តាមការសង្កេតរបស់លោកឧកញ៉ា គួច ម៉េងលី មើលឃើញថា ភាគច្រើននៃប្រជាជនខ្មែរយើងតែងមានវិបត្តិបញ្ហាផ្លូវចិត្ត។ វិបត្តិនេះ គឺបណ្តាលមកពីកត្តាមួយចំនួន ដែលអាណាព្យាបាលតែងតែអនុវត្តជាប្រចាំ ហើយអ្នកខ្លះខ្វះខាតផ្នែកចំណេះដឹងទូទៅជុំវិញខ្លួននិងបរិស្ថានសង្គម ខណៈមួយចំនួនទៀតនោះខ្វះសារធាតុបំប៉នក្នុងការទទួលទានអាហារ ដើម្បីទ្រទ្រង់រាងកាយដែលធ្វើឱ្យសុខភាពឆាប់ចុះទ្រុឌទ្រោម និងងាយរងសម្ពាធផ្លូវចិត្ត។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន បានមានប្រសាសន៍ថា «ខ្ញុំឃើញឪពុកម្តាយ ឬអ្នកអាណាព្យាបាលមួយចំនួនបញ្ជាកូនឱ្យរៀនតាមអ្វីដែលខ្លួនចង់បាន បើមានម្តាយធ្វើពេទ្យចង់ឱ្យកូនរៀនធ្វើពេទ្យដែរ។ សូមកុំធ្វើបែបនេះអី ព្រោះការធ្វើបែបនេះ ជាការកៀបសង្កត់កូនចៅទៅវិញទេ។ អ៊ីចឹងត្រូវបើកចិត្តឱ្យទូលាយទើបក្មេងរៀនចេះ មិនមានសម្ពាធផ្លូវចិត្ត ដោយផ្តល់ឱកាសឱ្យកូនជ្រើសរើសជំនាញណា ដែលខ្លួនគេស្រឡាញ់ពេញចិត្ត នោះទើបក្មេងរៀនចូល និងចេះពិតប្រាកដ ហើយរកកន្លែងហាត់ការងារក្រៅម៉ោងបន្ថែម។ ការធ្វើបែបនេះ ក្មេងនឹងចេះដឹងជ្រៅជ្រះទៅលើជំនាញ ដែលពួកគេកំពុងសិក្សាដោយខ្លួនឯង។»
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍បន្តថា «ជារឿងដែលខ្ញុំអាសូរណាស់ កូនខ្មែរមួយចំនួន ជាពិសេសកូនអ្នកក្រប្រឡងធ្លាក់មិនមែនមកពីគ្នារៀនមិនចេះនោះទេ គឺដោយសារគ្មានលុយបង់ថ្លៃសិក្សាដូចកូនគេអ្នកមាន។ នៅពេលប្រឡងធ្លាក់ត្រូវឪពុកម្តាយស្តីបន្តោស ឬដៀលត្មិះសព្វបែបយ៉ាងទៀត គឺនាំឱ្យក្មេងបាក់ទឹកចិត្ត បាក់ស្បាត ឆាប់ខឹងក្រោធ រហូតក្លាយជាមានជំងឺវិបត្តិផ្លូវចិត្ត។ ពេលកូនប្រឡងធ្លាក់គួរណាតែលើកទឹកចិត្តដល់កូន ជ្រោមជ្រែង បង្កើនភាពស្និទ្ធិស្នាល ផ្ដល់ភាពកក់ក្តៅដល់កូនទើបកូនមានអនាគតល្អ មានកម្លាំងចិត្តខំប្រឹងបន្តទៀត មិនមែនគ្រាន់តែគ្នាប្រឡងធ្លាក់ជាន់ពន្លិចបន្ថែមនោះទេ ដូច្នេះបើឈប់បានឈប់ទៅ។»
ដោយសង្កត់ធ្ងន់លើការសិក្សារវាងកូនអ្នកមាននិងកូនអ្នកក្រ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី លើកឡើងថា កូនអ្នកមានគេប្រឡងជាប់ដោយសារម៉ែឪគេមានលុយបង់លុយរៀន មានទឹកចិត្ត មានលុយបង់គួរបួនប្រាំកន្លែង។ គេហ៊ានចំណាយលុយទិញមេរៀនមករៀន ហើយការហូបចុកគេក៏គ្រាប់គ្រាន់បបូរណ៌។
ចំណែកអ្នកក្រមួយចំនួនមិនមានលុយទិញមេរៀន មិនមានលុយបង់គួរ គ្មានលុយទិញសម្ភារៈរៀនជាដើម។ បែបពេលនេះយូរៗទៅបែរអៀនខ្មាស រៀនលែងចូល ហើយឈប់រៀនក៏មាន។ ជាងនេះទៀត ប្រសិនណាមានវាសនាបានប្រឡងជាប់ក៏ជាប់កម្រិតទាបដែរ មិនមែនដូចកូនអ្នកមានមួយចំនួននោះទេ។
ថ្លែងក្នុងកិច្ចសម្ភាសក្រោមប្រធានបទស្តីពី «ទិដ្ឋភាពទូទៅនៃយុវជនយើងនាពេលបច្ចុប្បន្ន» លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី លើកឡើងទៀតថា ដោយសារតែតម្រូវការជីវភាពប្រចាំថ្ងៃបានធ្វើឱ្យក្រុមគ្រួសារមួយចំនួនត្រូវបាក់បែកគ្នា ដោយចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដែលនាំឱ្យកូនខ្វះភាពកក់ក្តៅ និងមានគ្រួសារខ្លះទៀតមិនមែនបែកគ្នាទៅរកស៊ីទេ តែបាក់បែកគ្នាដោយសារឪពុកម្តាយឈ្លោះទាស់ទែងគ្នារហូតដល់លែងលះគ្នា ដែលធ្វើឱ្យកូនៗរងនូវភាពអយុតិ្តធម៌ គ្មានភាពកក់ក្តៅ គ្មានឱកាសចូលរៀន គ្មានចំណេះដឹង ដែលនាំឱ្យជីវភាពកាន់តែក្រីក្រទៅៗ។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចោទសួរថា «យើងឃើញនឹងភ្នែកស្រាប់ហើយ ហេតុអ្វីយុវជនយុវជនខ្មែរយើងរាប់លាននាក់ក្លាយជាជនចំណាកស្រុកចេញពីប្រទេសខ្លួនឯង ដើម្បីទៅធ្វើការឱ្យបរទេសក្នុងតួនាទីដ៏សែនតូចតាចទៅវិញ ខណៈពេលដែលប្រទេសយើងកំពុងខ្វះខាតបុគ្គលិកជំនាញវិជ្ជាជីវៈស្ទើរគ្រប់វិស័យ។ មានក្រុមគ្រួសារខ្លះរហូតដល់ថ្នាក់ឱ្យកូនទៅបម្រើការតាមផ្ទះគេធ្វើការឱ្យគេ២៤ម៉ោងគ្មានពេលសម្រាក ហើយត្រូវគេធ្វើបាបវាយដំ ទាត់ធាក់ និងធ្វើទារុណកម្ម ពេលត្រឡប់មកវិញបាត់បង់ស្មារតី ឬបាក់ស្បាតជាដើម នេះជារឿងដែលគួរឱ្យអាណោចអាធ័មខ្លាំងបំផុត។»
អ្នកខ្លះរៀនមិនបានពេញលេញ ហូបចុកមិនគ្រប់គ្រាន់ គ្មានកម្លាំងកំហែង សុខភាពធ្លាក់ចុះ ខណៈគ្រួសារខ្លះមានលទ្ធភាពដាក់កូនឱ្យរៀនសាលាថ្លៃៗ។ រីឯអ្នកនៅតាមជនបទសាលារៀននៅឆ្ងាយ គ្មានមធ្យោបាយធ្វើដំណើរ ហើយនៅពេលប្រឡងធ្លាក់ បើចំឪពុកម្តាយមិនចេះជួយលើកទឹកចិត្ត ចាំតែបន្ទោសកូនទៀតនោះ គ្នាដឹងតែងាយរងសម្ភាធផ្លូវចិត្ត និងឆាប់បាក់ទឹកចិត្តជាអាទិ៍ប៉ុណ្ណោះ។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ពន្យល់បន្ថែមយ៉ាងដូច្នេះ។
ជាសប្បុរសជនដ៏មានប្រជាប្រិយដែលតែងចុះធ្វើសកម្មភាពសប្បុរសធម៌នៅតាមទីជនបទដល់អ្នកក្រខ្សត់នានា លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ទទូចម្តងហើយម្តងទៀត គឺទទូចកុំឱ្យកូនខ្មែរចាញ់ប្រៀបគេ កុំបោះបង់ ត្រូវត្រួសត្រាយផ្លូវដើរដោយខ្លួនឯង ហើយក៏មិនគួរអានសៀវភៅជោគជ័យដើម្បីធ្វើឱ្យខ្លួនជោគជ័យ និងមិនគួរអានសៀវភៅបរាជ័យធ្វើឱ្យខ្លួនឈានទៅរកភាពជោគជ័យនោះដែរ។
ផ្ទុយទៅវិញ ត្រូវអានសៀវភៅណាដែលគួរអាន គឺអានសៀវភៅណាដែលមានប្រយោជន៍សម្រាប់អភិវឌ្ឍន៍សមត្ថភាពខ្លួនឯង អានកាន់តែច្រើនមានចំណេះដឹងកាន់តែជ្រៅជ្រះ កាន់តែទូលំទូលាយ ធ្វើឱ្យអ្នកបណ្ដុះបណ្ដាលក្នុងវគ្គជោគជ័យមិនអាចអូសទាញទៅបាន។ ការអានសៀវភៅបែបនេះ គឺមានឱកាសជោគជ័យនៅមានច្រើនណាស់សម្រាប់យុវជន ដូច្នេះសូមកុំតក់ក្រហល់ចង់មានបានដើរតាមផ្លូវកាត់។
ដើម្បីរៀនឆាប់ចេះនិងចងចាំបានល្អ គួរឱ្យញ៉ាំឱ្យបានគ្រប់គ្រាន់ ជាពិសេសទឹកដោះគោឬទឹកក្រូចស្រស់។ នៅស្រុកគេៗញ៉ាំទឹកដោះគោដូចញ៉ាំទឹក ហើយមិនបាច់ទាល់តែទឹកដោះគោដែលថ្លៃៗនោះទេ។ បន្ទាប់ពីញ៉ាំបាយរួច គេញ៉ាំទឹកដោះគោ ទឹកក្រូច ឬផ្លែឈើស្រស់ ដើម្បីលាងមាត់។ កាលណាយើងញ៉ាំគ្រប់គ្រាន់មានសុខភាពល្អ គឺរៀនឆាប់ចេះ និងឆាប់យល់ហើយ។
ចំណែកទឹកក៏មានសារៈសំខាន់មិនអាចខ្វះបានដែរ ហើយត្រូវញ៉ាំឱ្យបានច្រើនមិនចាំបាច់ទាល់តែស្រេកនោះទេ។ ជាទូទៅគេញ៉ាំចន្លោះពី៨ទៅ១០កែវក្នុងមួយថ្ងៃ។ ក្រៅពីនេះត្រូវហាត់ប្រាណ ព្រោះការហាត់ប្រាណជាចំណុចសំខាន់បំផុតនៅលើពិភពលោក ដែលភាគច្រើនគេហាត់៤៥នាទីក្នុងមួយថ្ងៃ និង៣ទៅ៤ដងក្នុងមួយសប្តាហ៍។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ផ្ដាំយុវជនយ៉ាងដូច្នេះ ដើម្បីទទួលបានសុខភាពល្អ មានកម្លាំងកំហែងរៀនសូត្រឆាប់ចេះ និងអានសៀវភៅឆាប់យល់៕ ប្រភព៖ www.interconrooster.com

