
ធ្លាប់តែសុំទោសអ្នកដទៃ តែមិនធ្លាប់និយាយពាក្យសុំទោស ចំពោះខ្លួនឯងទាល់តែសោះ!
ខ្ញុំធ្លាប់តែប្រេីពាក្យសុំទោសទៅកាន់អ្នកដទៃ តែខ្ញុំមិនធ្លាប់បានសុំទោសខ្លួនឯងទាល់តែសោះ លេីកនេះខ្ញុំមកសុំទោសខ្លួនឯងម្តង សុំទោសខ្លួនឯង ដែលធ្វេីឱ្យខ្លួនឯងត្រូវយំ សុំទោសខ្លួនឯង ធ្វើឱ្យខ្លួនឯងឈឺចាប់រហូតមក។ មួយជីវិតរបស់មនុស្សម្នាក់ គ្មានអ្នកណាដែលមិនធ្លាប់ធ្វេីខុសនោះទេ កំហុសគ្រប់យ៉ាងសុទ្ធសឹងតែជាបទពិសោធន៍ និងជាមេរៀននៃជីវិត។ មេរៀនខ្លះយេីងគួរតែចងចាំទុក តែមេរៀនមួយចំនួនវិញ អាចជាមេរៀនរំខានចិត្ត រំខានអារម្មណ៍ រំខានក្តីសុខយេីងនាពេលបច្ចុប្បន្ន យេីងក៏បំភ្លេចវាចោលទៅ បណ្តោយឱ្យវារសាត់អណ្តែតទៅតាមពេលវេលាឱ្យអស់ទៅ។ ការដែលយេីងបានសាងនូវកំហុស មិនមែនជារឿងគួរឱ្យខ្មាសអៀននោះឡើយ តែប្រសិនបេីយេីងធ្វេីខុសហេីយនៅតែចចេស ប្រកែកយកឈ្នះថាខ្លួនឯងត្រូវ មិនទទួលខុសត្រូវនូវអ្វីដែលយេីងបានធ្វេីឆ្គាំឆ្គង នោះវាជារឿងគួរឱ្យអាម៉ាសជាទីបំផុតហេីយ។ ការដែលយេីងមិនព្រមទទួលស្គាល់នូវកំហុសខ្លួនឯង ហេីយព្យាយាមលាក់បាំងកំហុសខ្លួនឯង វាមិនបានធ្វេីឱ្យយេីងមេីលទៅថ្លៃថ្នូរសូម្បីតែបន្តិច តែយេីងបែរជាកំពុងតែធ្វេីឱ្យតម្លៃរបស់យេីងធ្លាកទាបទៅវិញទេ។ ដូច្នេះហេីយការដែលយេីងធ្វេីខុសហេីយចេះកែប្រែ មិនសាងនូវកំហុសដដែលៗ ហេីយចេះសុំទោសនៅពេលដែលយេីងធ្វេីខុស វាជារឿងដ៏ល្អប្រសេីរបំផុតហេីយ។…











