វាជារឿងមួយដ៏សោកសៅបំផុតក្នុងពិភពបាល់ទាត់ពិសេសប្រទេសប្រេស៊ីលទាំងមូល! យន្ដហោះមួយគ្រឿងដឹកប្រធានក្លិប និងកីឡាករ ៤ នាក់របស់ក្លឹបបាល់ទាត់លេងក្នុងលីគទី៤ ប្រេស៊ីល FR Palmas ត្រូវបានគេរាយការណ៍ថាបានធ្លាក់នៅព្រឹកនេះក្នុងឧប្បត្តិហេតុមួយនៅ Tocantins ។

អ្នកនាំពាក្យរបស់ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្ដហោះបានធ្លាក់ភ្លាមៗ ពេលឡើងផុតគន្លងផ្លូវ ស្របពេលហោះឡើងខណៈដែលពួកគេធ្វើដំណើរទៅកាន់ទីក្រុង Goiania ដើម្បីប្រកួតជាមួយក្រុម Vila Nov។ សោកនាដកម្មនេះបានធ្វើឱ្យប្រធានក្លឹបលោក Lucas Meira និងកីឡាករ ៤ នាក់គឺ Lucas Praxedes, Guilherme Noé, Ranule និង Marcus Molinari បានស្លាប់នៅនឹងកន្លែង។

មូលហេតុនៃគ្រោះថ្នាក់នេះកំពុងត្រូវបានស៊ើបអង្កេត ហើយវាក៏កំពុងទទួលបានការយកចិត្តទុកដាក់ពីសមាគមន៍បាល់ទាត់អន្តរជាតិ (FIFA) ផងដែរ។FIFA បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា“ FIFA សូមចូលរួមរំលែកទុក្ខដល់ក្លិប Palmas FR មកពីប្រទេសប្រេស៊ីល”។
FIFA offers its condolences after a plane crash tragically claimed six lives in Brazil – including five members of Palmas Futebol e Regatas. Football extends its deepest sympathies to the victims and their families at this difficult time.
— FIFA (@FIFAcom) January 24, 2021
នេះជាឧប្បត្តិហេតុទី ២ ដែលពាក់ព័ន្ធនឹងក្លឹបបាល់ទាត់ប្រេស៊ីល បន្ទាប់ពីការធ្លាក់យន្ដហោះដ៏រន្ធត់ដែលបានសម្លាប់កីឡាកររបស់ក្លឹប Chapecoense លេងក្នុងលីគកំពូលប្រេស៊ីល Serie A ស្ទើរតែទាំងអស់ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០១៦ ៕



