ប្រើភ្នែកមើលមនុស្ស អាចស្រវាំង ព្រោះភ្នែកគ្រាន់តែមើលឃើញរបស់មានរូបតែប៉ុណ្ណោះ ។ ចិត្តគេសរ ឬខ្មៅ ប្រើភ្នែកទៅមើល អាចនឹងមើលខុស ពីព្រោះភ្នែកមិនអាចមើលឃើញដល់ចិត្តរបស់គេនោះទេ។
មើលមនុស្សម្នាក់ ត្រូវប្រើពេលវេលាមកមើល រឿងខ្លះអាចបិទបាំងភ្នែកមួយគ្រាបាន តែមិនអាចបិទបាំងបានមួយជីវិតនោះទេ ក្រដាសមិនអាចខ្ចប់ភ្លើងបានយូរឡើយ មុន និងក្រោយគង់តែដឹង។ ពេលវេលានឹងយកភាពក្លែងក្លាយបកស្រោមមុខចេញ និងពាក្យកុហកទាំងឡាយដែលបង្ហាញការពិតនៅថ្ងៃណាមួយ។
មើលមនុស្សម្នាក់ ត្រូវប្រើចិត្តមកមើល ក្នុងចិត្តមានអារម្មណ៍អ្វី មានតែខ្លួនឯងទេទើបដឹង។ បើក្នុងចិត្តគេចេះគិតដល់អ្នក គេមិនអាចនិយាយកុហកអ្នកឡើយ ក៏មិនអាចប្រើល្បិចបោកបញ្ឆោតអ្នកដែរ។

ពេលវេលាអាចជួយអ្នក អាចស្គាល់ពីចិត្តពិត និងក្លែងក្លាយ ចិត្តអាចជួយអ្នក បែងចែកភាពស្និទ្ធស្នាល និងឃ្លាតឆ្ងាយ ។ បើជាមនោសញ្ចេតនាពិត នឹងអាចឆ្លងផុតនូវពេលវេលាដ៏យូរអង្វែង ទ្រាំបាននូវឧបសគ្គគ្រប់យ៉ាងដែលអ្នកបានជួប ទោះបីជាជួបព្យុះភ្លៀវក៏មិនប្រែប្រួលចិត្តដែរ ជួបការលំបាកក៏មិនពោលពាក្យបោះបង់ដែរ។
បើពិត មិនអាចក្លែងបន្លំបានទេ បើក្លែងក្លាយវិញ ប្រាប់ថាពិតក៏មិនជឿដែរ។ តាមពិតទៅមានមនុស្សមួយចំនួន ដោយសារតែយើងយល់ដល់គេ រឿងខ្លះសុខចិត្តបិទភ្នែកម្ខាងបើកភ្នែកម្ខាង តែមិនមែនអត់គេម្នាក់នោះមិនបានឡើយ គ្រាន់តែមិនចងឱ្យគេមានអារម្មណ៍ទើសទាល់ និងខ្មាសអៀនប៉ុណ្ណោះ។
មួយជីវិតនេះ យើងនឹងត្រូវជួបមនុស្សច្រើនខ្លាំងណាស់ អ្វីដែលអាចនៅយូរអង្វែងបានបែរជាមានចំណុចរួមមួយទៅវិញ នោះគឺជាចិត្តពិត និងចិត្តស្មោះ។ ពេលដែលយកចិត្តពិតចេញមក ទើបអាចឱ្យគេទទួលបានដោយចិត្តពិត ពេលដែលយកចិត្តស្មោះទៅប្រាស្រ័យទាក់ទងនឹងគេ ទើបអាចទទួលបានមកវិញនូវការរាប់អានដ៏ស្មោះសរ មានចិត្តពិតមួយនេះហើយ ទើបអាចកៀកស្មាគ្នាដើរឆ្លងឧបសគ្គបាន មានចិត្តស្មោះមួយនេះហើយ ទើបអាចជួបនឹងគ្រោះថ្នាក់ក៏មិនរុញរាក៏មិនកែប្រែចិត្ត។

មើលមនុស្សម្នាក់ ត្រូវប្រើពេលវេលា និងទឹកចិត្ត តែមិនមែនប្រើកែវភ្នែកនោះទេ ប្រើពេលវេលាមើលមនុស្ស អាចមើលឃើញច្បាស់ ប្រើទឹកចិត្តមើលមនុស្ស ទើបអាចមើលធ្លុះពីចិត្តគេ ។
កុំខ្លាចការបាត់បង់អី មួយជីវិតមនុស្ស គង់តែពេលវេលានាំយកទៅទេ កុំខ្លាចការបែកគ្នាអី ពេលខ្លះរាប់អានមនុស្សចិត្តមិនស្មោះ ប្រៀបមិនស្មើដើរផ្លូវផ្សេងគ្នានោះទេ ។
ចិត្តពិតមានតម្លៃណាស់ កុំយកទៅចំណាយលើមនុស្សដែលមិនស្គាល់ពីតម្លៃរបស់វា មនោសញ្ចេតនាបរិសុទ្ធ ដាច់ខាតត្រូវទុកឱ្យមនុស្សដែលចេះថែក្សាវិញល្អជាង៕
ប្រភព ៖ https://www.christinatan703.com/ ប្រែសម្រួល ៖ Mythical Bird

