ក្នុងរឿងស្នេហា មិនប្រកាន់វ័យណានោះទេ រឹតតែលែងសំខាន់សូម្បីតែរឿងភេទទៅទៀត ព្រោះក្នុងសង្គមបច្ចប្បន្ន គេលែងខ្វល់រឿងការប្រកាន់អស់ទាំងនេះហើយ ព្រោះរឿងស្នេហា គ្មាននរណាម្នាក់អាចកំណត់ ឬបិទសិទ្ធិសេរីភាពក្នុងការស្រឡាញ់បានទេ ក្ដីស្រឡាញ់ សុទ្ធតែជារឿងដែលមិនអាចហាមប្រាមបានឡើយ ដូច្នេះហើយ ឱ្យតែមនុស្សពីរនាក់ស្រឡាញ់គ្នា ជឿជាក់ ទុកចិត្ត អាចផ្ដល់អារម្មណ៍កក់ក្ដៅ និងសុវត្ថិភាព ភាពពេញលេញក្នុងជីវិតគូ គឺអ្នកទាំងចាប់ផ្ដើមបានហើយ។

ដ្បិតថានៅក្នុងផ្នត់គំនិតរបស់មនុស្សភាគច្រើន ការរៀបការនៅវ័យក្មេងពេក ឬអាយុតិចពេក (ក្រោម២០ឆ្នាំ) វាជារឿងដែលមិនគប្បី ព្រោះវ័យនេះជាវ័យដែលត្រូវសិក្សារៀនសូត្រវែងឆ្ងាយទៀតណាស់។
លើសពីនេះ ក្នុងវ័យប៉ុណ្ណេះ មនុស្សយើងប្រាកដជាមិនទាន់ចេះគិតល្អិតល្អន់ ឬបានវែងឆ្ងាយនោះឡើយ ដូច្នេះហើយ ការដែលរៀបការនៅក្នុងវ័យក្មេងពេក វាប្រឈមនឹងហានិភ័យនៅក្នុងរឿងជីវិតគូជាខ្លាំង ព្រោះអារម្មណ៍នៃភាពជាក្មេងខ្ចី រមែងចង់ចាញ់ឈ្នះរៀងខ្លួន មិនដឹងច្បាស់ពីរឿងជីវិតគូ ដូច្នេះងាយនឹងលែងលះគ្នាខ្លាំងណាស់។
តែយ៉ាងណាមិញ ចំណុចនេះ អាចជាបញ្ហាមួយផ្នែកក្នុងការរៀបការ សាងគ្រួសារ។ តែយ៉ាងណាមិញ បញ្ហាដែលត្រូវប្រឈមជាងអាយុ ឬវ័យនេះ គឺមួយចំនួនខាងក្រោមនេះ។
១. បញ្ហាសេដ្ឋកិច្ច
កុំគិតថា ឱ្យតែស្រឡាញ់គ្នា គឺអាចរៀបការជាមួយគ្នា រស់នៅយ៉ាងសប្បាយចិត្ត ព្រោះតែបានក្លាយជាប្ដីប្រពន្ធជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់ឱ្យសោះ គិតខុសហើយ។
ដ្បិតថាការស្រឡាញ់ មិនសម្ដៅលើរឿងលុយកាក់ តែត្រូវដឹងថា ជីវិតគ្រួសារ ជីវិតប្ដីប្រពន្ធ គឺផ្ដោតធ្ងន់លើរឿងសេដ្ឋកិច្ច លុយកាក់នេះហើយ។
មនុស្សពីរនាក់ក្លាយជាប្ដីប្រពន្ធ តែបើក្នុងគ្រួសារគ្មានលុយសម្រាប់ចាយវាយ ផ្គត់ផ្គងឱ្យបានគ្រប់គ្រាន់ទេ ច្បាស់ណាស់ថា ជីវិតគូរបស់អ្នក គេចមិនផុតពីរឿងឈ្លោះទាស់គ្នានោះឡើយ។ ព្រោះថាជីវិតប្រចាំថ្ងៃគឺត្រូវការលុយសម្រាប់ចាយវាយជាចាំបាច់។
លើសពីនេះ អ្នកទាំងពីរមិនមែនត្រូវរស់នៅជាមួយគ្នាតែមួយថ្ងៃពីរថ្ងៃ ឬមួយខែពីរខែនោះទេ ជីវិតប្ដីប្រពន្ធ គឺមួយជីវិត។ ម្យ៉ាងវិញទៀត ពីមួយថ្ងៃទៅមួយថ្ងៃជីវិតប្ដីប្រពន្ធរបស់អ្នក ត្រូវការលុយកាក់កាន់តែច្រើនឡើងៗ ជាពិសេសគឺនៅពេលដែលអ្នកមានកូន ការចាយវាយរឹតតែកើនឡើងទ្វេដង នេះហើយជាបញ្ហា។
ដូច្នេះហើយ មិនថាអ្នករៀបការក្នុងវ័យណានោះឡើយ សំខាន់បំផុត អ្នកត្រូវតែមានការងារ ឬមុខរបរនឹងន ច្បាស់លាស់ ដែលអាចរកចំណូលបានគ្រប់គ្រាន់សម្រាប់មនុស្សមួយគ្រួសារ។ ទៀតសោត គឺអ្នកត្រូវតែមានលុយកាក់ ទ្រព្យសម្រាប់បម្រុងទុកឱ្យកូនៗពេលពួកគេធំដឹងក្ដី ត្រូវទៅរៀនសូត្រ ទិញរបស់របរផ្សេងៗទៀតជាដើម។
២. បញ្ហាផ្លូវចិត្ត
ច្បាស់ណាស់ ផ្លូវចិត្តរបស់មនុស្សដែលមានគូ មានគ្រួសារហើយ ត្រូវតែរឹងប៉ឹង នឹងន រក្សាគោលជំហឱ្យច្បាស់លាស់ ជាពិសេសគឺចិត្ត និងអារម្មណ៍ចំពោះដៃគូរបស់អ្នក ដាច់ខាតមិនអាចឆាំងឆាល មួម៉ៅក្ដៅក្រហាយដាក់គ្នាបានជាដាច់ខាត ចិត្តត្រូវតែធ្ងន់ ចេះអត់ធ្មត់សង្កត់ចិត្ត មិនថាមានរឿងអ្វីកើតឡើងទេ ត្រូវតែរក្សាចិត្តឱ្យត្រជាក់ ទូលាយចំពោះគ្នា។
ត្រូវដឹងថា ជីវិតប្ដីប្រពន្ធ មនុស្សពីរនាក់រស់នៅក្នុងផ្ទះតែមួយគ្នា មិនអាចចៀសផុតពីបញ្ហាដែលកើតឡើងបាននោះឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃ មិនថាស្ថានភាពនៅក្នុងផ្ទះ ឬក្រៅផ្ទះទេ ថ្ងៃខ្លះ អ្នកប្រាកដជាមានបញ្ហា អារម្មណ៍មិនល្អ ពីកន្លែងធ្វើការ ឬកន្លែងរកស៊ី អ្នកប្រាកដជាមួម៉ៅមិនខានឡើយ។
ប៉ុន្តែមិនថាថ្ងៃណាក៏ដោយ ទោះអ្នកមានអារម្មណ៍មិនល្អបែបណាក៏ដោយ ដាច់ខាតកុំមកមួម៉ៅ រករឿងឈ្លោះជាមួយមនុស្សក្នុងផ្ទះ ជាពិសេសជាមួយនឹងដៃគូរបស់អ្នក។
ត្រូវចាំថា ប្ដី ឬប្រពន្ធរបស់អ្នក ជាដៃគូពិភាក្សាដ៏ល្អ ជាដៃគូសហការណ៍ការងារជាមួយគ្នាយ៉ាងសកម្ម ដូច្នេះពេលមានបញ្ហា ត្រូវចេះនិយាយប្រាប់គ្នាដោយត្រជាក់ កុំលាក់បាំង កុំស្រែកគំហក រករឿងគ្នា កុំព្រោះតែរឿងខាងក្រៅ បែរជានាំភ្លើងក្ដៅចូលមកក្នុងផ្ទះ កុំឱ្យមនុស្សក្នុងគ្រួសារ ត្រូវឈ្លោះទាស់គ្នា ព្រោះតែបញ្ហាអារម្មណ៍មួម៉ៅពីខាងក្រៅឱ្យសោះ។
៣. បញ្ហាគំនិត
មនុស្សមួយនាក់ គំនិតមួយ មនុស្សពីរនាក់គំនិតបី នេះជារឿងដែលល្អបំផុត ដូច្នេះរៀបការក្លាយជាប្ដីប្រពន្ធនឹងគ្នាហើយ គឺមានន័យថា គ្រួសាររបស់អ្នកមានគំនិតដល់ទៅបី ដើម្បីជួយគិតគូររៀបចំជាមួយគ្នា រីឯកម្លាំងកាយរបស់អ្នកក៏រឹតតែខ្លាំងឡើងជាងពេលដែលអ្នកនៅម្នាក់ឯងផងដែរ។
តែសូមដឹងផងថា អ្នកទាំងពីរអាចមានគំនិតបី លុះត្រាតែអ្នកទាំងពីរចេះរួមគ្នាគិត ពិភាក្សាជាមួយគ្នាឱ្យបានច្បាស់លាស់ មិនមែនខ្វែងគំនិតនឹងគ្នានោះទេ ការខ្វែងគំនិត នឹងបង្កឱ្យជីវិតគូរបស់អ្នករឹតតែមានបញ្ហាច្រើនទៅវិញទេ។
ជីវិតគូ គឺជាផ្លូវដើរដ៏វែងឆ្ងាយ ដូច្នេះហើយអ្នកទាំងពីរត្រូវរួមគំនិតគ្នាដើម្បីត្រួសត្រាយវិថីមួយនេះឱ្យដើរទៅមុខយ៉ាងរលូន។ អ្នកទាំងពីរត្រូវមានគោលដៅ មានមហិច្ឆតារួមគ្នា ទើបអាចបង្កើតបានជាគ្រួសារមួយដ៏ពេញលេញ អាចមានអ្វីៗគ្រប់យ៉ាងតាមដែលអ្នកប្រាថ្នាចង់បានផងដែរ៕
អត្ថបទ ៖ PH Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

