មនុស្សស្រីត្រូវចាំថា ៖ បើគេផ្លាស់ប្ដូរខ្លួនគេដើម្បីយើង ទាំងដែលយើងមិនបានស្នើរ ឬទាមទារឱ្យគេធ្វើ នោះបញ្ជាក់ថា គេពិតជាស្រឡាញ់យើងពិតប្រាកដមែន … ហើយមនុស្សបែបនេះ ទោះយើងនិយាយថា មិនត្រូវការ ឬមិនបានស្រឡាញ់គេ តែគេក៏នៅតែព្យាយាមលះបង់ និងធ្វើគ្រប់យ៉ាងដើម្បីយើង ទោះយើងដេញគេចេញ ក៏គេនៅតែមិនព្រមចេញពីយើងដែរ គេខំដើម្បីយើងដោយគ្មានល័ក្ខខណ្ឌ គេធ្វើរហូតដល់គេអស់ចិត្តខ្លួនឯង។

ប៉ុន្តែ បើយើងតែងតែផ្លាស់ប្ដូរខ្លួនឯងដើម្បីគេ ព្រោះតែចង់ផ្គាប់តម្រូវចិត្តគេ ព្រោះតែចង់ថែរក្សាគេឱ្យនៅជាមួយយើងរហូតនោះ មានន័យថា យើងមិនបានស្រឡាញ់ខ្លួនឯងទេ យើងស្រឡាញ់គេជ្រុលពេកហើយ ហើយការធ្វើបែបនេះ វាក៏ជារឿងមួយដែលគ្រោះថ្នាក់ ដែលធ្វើឱ្យយើងនឹងក្លាយជាមនុស្សល្ងង់ ហើយប្រឈមមុខនឹងការឈឺចាប់តែម្នាក់ឯងបំផុត។
ហើយជាមួយនឹងមនុស្សដែលតែងតែព្យាយាមទាមទារ និងបង្ខំឱ្យយើងផ្លាស់ប្ដូរដើម្បីគេនោះ មានន័យថា គេស្រឡាញ់ និងយល់តែចិត្តខ្លួនគេប៉ុណ្ណោះ គេមិនបានស្រឡាញ់យើង ឬយល់ពីចិត្តយើងឡើយ។
មនុស្សបែបនេះហើយ ទោះបីយើងព្យាយាម ទាមទារ ឱបក្រសោប ឬសុំអង្វរឱ្យគេនៅ ឬឃាត់គេមិនឱ្យចេញទៅ ក៏គេនៅតែចាកចេញ គ្មានខ្វល់ពីយើងឡើយ ព្រោះគេបំពេញតែអារម្មណ៍ និងតម្រូវការរបស់គេតែប៉ុណ្ណោះ ចំណែកយើងវិញកុំថាឡើយឱ្យគេទុកយើងសំខាន់ សូម្បីតែតម្លៃបន្តិចក៏គេមិនដែលនឹងផ្ដល់ឱ្យយើងដែរ។

ស្រីៗ កុំល្ងង់ពេក អ្នកត្រូវដឹង និងចេះមើលមនុស្សណាស្រឡាញ់អ្នក និងមនុស្សណាមិនស្រឡាញ់អ្នក ក្នុងចំណោមមនុស្សទាំងពីរប្រភេទនេះ មិនពិបាកមើលទេ ព្រោះទង្វើ កាយវិការគេ បានបញ្ជាក់ឱ្យយើងឃើញច្បាស់ណាស់។ សំខាន់ សូមកុំបណ្ដោយឱ្យសេចក្ដីស្រឡាញ់ដ៏ងប់ងល់របស់អ្នកចំពោះគេច្រើនលើសលប់ រហូតដល់លុបបាត់មើលមិនឃើញនូវទង្វើមិនគប្បីដែលគេធ្វើមកលើអ្នក។
ជ្រើសមនុស្សដែលផ្លាស់ប្ដូរដើម្បីអ្នក ទើបអ្នកអាចមានក្ដីសុខ និងសុភមង្គល កុំចង់បានមនុស្សដែលតែងតែទាមទារ បង្ខំឱ្យអ្នកផ្លាស់ប្ដូរដើម្បីគេ ព្រោះគេមិនអាចផ្ដល់សេចក្ដីសុខដល់អ្នកបានឡើយ។ ឱ្យតម្លៃខ្លួនឯងជាមុន ស្រឡាញ់ខ្លួនឯងឱ្យបានច្រើន ទើបគេមើលឃើញពីតម្លៃ និងភាពសំខាន់របស់អ្នក៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

