ខេត្តកណ្តាល: លោក នូវ សាវឿន អាយុ៥៤ឆ្នាំ ជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានប្រជាពលរដ្ធប្រទះឃើញដេកស្លាប់នៅក្នុងឡានរបស់ខ្លួនម៉ាកកាមរីហើមស៊េរីឆ្នាំ១៩៩៥ព៏ណ ស ពាក់ស្លាកលេខ”កណ្តាល”2A-2895 ក្រោមចិញ្ចើមថ្នល់ជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ទល់មុខរោងចក្រសួនឧស្សាហកម្មសំរោងធំ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល៤ទៀបភ្លឺថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។
បើតាមក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ប្រាប់អ្នកសារព៌តមានអោយដឹងទាំងទឹកភ្នែកថា លោក នូវ សាវឿន មេបញ្ជាការរងអាវុធហត្ថស្រុកលើកដែក មានទីលំនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានប្រពន្ធកូន៣នាក់ កូនស្រី២នាក់ និងកូនប្រុសម្នាក់នៅក្នុងបន្ទុក។ ក្រុមគ្រួសារបញ្ជាក់បន្ថែមថា លោក នូវ សាវឿន គាត់មានជំងឺប្រចាំកាយ(បេះដូងចេះតែហត់ និងជំងឺលើសឈាម) ដាក់ថ្នាំតាមខ្លួនលេបរាល់ថ្ងៃ។
បើតាមប្រភពពីមន្ត្រីអាវុធហត្ថបំរើការងារអង្គភាពជាមួយគ្នា បានប្រាប់អោយដឹងថា លោក នូវ សាវឿន មេបញ្ជាការរងអាវុធហត្ថស្រុកលើកដែក គឺជាមន្ត្រីល្អចេះទទួលខុសត្រូវការងារចំពោះមុខ និងមានស្នាដៃបានសហការចូលរួមជាមួយគណៈបញ្ជាការឯកភាពស្រុក និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានចុះជួយប្រជាជនពេលជួបគ្រោះធម្មជាតិផ្សេងៗ ពិសេសបំរើរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ធបានល្អប្រសើរផងដែរ។បើទោះជាលោក នូវ សាវឿន មានជំងឺប្រចាំកាយ ក៍លោកមិនដែលបោះបង់ការងារចោលទេ គឺមានវត្តមាននៅប្រចាំការកន្លែងរហូត។
ប៉ុន្តែថ្មីៗនេះលោក នូវ សាវឿន ត្រូវបានថ្នាក់លើបញ្ជូនអោយទៅយាមនៅមណ្ឌលធ្វើចត្តាឡីស័កស្រុកកោះធំ ខេត្តកណ្តាល។ប្រភពបន្តថា លោក នូវ សាវឿន ប្រហែលជាជំងឺធ្វើទុកក៍សូមច្បាប់គេមកយកថ្នាំនៅបន្ទាយរបស់ខ្លួននៅស្រុកលើកដែកទុកយកទៅលេប។លុះយប់ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ មិនដឹងជាលោក នូវ សាវឿន ងើបពីបន្ទាប់បើកឡានចេញមកតាំងពីម៉ោងប៉ុន្មាននោះទេ បំណងទៅកន្លែងប្រចាំការនៅមណ្ឌលធ្វើចត្តាឡីស័កស្រុកកោះធំវិញ។ស្រាប់តែព្រឹកឡើងថ្ងៃដដែលមានសមត្ថកិច្ចខាងស្រុកកៀនស្វាយរាយការប្រាប់ថា លោក នូវ សាវឿន ដេកស្លាប់ក្នុងឡាននៅក្រោមចិញ្ចើមថ្នល់ត្រង់ចំណុចខាងលើ។គួរបញ្ជាក់ថាករណីនេះ គ្មានប្រភពណាមួយដឹងពីមូលហេតុ និងកើតឡើងម៉ោងប៉ុន្មាននោះទេ ទាល់តែប្រជាពលរដ្ធអ្នកដឹកបន្លែ និងសាច់ជ្រូកយកទៅលក់នៅផ្សារឃើញឡានជនរងគ្រោះនៅបញ្ឆេះចោលក្រោមចិញ្ចើមថ្នល់ និងឃើញភ្លើងអំពូលឡាននៅភ្លឺទាំងអស់ ដោយមានការសង្ស័យក៍រាយការណ៍ទៅប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ធបាលសំរោងធំអោយចុះមកពិនិត្យមើលភ្លាមៗទើបដឹងថាមានមនុស្សដេកស្លាប់នៅក្នុងឡាន។
សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះមិនមានស្លាកស្នាមអ្វីពាក់ព័ន្ធរឿងឃាតកម្មឫគ្រោះថ្នាក់ចរាចរណ៍បង្កដោយអ្នកដ៍ទៃទេ ប្រហែលជាជំងឺជនរងគ្រោះធ្វើទុករើឡើងនៅពេលគាត់កំពុងបើកឡានបណ្តាលអោយគាំងបេះដូងស្លាប់តែម្តង ព្រោះឡានក៍មិនមានស្លាកស្នាមគឺបើកចុះទៅតាមដំណើរក្នុងល្បឿនយីតៗ។
ទោះយ៉ាងណាបន្ទាប់ពីទទួលបានព៌តមានគ្រោះអកុសលនេះភ្លាមកម្លាំងសមត្ថកិច្ចស្រុកលើកដែក រួមមាន បេអឹម ប៉ូលិស គ្រូពេទ្យ ដឹកនាំដោយលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក សហការជាមួយអាជ្ញាធរ កងកម្លាំងចម្រុះស្រុកកៀនស្វាយ និងប៉េអឹមខេត្តកណ្តាល យកសពចេញពីរថយន្តទាំងមានការប្រុងប្រយ័ត្នខ្ពស់ដោយមានបំពាក់ឯកសណ្ឋានពេទ្យនិងយកសំណាក់ទៅពិនិត្យរួចយកកៅស៊ូ កន្ទេល វិចខ្ចប់សាកសពយ៉ាងត្រឹមត្រូវដឹកតាមរថយន្តសាមុយ ជូនក្រុមគ្រួសារដឹកយកទៅបូជានៅវត្តចំប៉ា ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
ដោយ៖ ស៊ឹម សាន់







ប្រភព៖ សុឹម សាន់

