ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ទីតាំងគឺជារឿងសំខាន់បំផុតមួយ សម្រាប់ការធ្វើអាជីវកម្ម

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ទីតាំងគឺជារឿងសំខាន់បំផុតមួយ សម្រាប់ការធ្វើអាជីវកម្ម
ការផ្សាយពាណិជ្ជកម្ម

#សិក្សាទីតាំង ទីតាំងគឺជារឿងសំខាន់បំផុតមួយសម្រាប់ការធ្វើអាជីវកម្ម។ បើរើសទីតាំងខុស នោះផលិតផល ឬអ្វីដែលយើងចង់លក់នោះ ក៏មិនទទួលបានជោគជ័យដែរ គឺប្រៀបដូចយកលុយទៅបោះចោល។
បើយើងរកទីតាំងមិនបានល្អ ឬពិបាក យើងលក់មិនដាច់ទេ។ ដូច្នេះដើម្បីរកស៊ីទទួលបានប្រាក់ចំណេញ ត្រូវរកទីតាំង ដែលគេហៅថា ផ្លូវមានម៉ូយ កុំរកទីតាំងផ្លូវធំ ឬអាចនិយាយបានថា រកទីតាំងតាមគំរូអាជីវកម្មរបស់ខ្លួនព្រោះបច្ចុប្បន្ននេះសហគ្រិន និងអាជីវករមួយចំនួនចូលចិត្តបើកហាង ឬក្រុមហ៊ុនដោយរកទីតាំងផ្លូវធំជាជាងរកទីតាំងផ្លូវម៉ូយ។ ការណ៍នេះ ធ្វើឱ្យពួកគេប្រឈមនឹងបញ្ហាខ្វះអតិថិជន និងអាចបិទទ្វារទៅវិញបន្ទាប់ពីបើកមិនយូរប៉ុន្មាន។

តាមពិតទៅ សហគ្រិនជោគជ័យ ការបើកក្រុមហ៊ុន គេមិនដែលសង្វាតរកផ្លូវធំនោះទេ គឺគេសង្វាតរកទីតាំងដែលមានមនុស្សច្រើនអ៊ូអរ។ ទីតាំងផ្លូវធំខ្លះមានតម្លៃថ្លៃជាងទីតាំងផ្លូវតូចស្ទើរតែ១គុណនឹង១០ តែបើនិយាយពីផ្លូវម៉ូយវិញ គឺចាញ់ទីតាំងផ្លូវតូចស្រឡះតែម្ដង។មានន័យថា ទីតាំងផ្លូវធំនោះគ្មានមនុស្សចេញចូល គ្មានអតិថិជន តែទីតាំងផ្លូវតូចខ្លះវិញ មានមនុស្សច្រើនកុះករប្រៀបដូចជាកូនប្រទេសមួយអ៊ីចឹង។

ការផ្សាយពាណិជ្ជកម្ម

ឧទាហរណ៍ថា ប្រសិនបើយើងបើកហាងគុយទាវ ឬហាងអាហារនៅទីតាំងក្បែរសាលារៀន ទោះបីទីតាំងនោះជាផ្លូវលំ ឬតូចចង្អៀតក៏ដោយ គឺប្រាកដជាលក់ដាច់ខ្លាំងជាងទីតាំងផ្លូវធំ ដែលគ្មានមនុស្សចេញចូល។ បើយើងក្រឡេកមើលទីតាំងផ្លូវខាងក្រោយវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង នោះយើងនឹងឃើញថា ទីតាំងនេះ ផ្លូវតូចមែន តែដូចជាកូនប្រទេស ឬជាតំបន់បរទេសដូច្នេះដែរ គឺមានអាជីវករលក់ដូរគ្រប់ប្រភេទ ហើយលក់ដាច់ខ្លាំងទៀតផង។

លក់ដាច់ខ្លាំង ព្រោះទីតាំងនេះមានបុគ្គលិករាប់ពាន់នាក់ ហើយមានសិស្សរាប់ម៉ឺននាក់ចេញចូល។ សូម្បីតែអ្នកលក់ទឹកអំពៅ និងពងមាន់អាំងក្បែរវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងមួយខែៗអាចរកចំណូលបានមិនតិចជាងខ្ទង់ពាន់ដុល្លារឡើយ។ ឧទាហរណ៍ ស្ថានីយចាក់សាំងមួយ បើយើងបើកទៅបីជ្រុងបត់អត់បាន គេអត់បើកទេ គឺថា យ៉ាងហោចក៏បានបីជ្រុងអាចចូលបានដែរ។ ចំពោះស្ថាប័នអប់រំទាមទារឱ្យជាកន្លែងដែលមានមហាជនច្រើនហើយងាយស្រួលធ្វើដំណើរ។ យើងត្រូវសិក្សាគ្រប់ចំណុចទាំងអស់ទាក់ទងតាំងពីធនធានមនុស្ស ហិរញ្ញវត្ថុ ស្ថិរភាពនយោបាយ ចំណង់ចំណូលចិត្ត តម្រូវការ និងជំនាញរបស់យើង។

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំឱ្យយោបល់ថា ដើម្បីរកស៊ីចំណេញ គឺរកឱ្យត្រូវ។ មានន័យថា ត្រូវរកទីតាំងដែលគេហៅថា ផ្លូវមានម៉ូយ កុំរកទីតាំងផ្លូវធំ ព្រោះថាបច្ចុប្បន្ននេះ សហគ្រិន និងអាជីវករមួយចំនួនចូលចិត្តបើកហាង ឬក្រុមហ៊ុនដោយរកទីតាំងផ្លូវធំជាងរកទីតាំងផ្លូវម៉ូយ។ ការណ៍នេះ ធ្វើឱ្យពួកគេប្រឈមនឹងបញ្ហាខ្វះអតិថិជន និងអាចបិទទ្វារទៅវិញបន្ទាប់ពីបើកមិនយូរប៉ុន្មាន។

នៅសហរដ្ឋអាមេរិក ហាងដូណាត់របស់គេតូចមួយ ប៉ុន្តែនៅមាត់ផ្លូវធំតម្លៃ៨០ម៉ឺនដុល្លារ ហើយផ្ទះមួយទៀត ផ្លូវចូលបានតែពីរជ្រុង តម្លៃតែ៣០ម៉ឺនដុល្លារ។ ដូច្នេះ ទីតាំងជារឿងដ៏សំខាន់ណាស់ ព្រោះ អតិថិជនងាយស្រួលចូល (Accessible) ហើយចំពោះស្ថានីយប្រេងឥន្ធនៈ ហ្គារ៉ាសសាំង (Gas Station)គឺត្រូវតែមានផ្លូវមុខបួនមានឡានចេញចូលបាន។

ការផ្សាយពាណិជ្ជកម្ម

ចំណុចទី២ គឺតម្រូវការ និងការផ្គត់ផ្គង់ (Demand and supply) នៅស្រុកខ្មែរយើង ប្អូនៗភាគច្រើនគាត់មានពិសោធន៍តិចពេក (Expose)តិចពេក។ ឃើញគេធ្វើអ្វី យើងធ្វើតាមគេ យើងក្លាយជាអ្នកធ្វើតាមពីក្រោយគេ (Follower)យើងក៏មិនមែនជាអ្នកដែលចាប់ផ្ដើមដែរ (Initiator) ទេ។ ដើម្បីឱ្យយើងក្លាយជាអ្នកចាប់ផ្តើមទៅបាន ទាល់តែយើងយល់ច្បាស់អំពីសង្គមពិភពលោក ថាគេចង់បានអ្វី? គេមានអ្វី?ហើយអ្វីខ្លះដែលគេមិនទាន់មាន? យើងធ្វើទៅ ដើម្បីបំពេញតម្រូវការហ្នឹង (Demand and supply)។ បើគេបើកហាងកាហ្វេ យើងចង់បើកដែរ បើកតៗគ្នា អង្គុយខាត អង្គុយចិញ្ចឹមម្ចាស់ផ្ទះគ្រប់ៗគ្នាហ្នឹង។

ឧទាហរណ៍មួយទៀត ហាងលក់ទូរសព្ទ គេបើកយូរហើយ គេនាំចូលទូរសព្ទមក ហើយគេចំណេញធ្វើមហាសេដ្ឋី តែយើងមកបើកលក់តាមគេដែរ។ ធ្វើតាមគេ មិនមែនសុទ្ធតែល្អទេ ហើយក៏មិនមែនសុទ្ធតែមិនល្អដែរ យើងត្រូវសិក្សាពីអាជីវកម្មបែបថ្ងៃរះថ្ងៃលិច (Sun rise and sun set)ថាតើអាជីវកម្មនោះកំពុងតែឡើង ឬក៏កំពុងតែធ្លាក់ចុះ?

ការផ្សាយពាណិជ្ជកម្ម

ចំណុចនេះយើងត្រូវគិតឱ្យបានច្បាស់ កុំឱ្យចេះតែធ្វើតាមគេ។ ធ្វើអាជីវកម្ម មិនមែនគេធ្វើឱ្យតែល្អមើលនោះទេ។ អ្នកបើកហាងលក់កាហ្វេទាំងអស់សុទ្ធតែមហាសេដ្ឋី ព្រោះឪពុកម្តាយគេមិនមែនក្រទេ ហើយគេក៏មានណាស់ដែរ។ គេបើកហាងកាហ្វេមួយ គេចំណាយដើមទុនច្រើនណាស់ រាប់ម៉ឺនរាប់សែនដុល្លារ។

ដូច្នេះ មិនមែនដូចយើងលេងសើចទេ ហើយអ្នកខ្លះដាក់ទៅខាតអស់ខ្មាសគេ នៅពេលជួបមុខឪពុកម្តាយពេលណា គាត់ស្តីឱ្យធ្វើឱ្យបាក់ទឹកចិត្តទៀត។ អ៊ីចឹងបើកអាជីវកម្មមិនមែនចេះតែធ្វើតាមគេ ហើយជោគជ័យនោះទេ គឺត្រូវសិក្សាច្បាស់លាស់ណាស់ ពិសេសនោះគឺទីតាំងតែម្ដង៕

ការផ្សាយពាណិជ្ជកម្ម

………………………………………………..

ដកស្រង់ពីសៀវភៅ៖ គំនិតរកស៊ី គួច ម៉េងលី

ការផ្សាយពាណិជ្ជកម្ម

ទំព័រទី១៣១ ដល់១៣៤ បោះពុម្ពផ្សាយ ខែមីនា គ.ស. ២០១៩

និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ការផ្សាយពាណិជ្ជកម្ម

#MJQUP #គំនិតរកស៊ីគួចម៉េងលី #BusinessIdeas

To grab this collection, please visit every bookstore listed in our below website; https://www.mjquniversitypress.com/…/mengly-j-quachs…/

ការផ្សាយពាណិជ្ជកម្ម