តាមក្បួនហុងស៊ុយ និងចាស់បុរាណដំណាលតគ្នាមកថា ម្ចាស់ផ្ទះទាំងឡាយ មិនថាផ្ទះធំផ្ទះតូច ចាំបាច់ហាម មិនឲ្យរក្សាទុករបស់ ៥ នេះក្នុងផ្ទះនោះទេ បើទោះបីជានៅប្រើបានឬមិនបាន សូមយកវាទៅបោះចោល ដើម្បីបញ្ចៀសសំណាងមិនល្អផ្សេងៗ៖
នាឡិកាងាប់

នាឡិកាគឺជានិមិត្តសញ្ញាតំណាងឲ្យពេលវេលាកំណត់នៃជីវិត នៅពេលដែលវាឈប់លែងដំណើរការ នោះត្រូវបានគេជឿថា បានតំណាងឲ្យសញ្ញាអាក្រក់មួយ ដែលអាចជាការបាត់បង់លាភធំ បាត់បង់សំណាងហើយបញ្ហារមែងចេះតែកើតមានដល់ម្ចាស់ផ្ទះ។
ដូច្នេះហើយនៅពេលដែលនាឡិកាឈប់ដើរ សូមប្រញាប់ជួសជុលឬប្តូរថ្មី មិនអ៊ីចឹងទេសូមយកវាទៅបោះចោលបើអ្នកលែងប្រើប្រាស់។ បញ្ជាក់ នេះសំដៅទាំងប្រភេទនាឡិកាព្យួរជាប់ជញ្ជាំង ដូចគ្នានឹងនាឡិកាដៃ ដែលអ្នកប្រើប្រាស់ជាប្រចាំ។
កាបូបរហែក

កាបូបដាក់លុយ ដាក់លាភ តែបើវារហែកមានន័យថាវារបូត ជ្រុះលាភមកខាងក្រៅអស់ហើយ។ តាមក្បួនហុងស៊ុយគឺត្រូវតែជៀសឲ្យបានការទុករបស់នេះក្នុងផ្ទះ ឬក្នុងបន្ទប់ ជាងនេះតាមតំណតគ្នាគេមិនឲ្យប្រើកាបូបមួយលើសពី ៣ ឆ្នាំនោះទេ មិនថាតែវានៅប្រើបានក៏ដោយ។
ដោយឡែកជុំវិញពណ៌កាបូបលុយថ្មី គួរជ្រើសប្រើប្រាស់ រួមមាន៖
ពណ៌ក្រហម៖ ជួយអ្នកឲ្យមានកូនចៅល្អ ទទួលបានការជ្រោមជ្រែងពីចាស់ទុំ និងគ្រួសារ
ពណ៌បៃតង៖ ជួយទៅលើរឿងលាភសំណាង
ហើយពណ៌ដែលមិនគួរប្រើ៖ ពណ៌ទឹកប៊ិច ពណ៌ទឹកប៊ិចក្រមៅ និងពណ៌ផ្ទៃមេឃ ព្រោះនឹងធ្វើឲ្យកម្លាំងនៃសតិបញ្ញារបស់អ្នកថយចុះ។
ស្បែកជើងខូច

អ្នកអាចមិនចាប់អារម្មណ៍ទេ ហើយចេះតែទុកគរស្បែកជើងដែលខូចជាច្រើនគូនៅខាងក្នុងផ្ទះ។ តាមពិតទៅ វាគឺជាចំណែកមួយដែលនាំបញ្ហាមកក្នុងផ្ទះរបស់អ្នកជារឿយៗ។
លើសពីក្បួនហុងស៊ុយតាមការស្រាវជ្រាវនៅផ្នែកវិទ្យាសាស្រ្តវិញ វាថែមទាំងមានផ្ទុកបាក់តេរី និងមេរោគច្រើនទៀតផង និយាយស្រួលស្តាប់ទៅគ្មានហេតុផលអ្វីដែលអ្នកត្រូវទុកវានោះឡើយ។
ប្រតិទិនចាស់

ស្រដៀងនឹងនាឡិកាអ៊ីចឹងដែរ ចូរប្រើប្រាស់តែប្រតិទិនឆ្នាំថ្មីបានហើយ កុំរក្សាទុកប្រតិទិនឆ្នាំចាស់នៅក្នុងផ្ទះទៀតអី ព្រោះវាអាចរាំងស្ទះដំណើរមានបានដល់ម្ចាស់ផ្ទះ។
វាឥតខុសពីរបស់តំណាងពេលវេលា ម្ល៉េះពេលវេលាត្រូវតែទៅមុខជានិច្ច ឥតដើរថយក្រោយ ឬជាប់គាំងត្រឹមឆ្នាំណាមួយ។ ចំណាំមើលផ្ទះគេធំៗ ផ្ទះគេអ្នករកស៊ី រឿងប្រតិទិន ឬឡង់កាយ៉េនេះមួយ តែងហែកប្តូរផ្លាស់ទៅតាមថ្ងៃថ្មី ខែថ្មី ឆ្នាំថ្មី ឥតឲ្យនៅនឹងមួយកន្លែងឡើយ។
កែវឬចានដែលបែក

មិនថាកែវ មិនថាចាន ដែលបែកមានកម្ទេចអំបែង ត្រូវប្រមូលវាយកទៅបោះចោលឲ្យអស់ ព្រោះរបស់បែកបាក់ទាំងនោះគឺតំណាងឲ្យបញ្ហា។ ដូចគ្នាវាក៏អាចប៉ះពាល់ បង្កើតជាគ្រោះថ្នាក់ ដល់សមាជិកក្នុងផ្ទះផងដែរ អ៊ីចឹងគួររុំវាទៅក្នុងថង់ឲ្យបានស្អាត ហើយយកទៅចោលក្នុងធុងសម្រាម ដើម្បីធានា ក៏នឹងមិនប៉ះពាល់ដល់បងប្អូនអ្នកប្រមូលសម្រាម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

