តាមក្បួនហុងស៊ុយនិងចាស់បុរាណដំណាលតគ្នាមកថា ម្ចាស់ផ្ទះទាំងឡាយមិនត្រូវមានរបស់ ៧ នេះនៅខាងមុខទ្វារមុខផ្ទះ ឬទ្វារបើកចូលផ្ទះនោះទេ ព្រោះវានាំឲ្យជួបសំណាងមិនល្អ ហើយលាភសំណាងនានាមិនអាចហូរចូលមកក្នុងផ្ទះ។
៧) ដើមឈើធំ

មនុស្សជាច្រើនយល់ឃើញថា មានដាំដើមឈើធំនៅខាងមុខទ្វារមុខផ្ទះមួយអាចធ្វើជាម្លប់ និងជួយនាំខ្យល់អាកាសបរិសុទ្ធ។ យ៉ាងណាតាមក្បួនហុងស៊ុយគឺដើមឈើធំៗទាំងនោះ ជាឧបសគ្គរារាំងងពន្លឺចូលមកខាងក្នុងផ្ទះវិញទេ។ ភាពងងឹតអាប់អួនោះហើយ នាំឲ្យជះឥទ្ធិពលអាក្រក់ មិនថាតែផ្នែកសុខភាពនិងអាជីវកម្មឬការងារនានាទៅដល់ម្ចាស់ផ្ទះ។
ប្រសិនជាជ្រុលដាំធំហើយ មិនចង់កាប់ដើមឈើនោះចោល អ្នកអាចកាត់តែមេឃធាងវាដែលគិតថាបាំងពន្លឺមិនឲ្យចាំងមកខាងមុខទ្វារបានហើយ។
៦) ផ្កាស្រពោនក្រៀមស្ងួត
មនុស្សមួយចំនួន សកម្មតែពេលយកវាមកដាំដំបូង ដល់តែបានស្អាត នៅស្រស់មួយរយៈពេលខ្លី ដល់តែពេលស្រពោន រីងស្ងួត បែរជាទុកផ្កាអស់នោះចោល នៅខាងមុខមាត់ទ្វារចូលផ្ទះ។
ជាការពិតផ្កាស្រស់ អាចនាំមកនូវលាភជ័យ តែបើវាស្រពោនហើយ គឺកុំស្តាយ ព្រោះវាតែងនាំភាពសោកសង្រេងមកក្នុងផ្ទះដូចគ្នា បើអ្នកមានស្នេហាផង ចាំមើលចុះ ទំនាក់ទំនងតែងសោះកក្រោះ មិនជួបសុខឡើយ។
៥) សម្បុកពីងពាង
នៅខាងមុខទ្វារផ្ទះ គឺចាំបាច់ណាស់ វាជាកន្លែងហូរចូលយីអ៊ុន ហូរចូលសំណាង តែបើមានសម្បុកពីងពាងរុំព័ទ្ធជិត នោះវានៅមួយថ្ងៃ គឺដូចនាំរឿងចង្រៃ ក្តៅក្រហាយពេញ ២៤ ម៉ោងដូច្នោះដែរ។ ម្ល៉េះត្រូវចាំបាច់ ឧស្សាហ៍សម្អាតវាចេញ ឥតឲ្យរំលងដាច់ខាត។
៤) កញ្ចក់បែកប្រេះ
បងប្អូនយើងមួយចំនួនមើលរំលង ដែលនេះវាបង្កទាំងគ្រោះថ្នាក់ ហើយក៏នាំឲ្យអាប់យីអ៊ុនធ្លាក់ចុះដូចគ្នា។ កញ្ចក់ដែលបែក ប្រេះស្រាំ ត្រូវប្រញាប់យកទៅបោះចោល មិនមែនយកមកផ្តុំទុកនៅខាងមុខផ្ទះ ដើរមួយថ្ងៃរំលងមួយថ្ងៃនោះទេ។
មិនថាតែប្រភេទទូរស័ព្ទខូចអេក្រង់ ទូរទស្សន៍បែកអេក្រង់ និយាយរួមឲ្យតែមានកញ្ចក់អាចឆ្លុះឃើញ គឺត្រូវតែប្រញាប់យកទៅបោះចោលឲ្យផុតពីផ្ទះ ព្រោះវាអាចនាំឲ្យជួបបញ្ហាបាត់បង់ប្រាក់ចំណូល ធ្លាក់ចុះអាជីពដោយប្រការណាមួយ។
៣) រូបសំណាក់សត្វព្រៃសាហាវៗ
អ្នកខ្លះ គិតថាដាក់វាតាំង មើលទៅកំណាច មើលទៅអង់អាច ជារឿងល្អ តែការពិត ផ្សារភ្ជាប់មកក្នុងក្បួនហុងស៊ុយ រូបឬផ្នែកសត្វព្រៃសាហាវៗ មិនមែនជារឿងល្អឡើយ ដែលត្រូវយកមកដាក់តាំងខាងមុខទ្វារផ្ទះ។ វាជាហេតុរារាំងនូវលាភសក្ការៈ អាចឈានដល់ការនាំមកនូវឧបទ្រុបចង្រៃក៏មាន។
២) ទុកធុងសំរាមនៅខាងមុខទ្វារផ្ទះ

ទ្វារធំឬទ្វារចូលផ្ទះ គឺជាកន្លែងដែលនាំខ្យល់ចេញចូល ហើយតាមក្បួនហុងស៊ុយបើអ្នកដាក់របស់កខ្វក់នៅតំបន់សំខាន់នោះ គឺវាស្មើនឹងនាំសំណាងអាក្រក់អ៊ីចឹងដែរ។ តំបន់ទ្វារខាងមុខត្រូវតែស្អាតជាប្រចាំ ហើយមិនត្រូវយកថង់សំរាម ឬធុងសំរាមមកដាក់នៅខាងមុខវាឡើយ។
១) ក្រណាត់ជូតជើងកខ្វក់

មិនថាតែប្រភេទក្រណាត់ជូតជើងធម្មតា ឬប្រភេទព្រំ ជាទូទៅគឺវាតំណាងឲ្យ ការបញ្ចៀសភាពអាក្រក់ឬភាពមិនល្អចូលផ្ទះ ប៉ុន្តែប្រសិនវាមិនស្អាត វាកខ្វក់កាន់ខែនោះ វាមានតែនាំរឿងអាក្រក់មកឲ្យយើងទៅវិញ។ អ្នកត្រូវតែទម្លាប់សម្អាតវាឲ្យបានស្អាតល្អជាប្រចាំ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

