តាំងពីដើមមក ខ្ញុំតែងគិតថាខ្លួនឯងគ្មានទេភាពអាត្មានិយម ព្រោះខ្ញុំមិនដែលចង់ចាញ់ឈ្នះ ឬយកប្រៀបលើអ្នកណា មានតែគេខ្សែលើខ្ញុំ ហើយក៏មានតែខ្ញុំដែលតែងតែលះបង់ឱ្យគេ។ រហូតមកដល់ពេលនេះ ខ្ញុំដឹងថាការពិតទៅ ក្នុងចិត្តខ្ញុំក៏មានភាពអាត្មានិយមត្រង់ចំណុចខ្លះ អាត្មានិយមក្នុងរឿងខ្លះដែរ ដូចពេលនេះ គឺអាត្មានិយមព្រោះតែរឿងស្នេហា។
រយៈពេលដែលស្គាល់មនុស្សម្នាក់វាជិត១០ឆ្នាំហើយ ហើយតាំងពីដើមមក គឺយើងជាមិត្តល្អបំផុតនឹងគ្នា ក្នុងចិត្តខ្ញុំទុកគេត្រឹមតែជាមិត្ត តែទង្វើគេចំពោះខ្ញុំ គឺល្អលើសពីមិត្តទៅទៀត។ រហូតដល់រយៈពេលជាងមួយឆ្នាំចុងក្រោយនេះ យើងក៏បែកគ្នាទៅ យូរៗក៏កាន់តែឆ្ងាយពីគ្នា ខ្ញុំក៏អត់ដឹងថាមកពីមូលហេតុអ្វីដែល តែខ្ញុំដឹងថាគេស្រឡាញ់ខ្ញុំ គេធ្វើគ្រប់យ៉ាងដើម្បីខ្ញុំច្រើនណាស់ តែខ្ញុំគ្មានភាពច្បាស់លាស់នឹងគេទេ ព្រោះគិតថា ទុកគេត្រឹមតែជាមិត្តតែប៉ុណ្ណោះ។ បើទោះជាមានអ្នកណាសួរខ្ញុំ ក៏ខ្ញុំនៅតែឆ្លើយថាខ្ញុំអត់បានស្រឡាញ់គេទេ គេជាមិត្តល្អរបស់ខ្ញុំ ហើយគេក៏ជាមនុស្សដែលល្អបំផុតក្នុងចិត្តរបស់ខ្ញុំដែរ។ ម្យ៉ាងវិញទៀត ខ្ញុំក៏មានមនុស្សដែលខ្ញុំស្រឡាញ់រួចហើយ។

ដល់ពេលមួយខ្ញុំបានដឹងថា គេមានសង្សារហើយ គេទាក់ទងអ្នកថ្មី ខ្ញុំមិនដឹងថាអារម្មណ៍ខ្ញុំបែបណាទេ ដឹងត្រឹមថាប្រាប់មិនត្រូវ។ ខ្ញុំនៅតែអះអាងថាខ្ញុំមិនបានស្រឡាញ់គេ ព្រោះបើខ្ញុំស្រឡាញ់គេ ប្រហែលខ្ញុំសារភាពប្រាប់គេតាំងពីដំបូងហើយ ប៉ុន្តែពេលដែលគេមានសង្សារថ្មី ខ្ញុំបែរជាចង់និយាយទៅកាន់គេថា “យើងត្រូវគ្នាវិញបានទេ? យើងមកដូចមុនបានទេ?…” ទាំងដែលការពិតក្នុងចិត្តខ្ញុំមិនមានតំណែងច្បាស់លាស់សម្រាប់គេដដែល តែខ្ញុំមិនចង់បាត់បង់គេទេ រឹតតែមិនចង់ឃើញគេបានទៅអ្នកផ្សេង ខ្ញុំខ្លាច។

ការពិតទៅ ខ្ញុំដឹងថាខ្ញុំអាត្មានិយម ច្រើនឆ្នាំយ៉ាងនេះដែលគេធ្វើល្អបំផុតសម្រាប់ខ្ញុំ ខ្ញុំបែរជាមើលមិនឃើញ តែដល់ពេលគេទៅជ្រើសអ្នកផ្សេង ខ្ញុំបែរជាមិនចង់ឱ្យគេធ្វើល្អដាក់អ្នកណា គេអាចធ្វើល្អដាក់ខ្ញុំតែម្នាក់ប៉ុណ្ណោះ។ ច្រើនឆ្នាំយ៉ាងនេះដែលទាក់ទងគ្នា គេទ្រាំជាមួយខ្ញុំគ្រប់យ៉ាង តែខ្ញុំបានត្រឹមតែធ្វើព្រងើយកន្តើយ សោះអង្គើយ មិនមានសូម្បីតែតំណែងជាក់លាក់មួយសម្រាប់គេ ដល់ពេលគេមានថ្មី ទើបនឹកស្ដាយ មិនគួរឱ្យមនុស្សល្អចាកចេញ។ ជាកំហុសរបស់ខ្ញុំ គ្រាន់តែសង្ឃឹមថាមនុស្សម្នាក់នោះ នឹងស្រឡាញ់មើលថែលអ្នកឱ្យបានល្អ៕

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

