វេជ្ជបណ្ឌិត គួច ម៉េងលី៖ សុភមង្គល ពុំមែនអាស្រ័យលើបញ្ហាផ្លូវចិត្តតែម្យ៉ាងនោះទេ

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

#បើមានត្រឹមតម្រូវការមូលដ្ឋាន_សុភមង្គលយើងបរិបូរណ៍ឬនៅ?

សុភមង្គល ពុំមែនអាស្រ័យលើបញ្ហាផ្លូវចិត្តតែម្យ៉ាងនោះទេ។ ស្ថានភាពសេដ្ឋកិច្ចគ្រួសារ ស្បៀងអាហារ សម្លៀកបំពាក់ សុខភាព និងជម្រកដើរតួយ៉ាងសំខាន់ខ្លាំងណាស់ដែរ។

ការផ្សាយពាណិជ្ជកម្ម

ម៉្លោះហើយ ដើម្បីទទួលបានសុភមង្គល គេចាំបាច់ត្រូវតែច្បាស់លាស់ ថាអាចដោះស្រាយលើតម្រូវការមូលដ្ឋានជាមុនសិន។ ដូចដែលយើងបានដឹងមកហើយថា មនុស្សមិនអាចរស់បានឡើយបើពុំមានអាហារហូបចុក។ ដើម្បីអាហារ មនុស្សបាត់បង់ការគ្រប់គ្រងខ្លួនឯងក៏មាន។

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូច្នេះ រឿងអាហារ គឺជារឿងសំខាន់មិនអាចខ្វះបាន។ បើផ្ទះមួយអត់មានអាហារញ៉ាំគ្រប់គ្រាន់ កូនចៅតែងតែឈឺច្រើន ហើយបាត់បង់អនាគត ឬគ្រួសារបាក់បែកខ្ចាត់ខ្ជាយ។ ម្នាក់ៗមុខតែដើរទៅរកចំណីអាហាររៀងៗខ្លួនអស់មិនខាន។ កូនក្មេងដែលគ្មានអាហារហូបខ្លះ គាត់អាចនឹងដើរសុំទាន លួចឆក់គេដើម្បីហូប ឬធ្វើវិធីគ្រប់បែបយ៉ាងដើម្បីក្រពះ។

ការផ្សាយពាណិជ្ជកម្ម

ដោយសារតែក្រពះនេះហើយ ធ្វើឱ្យមនុស្សហ៊ានធ្វើអ្វីគ្រប់យ៉ាង មិនថាសុំគេ ឬលួចគេនោះឡើយ។ ហើយទង្វើផ្សេងៗដើម្បីអាហារនេះ អាចកើតមានឡើងគ្រប់រូបភាពទាំងអស់។ គេនឹងលែងនិយាយល្អដាក់គ្នា លែងលេងជាមួយគ្នា លែងសើចក្អាកក្អាយ ឬចែករំលែកអាហារគ្នាដោយរីករាយតទៅទៀតហើយ។ ចំពោះរឿងអត់អាហារនេះ ខ្ញុំក៏នៅដិតដាមនឹងមុខនៅឡើយទេ។

គេតែងហៅខ្ញុំបែបចំអកឡកឡឺយថា «អាក្មេងឪឡឹកៗ» ដ្បិតភាពអត់ឃ្លានក្រោយដាច់ប៉ុលពតបានរុញច្រាន ក្មេងជាច្រើនដូចខ្ញុំដែរ ដែលមានអាយុប្រមាណ១០ឆ្នាំប៉ុណ្ណោះ ឱ្យរត់រកអាហារតាមវិធីផ្សេងៗដើម្បីរួចផុតពីឃ្លានស្លាប់។

ការផ្សាយពាណិជ្ជកម្ម

ដើម្បីបាយ ខ្ញុំហ៊ានចេញដើរធ្វើការតាមផ្ទះគេ បំណងប្តូររយកបាយហូប។ បងប្អូនខ្ញុំក៏ដូចគ្នា។ ពួកយើងលេងបាននិយាយលេង ឬប្រឡែងគ្នាដូចមុនសម័យប៉ុលពតទៀតហើយ។ មួយថ្ងៃៗយើងចែកផ្លូវគ្នា ដើររករបស់ហូបរៀងៗខ្លួន និងតាមសិល្បវិធីផ្ទាល់ខ្លួន។

ខ្ញុំតែងរត់ទៅផ្ទះណាដែលមានបោះឪឡឹកលក់ ដើម្បីជួយចាប់ឪឡឹក ពេលគេបោះចុះពីឡាន។ ក្រោយបោះចប់ គេតែងឱ្យខ្ញុំមួយផ្លែ។ ពេលខ្លះគេឱ្យឪឡឹកស្ទើរចាស់ ស្ទើរទុំ តែបែបនោះ។ គ្រាន់តែបានភ្លាម ខ្ញុំហែកហូបភ្លែត។

ការផ្សាយពាណិជ្ជកម្ម

ហូបឡើងញញីញញ័រដោយអាការៈឃ្លាន។ បែបនោះហើយ ទើបខ្ញុំជាប់ឈ្មោះថា «ក្មេងឪឡឹកៗ»។ ម៉្លោះហើយ ឱ្យតែមានឡានឪឡឹកបត់មក គឺដឹងតែមានមុខខ្ញុំនៅទីនោះ។ ជួនកាលខ្ញុំដើរពិតនិត្យមើលតាមគំនរសំរាមក្រោយផ្ទះ ឬតាមទ្រុងមាន់ ក្រែងលោបានពងមាន់ញ៉ាំ។ ជួនកាល ខ្ញុំលួចយកពងមាន់ក្នុងទ្រុងគេ ក៏មានដែរ។ អ៊ីចឹង ពេលណាយើងក្រខ្វះខាត កូនចៅយើងអាចនឹងធ្វើទង្វើបែបហ្នឹងដើម្បីរស់។

ពេលខ្លះ ក៏ពិបាកបន្ទោសក្មេងណាស់ដែរ។ ពេលណាគាត់ក្រ អត់អ្វីញ៉ាំ ហេវស្លេកស្លាំង គាត់មុខតែលួចរបស់ញ៉ាំហើយ។ អ្នកខ្លះក្រោយចាប់គាត់បាន ក៏វាយដំច្រំធាក់។ តែខ្ញុំមើលឃើញថា ព្រោះតែឃ្លាន និងអត់មានអ្វីញ៉ាំនោះហើយ ទើបធ្វើឱ្យក្មេងហ៊ានលួចដើម្បីរស់។

ការផ្សាយពាណិជ្ជកម្ម

ខ្លះក៏បន្ទោសថា ចុះម៉េចក្មេងៗទាំងហ្នឹង មិនធ្វើការដើម្បីប្តូររបស់ហូប? ក្មេងខ្លះគ្នាពុំទាន់ដឹងអ្វីទេ។ ក្មេងខ្លះផ្ទះក៏គ្មាន ឪពុកម្តាយក៏ដាច់ដោចគ្នា គ្រួសារគ្មានភាពកក់ក្តៅ ហើយម្ចាស់អាជីវកម្ម ក៏គេមិនហ៊ានយកក្មេងមកធ្វើការទៀត។ តើជីវិតនឹងមានសុភមង្គលបែបណា?

ចំណែកជម្រក វាមានសារៈសំខាន់ដូចគ្នាដែរ ព្រោះថាបើពុំមានផ្ទះ ឬមានផ្ទះដែរ តែពុំសមជាផ្ទះ។ ភ្លៀងមកទទឹក ខ្យល់មករងារ ព្យុះតូចល្មមដួលរលំ គឺវេទនាណាស់។ ខ្ញុំនៅនឹកឃើញទិដ្ឋភាពបងប្អូនខ្ញុំឈរញ័រទទ្រើកក្នុងជំនន់ទឹកភ្លៀងនៅឡើយទេ។ ពួកយើងរងា ភ័យខ្លាច ហើយនិងស្រេកឃ្លាន។

ការផ្សាយពាណិជ្ជកម្ម

ពេលខ្លះ យើងត្រូវដេកគរលើគ្នា ព្រោះតែផ្ទះតូច តែមនុស្សច្រើនពេក។ បើនៅក្នុងជំរំវិញ យើងពុំមានផ្ទះត្រឹមត្រូវឡើយ។ ពួកយើងដេកនៅលើស្មៅ ហាលវាល ហាលខ្យល់ ហាលសន្សើម។ ពេលឈឺម្តងៗប៊ិះៗនឹងស្លាប់ ព្រោះតែខ្វះការព្យាបាលត្រឹមត្រូវ និងពុំមានកន្លែងសម្រាកសមរម្យ។ ម៉្លោះហើយ អត់ជម្រកនេះ ពុំមែនជារឿងស្រួលទេ។

សម្លៀកបំពាក់ក៏ដូចគ្នា ត្រង់ថា យើងពុំអាចស្លៀកតែមួយចង្កេះជាប់ខ្លួនបានឡើយ។ យើងមិនចង់រម្លឹកដល់ម័យយង់ឃ្នងទៀតទេ។ ក៏ប៉ុន្តែខ្ញុំលើកឧទាហរណ៍ត្រង់នេះចុះថា នៅសម័យនោះ យើងមានតែមួយចង្កេះហ្នឹង នឹកចង់បោកក៏បោក មិនចង់បោក ក៏បបន្តស្លៀកទៀតបាន។

ការផ្សាយពាណិជ្ជកម្ម

ហើយបើធៀបមកជំនាន់នេះ គឺហាក់ដូចសម្លៀកបំពាក់អ្នកសុំទានអ៊ីចឹង។ សម័យនេះ យើងពុំអាចបណ្តោយឱ្យខ្លួនឯងធ្លាក់ដល់ថ្នាក់នោះទេ។ ម៉្លោះហើយ ចង់មិនចង់ សម្លៀកបំពាក់មានភាពចាំបាច់ខ្លាំងណាស់ដែរ ដែលយើងពុំអាចបដិសេធបាន។ ពួកយើងមិនអាចស្លៀកមួយចង្កេះជាប់ខ្លួន ដើរជួបមនុស្សម្នាស្កាត់ពីភូមិដល់មួយ ស្រុកមួយដល់មួយ ខេត្តមួយដល់មួយ ឬប្រទេសមួយទៅប្រទេសមួយទៀតបានឡើយ។

ថ្នាំសង្កូវ រឹតតែសំខាន់ណាស់ទៅទៀត។ សុខភាព មានតម្លៃពុំអាចកាត់ថ្លៃបាន។ ប្រសិនបើកូនចៅយើងខ្វះអាហារ ខ្វះសម្លៀកបំពាក់ ខ្វះជម្រក នោះគេមិនអាចគេចផុតពីជំងឺឡើយ។ បើឈឺ តែគ្មានការព្យាបាល ភាគរយរស់នឹងនៅមានប៉ុន្មាន?

ការផ្សាយពាណិជ្ជកម្ម

បើសិនអាចព្យាបាលបានបន្តិចបន្តួច មិនជាដាច់ តើប្រាជ្ញា និងបញ្ញាញាណគេ នឹងប្រែប្រួលទៅជាយ៉ាងណា? តើគេអាចលូតលាស់ល្អប្រសើរដូចក្មេងៗដទៃទេ? ចង់មិនចង់ គេប្រាកដជានឹងបាត់បង់នូវសុភមង្គលក្នុងចិត្ត។

ឯអនាគតគេ ក៏ពុំអាចធានាបានថាល្អប្រសើរដូចក្មេងឯទៀតនោះដែរ។ ត្រង់នេះហើយ ប្រសិនបើយើងមិនអាចធានាបានថា ពេលកូនចៅឈឺ អាចមានថ្នាំសង្កូវដើម្បីត្រៀមជាជំនួយសង្គ្រោះបឋមផង នោះជីវិតនឹងបាត់បង់សុវត្ថិតភាពមួយផ្នែកហើយ។ ខ្ញុំហ៊ានធានាថា ជិវិតនឹងពុំមានសុភមង្គលនោះទេ ប្រសិនបើយើងពុំអាចរ៉ាប់រងបាន សូម្បីតែតម្រូវការមូលដ្ឋាន។ ដូច្នោះ ក្នុងចំណោមតម្រូវការទាំងនេះ យើងពុំអាចអត់មួយណាឡើយ ដ្បិតមនុស្សយើងត្រូវការវាជាចាំបាច់ និងជារៀងរាល់ថ្ងៃ។

តែសូមសួរថា ក្នុងជីវិតមនុស្សយើង បើអាចដោះស្រាយបានប៉ុណ្ណឹង តើគ្រប់គ្រាន់ឬនូវ? តាមលំអានធម្មជាតិ ប៉ុណ្ណឹងគួរតែគ្រប់គ្រាន់ហើយ ក៏ប៉ុន្តែសង្គមប្រែប្រួល។ ហើយរាល់បម្រែបម្រួលក្នុងសង្គម គឺបណ្តាលមកពីការប្រែប្រួលក្នុងផ្នត់គំនិតមនុស្ស។

ខ្មែរយើងតែងនិយាយពាក្យមួយឃ្លាថា “មនុស្សក្បាលខ្មៅ”។ អ៊ីចឹងមនុស្សយើង គឺអត់ចេះគ្រប់គ្រាន់ទេ។ បានប៉ុណ្ណេះហើយ គេចង់បានប៉ុននោះទៀត។ មែនទែនទៅ មនុស្សមិនចេះស្កប់ទេ។

តែនៅក្នុងកាលៈទេសៈខ្លះ មិនចេះស្កប់ ក៏ពុំមែនសុទ្ធតែអាក្រក់នោះដែរ។ ដោយសារមិនចេះស្កប់នោះហើយ ទើបធ្វើឱ្យមនុស្សចង់សល់លើសពីហ្នឹង ចង់ទុកដាក់ឱ្យបានច្រើនជាងហ្នឹង ចង់រហូតដល់អាចបង្កើតនេះ បង្កើតនោះបាន។ ហើយដោយសារបែបនេះហើយ ទើបអ្នកខ្លះមាន។ តែចំពោះអ្នកដែលយល់ថាខ្លួនត្រូវការតែប៉ុណ្ណឹងគ្រប់គ្រាន់ លុះដល់ពេលបញ្ហាណាមួយកើតឡើងជាយថាហេតុ គាត់ក៏ធ្លាក់ខ្លួនក្រ។ សម័យនេះ បើយើងអាចបំពេញបានត្រឹមតម្រូវការមូលដ្ឋាន វាសាមញ្ញពេកហើយ។

មនុស្សយើងត្រូវតែមានបហិច្ចតាលើសពីហ្នឹង គេត្រូវតែប្រុងជើងការទុក ព្រោះថាពេលចាស់ទៅ យើងមិនអាចធ្វើអ្វីបានច្រើនដូចនៅក្មេងពេញកម្លាំងឡើយ។ ម៉្លោះហើយ ការមិនចេះស្កប់ ខំសន្សំទុក គឺពុំមែនអាក្រក់នោះទេ។

តែទោះជាយ៉ាងណាក៏ដោយ គេក៏ត្រូវតែកំណត់ដែនតម្រូវការដែរ។ ព្រោះបើពុំកំណត់ដែនតម្រូវការទេនោះ គេពុំអាចទទួលបានសុខសុភមង្គលឡើយ ដ្បិតតម្រូវការកាន់តែខ្ពស់ គេក៏ត្រូវតែខិតខំទ្វេរឡើង រហូតបាត់បង់ពេលវេលាសម្រាកជួបជុំគ្រួសារ។

ម្យ៉ាងវិញទៀត “សុភមង្គល” ដែលមានតែ ៤ព្យាង្គនេះ វាទាមទារឱ្យមនុស្សយើង រៀនសង្រួមឥរិយាមារយាទ ខិតខំក្រសោបយកចំណេះដឹងមកដាក់ក្នុងខ្លួន និងអនុវត្តកិច្ចការឱ្យច្បាស់លាស់។ អ្វីៗដែលរឹតតែត្រូវគិត គឺគេគប្បីកសាងមិត្តភាព សន្តិភាព បំបាត់ហិង្សា និងជៀសអបាយមុខ នោះទើបគេអាចបង្កើតសុភមង្គលឱ្យខ្លួន និងអ្នកនៅជុំវិញខ្លួនបាន។

ក៏ប៉ុន្តែ គេពុំគួរមើលរំលងសោះឡើយនូវ តម្រូវការផ្នែកកិត្តិយសក្នុងសង្គម តម្រូវការជាពលរដ្ឋល្អម្នាក់នឹងគេ និងតម្រូវការលើមុខរបរចិញ្ចឹមជីវិតដោយសុច្ចរិត ដែលសុទ្ធសឹងតែជារឿងសំខាន់មិនអាចខ្វះបាន។ អ្វីៗទាំងអស់នេះហើយដែលនឹងធានាបានថា គ្រួសារគេ អាចនឹងមានសុភមង្គលប្រាកដជាក់។

………………….

ដកស្រង់ពីសៀវភៅ #បណ្តុំទស្សនៈ_The_Philosophy_Collection

បោះពុម្ពផ្សាយខែមិថុនា គ.ស.២០២០

និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

#MJQUP #TheCollectionOfPhilosophy #LifeAndHappiness

To grab this collection, please visit every bookstore listed in our below website;
https://www.mjquniversitypress.com/…/the-philosophy…/ See Less

ការផ្សាយពាណិជ្ជកម្ម