ខ្ញុំមិនដឹងថា មិត្តភក្តិ និងអ្នកក្បែរខ្លួនខ្ញុំគិតបែបណាទេ តែវាជាសំណួរដែលខ្ញុំតែងតែឮពួកគាត់សួរនាំ គ្រប់ពេលពាក់ព័ន្ធនឹងសង្សារបស់ខ្ញុំ។
– ពេលចេញក្រៅ ឬមានកម្មវិធីជប់លៀងជួបជុំផ្សេងៗ ខ្ញុំតែងតែបណ្ដើរសង្សាររបស់ខ្ញុំទៅជាមួយ បេលនោះមិត្តរបស់ខ្ញុំសួរថា ” អ្ហែង!នាំសង្សារមកចឹង ហើយអ្ហែងចង់ចេញទៅណាផ្សេងម៉េចកើត?” ខ្ញុំក៏ឆ្លើយថា ” ទៅណាមានគាត់បណ្ដើរគឺគ្រប់គ្រាន់ហើយ វាជាសេចក្ដីសុខរបស់ខ្ញុំ ចុះចាំបាច់អីទៅរកក្ដីសុខផ្សេងទៀត? ទៅណាមកណា ខ្ញុំទេដែលជាអ្នកខ្លាចគាត់មិនទៅជាមួយ ព្រោះគាត់រវល់ការងារគាត់ច្រើនណាស់”។

– ពេលសង្សារខ្ញុំចេញក្រៅញុំាអីជួបជុំពួកម៉ាក់ ក៏មានយប់ខ្លះ គាត់ទៅ Pub ឬClub តែខ្ញុំមិនបានទៅជាមួយ មិត្តភក្តិរបស់ខ្ញុំក៏និយាយថា ” ថីអ្ហែងមិនទៅជាមួយ បណ្ដោយឱ្យនាងទៅជាមួយមិត្តភក្តិ ប្រយ័ត្នអាណាឆក់បាត់ ស្រីៗដើរលេងយប់មិនល្អទេ” ខ្ញុំក៏តបទៅគេវិញថា ” ល្អ ឬមិនល្អ នៅក្បែរគ្នារាល់ថ្ងៃដឹងច្បាស់ហើយ គាត់ជាមនុស្សបែបណាស្មានតែខ្ញុំមិនដឹងមែន មនុស្សស្រឡាញ់គ្នា បើគិតតែតាមគ្រប់ជំហាន ដូចជាហួសហេតុពេកហើយ ហើយបើមិនទុកចិត្តគ្នា សួរថាស្រឡាញ់គ្នាធ្វើអី? ម្យ៉ាងវិញទៀត គាត់ចង់មានពេលជួបជុំមិត្តភក្តិគាត់ ចុះបើយើងទៅជាមួយដែរ ស្រីៗគេម៉េចនឹងនិយាយគ្នាបានងាយទៅ”។

– ពេលខ្ញុំចេញទៅណាមកណាជាមួយពួកម៉ាក ដោយអត់មានសង្សារខ្ញុំទៅជាមួយ ហើយខ្ញុំតែងតែប្រាប់ និងថតគ្រប់សកម្មភាពរបស់ខ្ញុំឱ្យសង្សារខ្ញុំមើល ពួកម៉ាកខ្ញុំក៏និយាយថា ” ហើយអ្ហែងថី ប្រាប់នោះប្រាប់ លាក់ខ្លះទៅក៏បានដែរ ខ្លាចគេនោះខ្លាច” តែខ្ញុំថា ” ខ្ញុំមិនបានខ្លាចគាត់ទេ តែខ្ញុំគោរព និងផ្ដល់ទំនុកចិត្តដល់គាត់ មិនថានៅចំពោះមុខ ឬក្រោយខ្នងនោះទេ ភាពស្មោះត្រង់ចំពោះគ្នា គឺជារឿងដែលសំខាន់បំផុតសម្រាប់ដៃគូ”។

ចុងក្រោយ ពាក្យដែលខ្ញុំចង់ប្រាប់គឺ កុំគិតថាជាពួកម៉ាកនឹងគ្នា ហើយមកនិយាយបែបនេះគិតថាល្អឱ្យសោះ ខ្ញុំអាចបោះបង់មិត្តភក្តិចោល បើនៅតែនិយាយស្ដីមិនគោរពដល់ដៃគូរបស់ខ្ញុំ ហើយហាមដាច់ខាតនិយាយពាក្យថា សង្សារខ្ញុំ ជាស្រីរបស់ខ្ញុំ បើអ្នកចង់និយាយ ក៏ទៅនិយាយដាក់ដៃគូរបស់អ្នកទៅ ខ្ញុំឱ្យតម្លៃដល់ដៃគូខ្ញំ ដូច្នេះ សូមអ្នកគោរព និងឱ្យតម្លៃនាងដូចគ្នាផងទៅ។ ត្រូវចាំថា មិនថាជាសង្សារ ឬប្ដីប្រពន្ធនោះទេ តែចំពោះមនុស្សដែលយើងស្រឡាញ់ នៅពេលដែលយើងគោរពគាត់ គាត់ក៏គោរពយើងដូចគ្នា … យើងឱ្យជឿជាក់ ទុកចិត្តគាត់ គាត់ក៏ជឿជាក់ ទុកចិត្តយើងវិញដូចគ្នា … យើងឱ្យតម្លៃគាត់ គាត់ក៏ឱ្យតម្លៃយើង … យើងគោរពលើសិទ្ធសេរីភាពរបស់គាត់ គាត់ក៏ផ្ដល់សិទ្ធសេរីភាពដល់យើងវិញដែរ … ៕

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

