ប្រហែលជាជាង២ឆ្នាំមុន វាជាពេលវេលាដែលខ្ញុំពិបាកទ្រាំបំផុត ជួបរឿងគ្រប់យ៉ាង ត្រូវប្រឈមមុខតែម្នាក់ឯង ខ្ញុំមិនគិតទេថា រឿងរ៉ាវបញ្ហាដែលខ្ញុំបានជួប វាជារឿងដ៏អាក្រក់ជាងរឿងរបស់អ្នកដទៃ ប៉ុន្តែអ្វីដែលខ្ញុំបានជួបប្រទះនូវពេលនោះគឺ វាពិតជាអាក្រក់ខ្លាំងណាស់សម្រាប់ខ្ញុំ។
ខ្ញុំក៏មិននឹកថាខ្លួនឯងអាចឆ្លងផុតដំណាក់កាលនោះមកបាន ដោយសារតែការយកការងារមកបាំងមុខនោះដែរ។ ពេលដែលខ្ញុំស្ថិតក្នុងដំណាក់កាលដែលអាក្រក់ពេលនោះ គឺបញ្ហាជាច្រើនបានចូលមកជាបន្តបន្ទាប់ ខ្ញុំរាប់មិនអស់ទេថា វាជារឿងអ្វីខ្លះ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំជួបរឿងបរាជ័យក្នុងរឿងការងារ ខ្ញុំខាតបង់លុយកាក់មួយចំនួន ស្របពេលដែលមានបញ្ហាក្នុងគ្រួសារ ចំណែកស្នេហាក៏បរាជ័យ អ្វីដែលសំខាន់ មនុស្សដែលធ្លាប់ស្និទ្ធស្នាលនឹងខ្ញុំខ្លាំង ក៏បានចាកចេញពីខ្ញុំបន្តិចម្ដងៗ ចំណែកមនុស្សស្និទ្ធស្នាលដែលនៅភាគច្រើន គឺនៅបន្ថែមសម្ពាធ រករឿងឈ្លោះតែប៉ុណ្ណោះ សូម្បីតែមិត្តយល់ចិត្តក៏ចាកចេញទៅដែរ …។
មកដល់ពេលនេះ គ្រប់ពេលដែលខ្ញុំនឹកដល់ស្ថានភាពខ្លួនឯងពេលនោះ មិនដឹងថាគួរអាណិតខ្លួនឯង ឬក៏អរគុណខ្លួនឯងនោះឡើយ។ គ្រួសារ ស្នេហា ការងារ មិត្តភាព ខ្ញុំមិនដែលគិតថាខ្ញុំត្រូវជួបរឿងបែបនេះក្នុងពេលតែមួយនោះឡើយ តែពេលនោះហើយ ដែលធ្វើឱ្យខ្ញុំអាចរកឃើញខ្លួនឯងបានច្បាស់ និងអាចធ្វើឱ្យខ្លួនឯងក្រោកឈរមកវិញដោយភាពរឹងមាំបំផុត។

ស្ថានភាពខ្ញុំពេលនោះ វាពិតជាស្ងប់ស្ងាត់ និងឯកាយ៉ាងខ្លាំង ស៊ូនៅធ្វើការដល់យប់ៗជ្រៅទើបត្រឡប់ទៅផ្ទះវិញ ទៅដល់ផ្ទះក្នុងបន្ទប់ក៏មិនបើកភ្លើងដែរ ប្រែក្លាយជាមនុស្សដែលក្លាយពន្លឺ ក្លាយជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ខ្លាំង ដល់ថ្នាក់ស្ដាប់តែសំឡេងទ្រនិចនាឡិកាតែប៉ុណ្ណោះ។ ទ្រនិចនាឡិកាលោត១នាទីៗ វាគឺជាពេលដែលខ្ញុំប្រាប់ខ្លួនឯងថា ពេលវេលាដើរទៅមុខហើយ គ្រប់យ៉ាងនឹងបានល្អប្រសើរនៅថ្ងៃណាមួយ ហើយខ្លួនឯងត្រូវតែរឹងមាំឡើង ដើម្បីចាំមើលថ្ងៃដែលល្អប្រសើរមួយនោះរបស់ខ្លួនឯង។ ស្ថិតក្នុងសភាពដែលគ្មានអ្នកណាខ្វល់ និងយល់ចិត្ត រឿងដែលខ្ញុំគិតនោះគឺ គ្រប់គ្នាចាកចេញពីខ្ញុំក្នុងថ្ងៃដែលខ្ញុំលំបាក រកតែមនុស្សម្នាក់ដែលចាំស្ដាប់ពីអារម្មណ៍របស់ខ្ញុំក៏មិនបាន ដឹងទេ ស្ទើរតែរាល់យប់ដែលខ្ញុំស្រក់ទឹកភ្នែក … ប៉ុន្តែមានថ្ងៃមួយដែលខ្ញុំបានធ្វើបាបខ្លួនឯងបំផុត មិនញុំាបាយសូម្បីតែមួយគ្រាប់ ខ្ញុំយំ ខ្ញុំធ្វើបាបខ្លួនឯងក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ តែខ្ញុំប្រាប់ខ្លួនឯងថា ខ្ញុំទន់ជ្រាយតែមួយថ្ងៃនេះទៀតទេ ខ្ញុំយំព្រោះគេតែម្ដងនេះគត់ ចាប់ពីស្អែកទៅ គ្រប់យ៉ាងនឹងត្រូវតែប្រែប្រួលទាំងអស់ មនុស្សម្នាក់នេះ នឹងធ្វើខ្លួនជាមនុស្សម្នាក់ថ្មីទៀត ដាច់ខាតមិនធ្វើបាបខ្លួនឯងទៀតឡើយ។

ចាប់ពីថ្ងៃនោះមក ជីវិតមួយនេះ គឺមានតែការងារតែប៉ុណ្ណោះ សល់ពេលខ្លះសម្រាប់គ្រួសារ ខំប្រឹងធ្វើការ និងខំញុំាឱ្យបានគ្រប់គ្រាន់ គ្រប់គ្រងបញ្ញា ស្មារតី និងចិត្តគំនិតខ្លួនឯងឱ្យបានល្អ គិតរឿងវិជ្ជមានឱ្យបានច្រើន ហើយក៏ប្រាប់ខ្លួនឯងដែរថា មនុស្សដែលចាកចេញពីខ្ញុំទៅ គឺសុទ្ធតែមានហេតុផល មិនត្រូវខឹងនឹងគេទេ ពេលខ្លះ គេចាកចេញ គឺមកពីយើងខ្លួនឯងដែលមិនល្អ ទើបគេចាកចេញ ដូច្នេះហើយយើងត្រូវតែខំកែប្រែខ្លួនឯងឱ្យបានល្អ ទើបគេមើលឃើញ។ ចំណែកមនុស្សដែលបដិសេធនឹងខ្ញុំ ក៏មកពីខ្ញុំពុំមែនជាមនុស្សដែលគេត្រូវការ ឬអាចនិយាយបានថា យើងមិនមានអ្វីដែលជាចំណុចសម្រាប់គេចាប់អារម្មណ៍ ដូច្នេះយើងត្រូវតែបន្តភាពល្អសម្រាប់គេ អំពើល្អ ក្ដីស្រឡាញ់ដ៏ពិតប្រាកដ ថ្ងៃណាមួយគេប្រាកដជាមើលឃើញមិនខាន។ ការខំប្រឹង និងអំណត់ព្យាយាម វាពិតជាមានតម្លៃ ថ្ងៃណាមួយវានឹងជួយឱ្យយើងទទួលបាននូវអ្វីដែលយើងចង់បាន និងធ្លាប់មានត្រឡប់មកវិញ។

រហូតដល់ចុងឆ្នាំមុន និងដើមឆ្នាំនេះ យើងក៏អាចយល់ចិត្តគ្នា អាចបង្កើតភាពស្និទ្ធស្នាលត្រឡប់មកវិញ ដូចដែលថា ការដែលគេបដិសេធ ព្រោះយើងមិនមានអ្វីដែលគេត្រូវការ តែកន្លងមកនេះ អ្វីដែលយើងនៅតែផ្ដល់ឱ្យគេ គឺគេក៏អាចទទួលយក និងរីករាយនឹងទទួលទៀតផង។ ចំណែកមនុស្សដែលធ្លាប់ចាកចេញ ខ្ញុំត្រឡប់មកវិញ ព្រោះតែយើងបានព្យាយាមកែរាល់កំហុសដែលយើងបានធ្វើខុសចំពោះគេ។ គ្រួសារក៏ល្អប្រសើរ ការងារក៏រីកចម្រើន អ្វីដែលសំខាន់គឺ ខ្លួនឯងក៏ល្អជាងមុន។
ពេលនេះខ្ញុំអាចយល់ហើយថា ការពិតនៃជីវិតគឺវាបែបហ្នឹង ក្នុងគ្រោះប្រាកដជាមានលាភ ក្នុងស្ថានភាពលំបាក ត្រូវប្រឈមមុខនឹងបញ្ហា វាក៏ជាពេលដែលយើងអាចរកឃើញមេរៀនល្អៗ បទពិសោធន៍ដ៏មានតម្លៃ អ្វីដែលសំខាន់គឺ ភាពរឹងមាំពិតប្រាកដឱ្យខ្លួនឯង អាចកសាងខ្លួនឯងឡើងវិញ ជាមួយនឹងទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង។
ស្ថិតក្នុងស្ថានភាពដែលអាក្រក់កាលឆ្នាំនោះ វាជាពេលដែលខ្ញុំយំរាល់ថ្ងៃ យំព្រោះតែបាត់បង់អ្វីៗគ្រប់បែបយ៉ាង ខ្ញុំយំរហូតដល់អស់ទឹកភ្នែកយំ ខ្ញុំក៏យំលែងចេញ មានតែស្នាមញញឹមមកវិញតែប៉ុណ្ណោះ។ ថ្ងៃដែលខ្ញុំបាត់បង់គ្រប់យ៉ាង ខ្ញុំក៏លែងមានអ្វីដែលត្រូវបាត់បង់ទៀតហើយ តែការដែលខ្ញុំអាចរស់ឡើងវិញបាន គឺមកពីខ្ញុំមិនបានបាត់បង់ជីវិតទេ ក៏មិនបានបាត់បង់ជំនៀចិត្ត ក្ដីសង្ឃឹមនោះដែរ៕


អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

