ហ្វេសប៊ុក (Facebook) គឺជាបណ្តាញសង្គមដ៏ពេញនិយមបំផុតមួយនៅក្នុងសម័យបច្ចុប្បន្ននេះ។ ស្ទើរតែគ្រប់គ្នាសុទ្ធតែមានគណនីហ្វេសប៊ុកនៅក្នុងដៃ ដើម្បីងាយស្រួលទំនាក់ទំនង និងឱ្យអ្នកដទៃស្គាល់ខ្លួនឯងបានលឿន។
យើងទាំងអស់គ្នាច្រើនតែជ្រើសរើសរូបថត ឬរូបភាពដែលស្អាត ឬគួរឱ្យចាប់អារម្មណ៍ មកដាក់ជា រូបប្រូហ្វាល់ (Profile Picture) របស់ខ្លួន។ ប៉ុន្តែ រូបប្រូហ្វាល់នេះមិនមែនជារបស់អចិន្ត្រៃយ៍នោះទេ។ យើងអាចផ្លាស់ប្តូរវាបានគ្រប់ពេលវេលា ចង់ប្តូរក៏ប្តូរ។ មានអ្នកខ្លះប្តូររៀងរាល់ ២-៣ ថ្ងៃម្តង មានអ្នកខ្លះទៀតប្តូររៀងរាល់ពាក់កណ្តាលឆ្នាំ ឬមួយឆ្នាំម្តង។ រីឯមនុស្សមួយចំនួនទៀត គឺមិនដែលប្តូរប្រូហ្វាល់ទាល់តែសោះ រក្សាទុកដដែលពីដើមរហូតមកដល់បច្ចុប្បន្ន។

មនុស្សដែល មិនដែលប្តូរ ឬយូរៗទើបប្តូរប្រូហ្វាល់ម្តង ជាធម្មតាមានលក្ខណៈពិសេសមួយចំនួនដូចខាងក្រោម៖
១. មានផ្នត់គំនិតប្រកាន់ខ្ជាប់ និងស្មោះត្រង់
មនុស្សបែបនេះពេលចូលចិត្តអ្វីមួយហើយ គឺពិបាកផ្លាស់ប្តូរ។ ចំពោះរូបប្រូហ្វាល់ ពួកគេទម្លាប់នឹងវា ហើយមិនចង់ប្តូរឡើយ។ សម្រាប់ពួកគេ រូបនោះមិនមែនគ្រាន់តែជារូបភាពធម្មតាទេ វាអាចជានិមិត្តរូបនៃស្នេហា ការចងចាំ ឬរឿងរ៉ាវសំខាន់មួយក្នុងជីវិត។ ពួកគេចូលចិត្តនឹកឃើញអតីតកាល និងលើកតម្កើងតម្លៃមនោសញ្ចេតនា។ បើរាប់អានជាមិត្តភក្តិ អ្នកអាចទុកចិត្តបានថា ពួកគេនឹងស្មោះត្រង់ និងមិនងាយបោះបង់។

២. ចូលចិត្តភាពងាយស្រួល មិនស្មុគស្មាញ
មនុស្សក្រុមនេះមិនខ្វល់ថា ថ្ងៃនេះប្រូហ្វាល់ជារូបអ្វី ឬថ្ងៃស្អែកត្រូវប្តូរទេ។ សម្រាប់ពួកគេ រូបប្រូហ្វាល់គ្រាន់តែជា “សញ្ញាសម្គាល់” សម្រាប់អ្នកដទៃស្គាល់តែប៉ុណ្ណោះ មិនចាំបាច់ចំណាយពេល ឬថាមពលទៅជ្រើសរើសឱ្យបានល្អឥតខ្ចោះនោះទេ។ គ្រាន់តែរើសរូបមួយសន្លឹកដែលមើលទៅសមរម្យ ហើយប្រើទៅ។ មនុស្សបែបនេះ ការងាររបស់ពួកគេក៏ធ្វើបែបងាយៗ មិនអូសបន្លាយ ហើយក្នុងជីវិតក៏មានភាពធូរស្រាល មិនស្ត្រេសខ្លាំងដែរ។
៣. មិនចូលចិត្តទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ
អ្នកខ្លះប្តូរប្រូហ្វាល់ញឹកញាប់ គឺដើម្បីទាក់ទាញ Like, Comment ឬការយកចិត្តទុកដាក់។ ប៉ុន្តែមនុស្សដែលយូរៗប្តូរម្តង ឬមិនប្តូរទេ គឺមិនចង់បានភាពល្បីល្បាញ ឬការសរសើរពីគេឡើយ។ ពួកគេយល់ថា “មនុស្សពិបាកផ្គាប់ចិត្ត” ដូច្នេះមិនចាំបាច់ផ្លាស់ប្តូរដើម្បីគេនោះទេ។ សម្រាប់ពួកគេ រឿងសំខាន់បំផុតគឺរស់នៅឱ្យបានល្អ រក្សាពាក្យសម្តី និងទង្វើឱ្យស្អាតស្អំ ច្បាស់លាស់។ រូបប្រូហ្វាល់ប្តូរ ឬមិនប្តូរ មិនមែនជារឿងធំដុំនោះទេ។
៤. មានផ្នត់គំនិតសុទិដ្ឋិនិយម និងចិត្តទូលាយ
មនុស្សសុទិដ្ឋិនិយមជាធម្មតាមានចរិតរួសរាយ ទទួលយកគំនិតថ្មីៗ ប៉ុន្តែមិនងាយខ្វល់នឹងការរិះគន់ ឬបន្ទោសពីអ្នកដទៃ។ ពួកគេជ្រើសរើសប្រូហ្វាល់មួយ ហើយប្រើវាទៅមុខទៀត មិនខ្វល់ថាគេនិយាយយ៉ាងម៉េច។ ទោះគេរិះគន់ថា “ចាស់” ឬ “មិនទាន់សម័យ” ក៏ដោយ ពួកគេនៅតែញញឹម និងរក្សាភាពសុទិដ្ឋិនិយម។ ពួកគេមិនចងគំនុំ មិនប្រកាន់ ហើយងាយអធ្យាស្រ័យឱ្យអ្នកដទៃណាស់។
៥. គ្មានអ្វីត្រូវខ្លាច ឬលាក់បាំង
អ្នកខ្លះប្តូរប្រូហ្វាល់ញឹកញាប់ ដើម្បីលាក់ខ្លួន គេចពីរឿងអាក្រក់ បំណុល ឬជម្លោះ។ ពួកគេខ្លាចគេចងចាំមុខ ឬរកឃើញ។ ផ្ទុយទៅវិញ មនុស្សដែលយូរៗប្តូរប្រូហ្វាល់ ឬមិនប្តូរទេ ភាគច្រើនជាមនុស្សអាចទុកចិត្តបាន។ ពួកគេមិនមានជម្លោះផលប្រយោជន៍ មិនជំពាក់បំណុល និយាយសម្តីយកជាការបាន គោរពពាក្យសន្យា មានភាពស្អាតស្អំ ច្បាស់លាស់។ ដូច្នេះ គ្មានអ្វីត្រូវខ្លាច ឬលាក់បាំង ហេតុនេះទើបរក្សារូបប្រូហ្វាល់ដដែលពីដើមមក។
សរុបមក ការប្តូរ ឬមិនប្តូរប្រូហ្វាល់ អាចប្រាប់ពីចរិត និងផ្នត់គំនិតរបស់មនុស្សម្នាក់បានមួយកម្រិត។ តើអ្នកជាប្រភេទណា? ប្តូរញឹកញាប់ ឬរក្សាដដែលយូរមក?
អត្ថបទ៖ Mythical Bird / Knongsrok