មនុស្សប្រុស មួយចំនួន តែងតែបោះបង់ប្រពន្ធចោល ក្រោមហេតុផល ឬលេសជាច្រើន ដែលមិនអាចបកស្រាយអស់ តែយ៉ាងណា មានហេតុផលចំនួន៣ខាងក្រោមនេះ ដែលធ្វើឱ្យមនុស្សប្រុសសុខចិត្តលែងលះ ឬបោះបង់ប្រពន្ធចោល តែអ្នកត្រូវចាំថា ក្រោមហេតុផលទាំង៣នេះ វានឹងធ្វើឱ្យអ្នកស្ដាយក្រោយអស់មួយជីវិត ប្រសិនបើវានឹងកើតឡើងពិតមែន។
១. បោះបង់ប្រពន្ធ ព្រោះតែអំពើក្បត់ចិត្ត

ជាការពិតណាស់ មនុស្សប្រុសមួយចំនួន តែងតែសុខចិត្តបោះបង់ប្រពន្ធចោល បន្ទាប់ពីខ្លួនបានក្បត់ផិត ធ្វើបាបចិត្តប្រពន្ធ ព្រោះតែខ្លួនបានទៅលង់ស្រឡាញ់ស្រីក្មេងខាងក្រៅ ឬព្រោះតែមានប្រពន្ធចុង ក៏សុខចិត្តចោលប្រពន្ធ ទាំងដែលប្រពន្ធល្អជាស្រីខាងក្រៅ ឬប្រពន្ធចុងនោះឆ្ងាយណាស។
លើសពីនេះ សុខចិត្តលែងលះដើម្បីផ្គាប់ចិត្តស្រីខាងក្រៅ ទាំងដែលប្រពន្ធរៀបការពេញច្បាប់ រស់នៅជាមួយគ្នាពេញមុខ ក្រាបក្បាលដល់កន្ទេល បែរជាភ្លេចអស់អនុស្សាវរីយ៍កម្សត់កម្រដែលមានជាមួយគ្នា ភ្លេចអស់ទុក្ខលំបាកដែលកាន់ដៃគ្នាពុះពារទម្រាំតែមានថ្ងៃនេះ។
បើអ្នកសុខចិត្តលែងលះ ឬបោះបង់ប្រពន្ធ ព្រោះតែតណ្ហា ការសប្បាយ និងផ្គាប់ចិត្តស្រីខាងក្រៅ អ្នកត្រូវដឹងថា អ្នកនឹងត្រូវស្ដាយក្រោយអស់មួយជីវិត ព្រោះគ្មានស្រីល្អឯណា ព្រមមកយកអ្នក ឬលួចលាក់ ទាំងដែលអ្នកមានប្រពន្ធ ហើយបង្ខំឱ្យអ្នកលែងលះបែបនេះនោះឡើយ។
ចុងក្រោយ អ្នកក៏នឹងត្រូវស្រីនោះបោះបង់ចោលដូចគ្នា នៅពេលដែលអ្នកអស់អីពីខ្លួន ឬអ្នកមិនអាចបំពេញទៅតាមអ្វីដែលនាងនោះចង់បាន ឬអាចហៅបានម្យ៉ាងទៀតថា កម្មពៀរវាមានពិត អ្នកបានធ្វើបែបណាដាក់ប្រពន្ធ នោះស្រីក្រោយ ក៏នឹងធ្វើបែបហ្នឹងដាក់អ្នកវិញដូចគ្នាដែរ។
២. បោះបង់ប្រពន្ធ ព្រោះតែតាមគំនិតឪពុកម្ដាយ

ជាក់ស្ដែងវាមានពិតមែន ដែលមនុស្សប្រុសមួយចំនួន នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុកម្ដាយ ដែលគេច្រើនតែនិយាយថា “ប្រុសគំនិតម៉ែ” ដែលតែងតែស្ដាប់ និងចាំតែត្រាប់តាមបង្គាប់ឪពុកម្ដាយ ទាំងដែលខ្លួនចាស់ហើយ មានគ្រួសារជារបស់ខ្លួនទៅហើយ នៅឡើយតែចាំឱ្យម៉ែឪបញ្ជាបានតាមចិត្តទៀត។
វាជារឿងធម្មតាទេ ដែលក្នុងនាមជាកូនល្អ កូនកត្តញ្ញូ គឺត្រូវតែស្ដាប់តាមឪពុកម្ដាយ ធ្វើតាមឪពុកម្ដាយ។ តែយ៉ាងណាមិញ មិនមែនថារាល់គំនិត និងការចង់បានរបស់ឪពុកម្ដាយយើង សុទ្ធតែត្រឹមត្រូវនោះឡើយ។ យ៉ាងណាក៏ដោយ ជាក់ស្ដែងសម្រាប់ការសម្រេចចិត្តផ្សេងៗក្នុងរឿងគូជីវិត ឬរឿងគ្រួសាររបស់យើង គឺមិនអាចឱ្យឪពុកម្ដាយមកសម្រេចចិត្ត ឬគិតគូរជំនួសយើងបានទាំងស្រុងឡើយ។
ដូច្នេះ ក្នុងនាមជាកូនប្រុសម្នាក់ មិនអាចនៅតែក្រោមសំពត់ម្ដាយ ចាំតែធ្វើតាមម្ដាយគ្រប់រឿង ទាំងដែលប្រពន្ធល្អហើយ តែបែរជាស្ដាប់តាមម្ដាយពេក ដល់ថ្នាក់ព្រមបែកបាក់គ្រួសារ បោះបង់ប្រពន្ធចោល ហើយទៅតាមម្ដាយនោះទេ បើអ្នកធ្វើបែបហ្នឹង អ្នកមិនខុសអីពីអាញី ហើយអ្នកនឹងខុសមួយជីវិត ព្រោះតែសម្រេចចិត្ត តាមគំនិតរបស់ឪពុកម្ដាយទាំងស្រុងបែបហ្នឹង។
៣. បោះបង់ប្រពន្ធ ព្រោះតែភាពលោភលន់ មុខមាត់ ទ្រព្យយសសក្តិ ឬភាពក្រីក្រ

មនុស្សប្រុសខ្លះ ព្រោះតែជីវិតក្រក្រី ក៏បោះបង់ប្រពន្ធចោល ព្រោះអាចនឹងគិតថា មានប្រពន្ធរាសីដាក់ រកស៊ីមិនឡើង។ មួយវិញទៀត ក៏មានមនុស្សប្រុសមួយចំនួន ក៏សុខចិត្តបោះបង់ប្រពន្ធចោល បន្ទាប់ពីរកស៊ីមានបាន សម្បូរបែប មានមុខមាត់ ទ្រព្យធន បែរជាកើតចិត្តលោភលន់ លែងស្មោះចំពោះប្រពន្ធ ហើយក៏បោះបង់ និងលែងប្រពន្ធចោល។
សូមចាំផងថា ការដែលអ្នកអាចរកស៊ីមានបាន ក៏មានចំណែកប្រពន្ធរបស់អ្នកដែរ ព្រោះតែអ្នកមានស្ត្រី ឬនារីដ៏ពូកែម្នាក់ដែលចាំតែជម្រុញ និងលើកទឹកចិត្តអ្នកពីក្រោយនេះហើយ ទើបធ្វើឱ្យអ្នកបានសុខ ស្រណុកស្រួល មានមាសប្រាក់ រកស៊ីសល់ទ្រព្យច្រើន មានមុខមានមាត់ក្នុងសង្គម។
កុំបោះបង់ប្រពន្ធព្រោះតែទ្រព្យធន មាសប្រាក់ យសសក្តិ មុខមាត់ ព្រោះទ្រព្យទាំងនេះ គ្រាន់តែជាទ្រព្យខាងក្រៅប៉ុណ្ណោះ។ តែការដែលអ្នកមាននារីល្អ នារីស្មោះដែលនៅក្បែរ និងព្រមរួមសុខទុក្ខជាមួយអ្នកគ្រប់ពេលវេលាទៅវិញទេ ដែលជាកំណប់ដ៏មានតម្លៃពិតប្រាកដនោះ៕
អត្ថបទ ៖ ភី អេក (PH) / ក្នុងស្រុកសូមរក្សាសិទ្ធិ

