យោងតាមការPost របស់់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK កាលពីរសៀលថ្ងៃទី០៣ខែមីនាឆ្នាំ២០២១ ស្តីពី ស្ថានីយ៍ទូរទស្សន៏ PNN បានគោរពស្នើសុំមតិយោបល់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីសិក្សាស្វែងយល់ពីដំណើរការ រៀបចំធ្វើការផ្តាស់ប្តូរពីប្រពន្ធ័ផ្សាយទូរទស្សន៍ អាន់ណាឡូក ទៅជាឌីជីថល។
ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០២១ លោក សោម ឆាយា អគ្គនាយករងទទួលបន្ទុកព័ត៌មាន រួមជាមួយអ្នកដឹកនាំស្ថានីយ៍ទូរទស្សន៍ PNN បានគោរពស្នើសុំមតិយោបល់ ដើម្បីសិក្សាស្វែងយល់ពីដំណើរការ នៃការរៀបចំ ថ្នាលទូរទស្សន៍ ឌីជីថល ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងដំណើរការរៀបចំធ្វើការផ្តាស់ប្តូរពីប្រពន្ធ័ផ្សាយទូរទស្សន៍ អាន់ណាឡូក ទៅជាឌីជីថល។
ទាក់ទងកិច្ចការងារនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រាបជូនថា កន្លងមកនេះ ក្រសួងព័ត៌មាន បានលើកជាគម្រោងសម្រាប់ការប្រើប្រាស់ប្រពន្ធ័ទូរទស្សន៍ឌីជីថល ដែលអាចបើកទូរទស្សន៍ តាមរលកធាតុអាកាសច្បាស់ល្អ នៅទូទាំងប្រទេស ដោយអាស្រ័យលើការរៀបចំប្រពន្ធ័ប្រទាក់ក្រឡាគ្នា ។ គម្រោងកិច្ចការងារដ៏សំខាន់នេះ ត្រូវអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន អោយធ្វើជាលក្ខណៈក្រុមហ៊ុនចំរុះរដ្ឋ ដោយរដ្ឋជាអ្នកនាំមុខ ក្នុងទុនប្រតិបត្តិការការងារនេះ។ ដូច្នេះបណ្តាស្ថានីយ៍ទូរទស្សន៍ឯកជនធំៗ អាចចូលរួម ក្នុងប្រពន្ធ័ Digital នេះបាន រួមទាំងស្ថានីយ៍ទូរទស្សន៍ PNN នេះផងដែរ។
តាមរយះដំណើរការងារខាងលើនេះ ថ្នាក់ដឹកនាំពាក់ពន្ធ័ បាននឹងកំពុងពិភាក្សាគ្នាអំពីសមត្ថភាព និងកំរិតទុន ដែលក្រុមហ៊ុនឯកជន នីមួយៗមាន រួមទាំងដំណើរការរៀបចំថ្នាលទូរទស្សន៏ Digital ។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងព័ត៌មាន បានកំពុងរៀបចំគម្រោងផ្លាស់ប្តូរប្រពន្ធ័ទូរទស្សន៍ ពីអានណាឡូក ទៅជាឌីជីថល អោយបានរួចរាល់នៅឆ្នាំ ២០២៣ ខាងមុខនេះ តែមិនមែនមានន័យថា ទូរទស្សន៍ អានណាឡូកទាំងអស់ត្រូវបិទភ្លាមៗនោះទេ គឺបន្តដំណើរទន្ទឹមជាមួយទូរទស្សន៏ Digital ក្នុងកំរិតណាមួយទៀត។ ក្រសួងព័ត៌មាន ក៏នឹងទិញប្រពន្ធ័បញ្ជា ទូរទស្សន៍ ក្នុងតំលៃទាប ដើម្បីចែកជូនមួយចំណែក សម្រាប់ទីតាំងកងកំលាំងប្រដាប់នៅតាមតំបន់ព្រំដែន និងចែកជូនប្រជាជនក្រីក្រ ព្រមជាមួយនិងការលក់ ក្នុងតំលៃទាប រហូតដល់អស់មានការប្រើប្រាស់ទូរទស្សន៍អាន់ណាឡូកនៅកម្ពុជា៕
ដោយ : ទទក







ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

