាក់នៅតាមលំនៅឋានអចិន្រ្តៃយ៍ជាមួយក្រុមគ្រួសាររៀងៗខ្លួន។
២.📙សៀវភៅគ្រួសារ៖ ជាសៀវភៅប្រើប្រាស់សម្រាប់បញ្ជាក់ពីចំណងញាតិភាពដែលមានសញ្ជាតិខ្មែររួមមានសហព័ទ្ធ (ប្តីឬប្រពន្ធ) កូនបង្កើត ឬកូនស្មុំ។ សៀវភៅនេះ ពុំអាចត្រូវបានប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ។
-បុគ្គលត្រូវចុះបញ្ជីគ្រួសារ និងផ្តល់សៀវភៅគ្រួសារ៖ គ្រួសារដែលមានសមាជិកជាសញ្ជាតិខ្មែរ និងកំពុងរស់នៅអចិន្រ្តៃយ៍ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះសមាជិកគ្រួសារដែលមានសញ្ជាតិខ្មែរ ហើយកំពុងរស់នៅក្រៅប្រទេសត្រូវបានចុះឈ្មោះជាមួយឪពុកម្តាយដែលកំពុងស្នាក់នៅអចិន្ត្រៃយ៍ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
-បុគ្គលមិនត្រូវចុះបញ្ជីគ្រួសារ និងផ្តល់សៀវភៅគ្រួសារ៖ ជនប្រទេសគ្មានសិទ្ធិចុះបញ្ជីគ្រួសារ និងប្រើប្រាស់សៀវភៅគ្រួសារនេះឡើយ៕
👉ពេលទៅធ្វើសៀវភៅស្នាក់នៅ-សៀវភៅគ្រួសារ កុំភ្លេចយកឯកសារទាំងនេះដាក់តាមខ្លួន!
• សេចក្ដីចម្លងសំបុត្រកំណើត ឬ សេចក្ដីចម្លងបញ្ជាក់សំបុត្រកំណើត
• អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
• សំបុត្រអាពាហ៍ពិពាហ៍ (បើមាន)
• លិខិតអនុញ្ញាតផ្លាស់ប្ដូរទីលំនៅ ពីនគរបាលប៉ុស្តិ៍រដ្ឋបាល ទីកន្លែងចាស់ដែលសាមីខ្លួនធ្លាប់រស់នៅ (ប្រសិនបើមានការផ្លាស់ប្ដូរទីកន្លែងរស់នៅ) ។
២. សៀវភៅស្នាក់នៅ
សាម៉ីខ្លួនដែលជាអ្នកចង់កែតម្រូវត្រូវទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល និង ត្រូវភ្ជាប់ឯកសារ មួយចំនួនដូចខាងក្រោម ៖
• សៀវភៅស្នាក់នៅ
• សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងបញ្ជាក់សំបុត្រកំណើត
• អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
• សំបុត្រអាពាហ៍ពិពាហ៍
ដកស្រង់ចេញពី៖ សេចក្តីណែនាំស្តីបែបបទ និងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ប្រភព៖

