មានរឿងជាច្រើនបានផ្លាស់ប្ដូរទៅតាមពេលវេលា ជាពិសេសគឺ ចិត្តគំនិត និងអត្តចរិតរបស់ខ្លួនឯង ក៏ដឹងថា ខ្លួនឯងមិនដូចមុន គឺចាស់ចិត្ត ចាស់គំនិត និងចេះគិតបានច្រើនជាងមុនឆ្ងាយណាស់ …!!!
– កាលពីមុន ចេះតែចាយលុយ ព្រោះលុយអាចសុំម៉ាក់ប៉ា ឬបងចាយបាន តែដល់ពេលចេះរកលុយ ក៏ដឹងថា ការសន្សំគឺជារឿងសំខាន់ ព្រោះទុកពេលចាំបាច់ ទុកសម្រាប់ទិញរបស់ដែលសំខាន់ មិនអាចចេះតែចាយអស់ៗដូចមុនបានទេ!
– កាលមុនចេះតែចង់ដើរលេង ចង់ទៅណាក៏ទៅភ្លាម អត់ដែលចង់នៅផ្ទះ តែដល់ពេលមានការងារធ្វើ ចង់ទៅណាក៏ខ្លាចខាតការងារ ដល់ពេលមានពេលដើរ បែរជាមិនដើរ ព្រោះដឹងថា ការដែលបានដេកនៅផ្ទះសម្រាកមួយថ្ងៃ គឺមានក្ដីសុខខ្លាំង!

– កាលមុនចូលចិត្តជួបជុំមិត្តភក្តិ នាំគ្នាដើរលេង ណាត់មើលកុន ដើរផ្សារ ដល់ពេលនេះដឹងថា ការដែលមានពេលបានជួបជុំក្រុមគ្រួសារ គឺរីករាយសប្បាយចិត្តបំផុត!
– កាលមុនឱ្យតែមានអីចេញថ្មី ចេះតែចង់បាន នៅមិនសុខ ចង់តែទិញ ទិញបានក៏ស្កប់ តែឥឡូវ មិនបាច់ថ្មី មិនបាច់ប្រេន សំខាន់អាចប្រើបាន ល្មមៗគឺបានហើយ!
– កាលមុនមានស្នេហា បានបន្តិចក៏បែកគ្នា ឈឺចាប់ស្ទើរស្លាប់ស្ទើររស់ បាយមិននឹក ទឹកមិនស្រេក ចេះតែធ្វើបាបខ្លួនឯង … ដល់ពេលនេះក៏ដឹងថា ការជួបតែងមានបែក បែកម្នាក់ហ្នឹងព្រោះមិនមែនគូ រង់ចាំយូរ ឬឆាប់ គ្មានបញ្ហា សំខាន់ជួបមនុស្សច្បាស់លាស់!

– កាលមុនចេះតែច្រណែននឹងគេ ពេលឃើញគេមានសង្សារបណ្ដើរគ្នាត្រសង ផ្អែមល្ហែម ពេលនេះក៏ដឹងថា ការពិតជីវិតគូណាក៏ឈ្លោះទាស់គ្នាដែរ ការដែលគេផ្អែម គ្រាន់តែសម្ដែងឱ្យអ្នកដទៃឃើញប៉ុណ្ណោះ ព្រោះពេលគេឈ្លោះគ្នា គេមិនឈ្លោះបង្អួតយើងទេ ចឹងហើយកុំច្រណែនគេអី!
– កាលមុនចេះតែចង់មានសង្សារនឹងគេ គ្រាន់បានបណ្ដើរគ្នាដើរលេង តែពេលនេះ កុំថាឡើយពេលដើរលេង សុំត្រឹមតែមានពេលសម្រាក បាននៅផ្ទះ គឺសប្បាយណាស់ ស្រួលខ្លួន ព្រោះបើមានសង្សារមានតែពិបាក គ្មានពេលឱ្យគេ គេខឹងនឹងយើងទៀត … ឈ្លោះគ្នានាំតែហត់!

– កាលមុនទៅណាមកណា ធ្វើអី សូម្បីតែអារម្មណ៍មួយក់តឡើងសោះ ក៏បង្ហោះរូប បង្ហោះ Status Drama Sad ផ្អើល Timeline គេអស់ហើយ តែដល់ពេលអាយុច្រើនទៅ ក៏ដឹងថា ការពិតវាមិនចាំបាច់សោះ អារម្មណ៍យើងចាំបាច់អីត្រូវបង្ហោះប្រាប់ឱ្យគេឯងដឹងធ្វើអី? Drama ហើយបានអីមកវិញ វាពិតជាអត់ប្រយោជន៍ណាស់។ អ្វីដែលសំខាន់ ការប្រើជិវិតឯកជន វាពិតជាស្ងប់ស្ងាត់ និងមានក្ដីសុខជាង ការដែលត្រូវបង្ហោះត្អូញត្អែរ រអ៊ូរទាំប្រាប់ហ្វេសប៊ុគបែបហ្នឹង…! ៕

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធិ

