ស្គាល់អ្នក ខ្ញុំស្គាល់អ្វីទៅហៅថា ជីវិតដ៏សែនរីករាយ អ្វីដែលអ្នកបានបង្រៀនខ្ញុំ ខ្ញុំចាំមិនដែលភ្លេចទេ គ្រប់យ៉ាងនៅតែដិតដាមក្នុងចិត្ត ដក់ក្នុងបេះដូង នៅពេញកែវភ្នែករបស់ខ្ញុំ កម្លាំងចិត្ត ក្ដីស្រលាញ់ ការបារម្ភ ការយកចិត្តទុកដាក់ ថែរក្សា ការពារ ផ្ដល់ដំបូន្មាន អ្នកបានបង្រៀនខ្ញុំឱ្យរឹងមាំ តែគ្រប់យ៉ាងអស់ទាំងនោះ វាបានទៅតាមអ្នកវិញអស់ហើយ បន្ទាប់ពីអ្នកបានចាកចេញទៅ ទុកខ្ញុំឱ្យនៅ សោកសៅ ខូចចិត្ត សោកស្ដាយ តែម្នាក់ឯង …។
ខ្ញុំដឹងថាមកពីខ្ញុំ គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ ដែលធ្វើឱ្យទំនាក់ទំនងមួយនេះត្រូវបែកបាក់ ប្រេះឆា ក៏មិនដឹងថា តើគួរធ្វើបែបណា លុបលាងយ៉ាងណា ក៏គ្មានពាក្យណា អាចយកមកពន្យល់ រៀបរាប់ ឱ្យអ្នកបានដឹង គ្រាន់តែខ្ញុំចង់ប្រាប់ថា ពេលនេះ ម៉ោងនេះ ម្នាក់នេះឯកាណាស់ #មិនចង់បាត់បង់តែមិនអាចឃាត់បាន ខ្ញុំគ្មានអ្វីនិយាយក្រៅតែពីពាក្យថា អរគុណ និងសុំទោសចំពោះរឿងគ្រប់យ៉ាងដែលបានកើតឡើង។

មុនពេលស្គាល់អ្នក ខ្ញុំត្រឹមតែជាមនុស្សឯកាម្នាក់តែប៉ុណ្ណោះ អារម្មណ៍ឯកាព្រោះតែការត្រូវរស់នៅម្នាក់ឯង ប៉ុន្តែនៅពេលដែលបានស្គាល់អ្នករួចមក ហើយពេលនេះ អ្នកក៏ចាកចេញទៅវិញ ខ្ញុំមានអារម្មណ៍ថា វាលើសពីភាពឯកាទៅទៀត វាឯកាព្រោះតែការបាត់បង់ មនុស្សដែលសំខាន់ខ្លាំងក្នុងជីវិតរបស់ខ្ញុំ។
តែយ៉ាងណា ខ្ញុំក៏អរគុណ ដែលចូលមកក្នុងជីវិតខ្ញុំកន្លងមកនេះ សុំទោស! ដែលមិនមានលទ្ធភាពនឹងថែរក្សាអ្នកបាន។ ការដែលបានជួបអ្នក គឺជាសំណាងរបស់ខ្ញុំ តែការដែលបាត់បង់អ្នកទៅ ខ្ញុំពិតជាឈឺចាប់ និងសោកស្ដាយណាស់៕

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

