កាលពីសម័យខ្មែរក្រហម មានមនុស្សជាច្រើនបានស្លាប់ដោយសារតែម្ហូបអាហារ ពោលអ្នកខ្លះស្លាប់ដោយសារសេចក្ដីស្រេកឃ្លាន អ្នកខ្លះស្លាប់ដោយសារលួចម្ហូបអាហារហើយត្រូវគេយកទៅសម្លាប់ ចំណែកអ្នកខ្លះទៀតស្លាប់ដោយសារញ៉ាំអាហារច្រើនជ្រុលបន្ទាប់ពីស្រេកឃ្លានមកជាយូរពេល។
ទិដ្ឋភាពបែបនោះធ្វើឱ្យយើងខ្លោចផ្សារ និងសោកសង្រេងជាពន់ពេក។ ដូច្នោះក្នុងនាមជាមនុស្សជំនាន់ថ្មី ជាមនុស្សក្នុងសតវត្សរ៍ទី២១ដ៏ទំនើប យើងមិនគួរឱ្យទិដ្ឋភាពស្រេកឃ្លានទាំងនោះបន្តមានចំពោះប្រជាជនខ្មែរមកដល់បច្ចុប្បន្ននោះឡើយ។
ពោលយើងត្រូវពូតដៃគ្នាសង្គ្រោះ និងរំលែកទុក្ខលំបាកប្រជាពលរដ្ឋក្រីក្រ តាមរយៈការចែករំលែកគ្រប់ទម្រង់រូបភាពតាមដែលអាចធ្វើទៅបាន។

ការចែករំលែក ពុំមែនទាល់តែមានទ្រព្យសម្បត្តិហៀរហូរ ឬមានលុយកាក់ចាយវាយមិនអស់ទើបអាចចែករំលែកបាននោះទេ។ តាមពិតទៅ មនុស្សគ្រប់រូបសុទ្ធតែមានលទ្ធភាពចែករំលែកបានដូចគ្នា។
មានន័យថា សូម្បីតែយើងជូនអាហារទៅអ្នកខ្វះខាតមួយពេលក៏ហៅថាជាការចែករំលែកដែរ ហើយគ្រាន់តែជូនលុយ១០០រៀលដល់អ្នកសុំទានក៏ហៅថាជាការចែករំលែកបានដែរ ព្រោះអ្នកខ្វះខាតមិនចង់បានអ្វីច្រើនពីយើងនោះទេ គឺគ្រាន់តែបានអាហារមួយពេលដើម្បីចម្អែតក្រពះ គឺច្រើនពេកទៅហើយ។
អ៊ីចឹងក្នុងនាមយើងជាកូនខ្មែរឈាមជ័រតែមួយ គួរតែបណ្ដុះវប្បធម៌ចែករំលែកទាំងអស់គ្នាឱ្យបានទូលំទូលាយ ពិសេសយើងគួរកាត់បន្ថយការដើរចាយវាយខ្ជះខ្ជាយឥតប្រយោជន៍ដូចជាចូលហាងផឹកស៊ី ចូលខារ៉ាអូខេ ទិញសម្ភារៈទំនើបៗ… ព្រោះវាពុំបានធ្វើឱ្យយើងខ្ពស់មុខ ឬមានអ្នកគោរពស្រឡាញ់នោះឡើយ។

បច្ចុប្បន្នខ្ញុំសង្កេតឃើញថា មានបុគ្គលអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភហៀរហូរមួយចំនួនបាន និងកំពុងប្រើប្រាស់ទ្រព្យសម្បត្តិ ឬលុយកាក់របស់ខ្លួនដើរចាយវាយខ្ជះខ្ជាយឥតប្រយោជន៍ ខណៈដែលមនុស្សជាច្រើនកំពុងតែរស់នៅរងទុក្ខវេទនា គ្មានអាហារហូបចុកគ្រប់គ្រាន់ គ្មានផ្ទះសម្បែងរស់នៅសមរម្យ និងខ្វះភាពកក់ក្ដៅក្នុងគ្រួសារ។
វាពិតជាខ្ជះខ្ជាយខ្លាំងមែនទែន ដែលម្ហូបអាហារ និងភេសជ្ជៈទាំងនោះត្រូវខ្ជះខ្ជាយ ហើយយកទៅចាក់ចោល ស្របពេលដែលយើងគ្រប់គ្នាឃើញមានក្មេងៗជាច្រើន ដើរសុំទានដើម្បីចម្អែតក្រពះតែប៉ុណ្ណោះ។
ដូច្នេះខ្ញុំសូមអំពាវនាវថា ប្រសិនបើសល់ម្ហូបអាហារសូមកុំយកទៅចាក់ចោលឱ្យសោះ ត្រូវវេចខ្ចប់យកទៅឱ្យក្មេងសុំទានតាមផ្លូវ និងអ្នកដែលគ្មានអ្វីហូបចុក នោះយើងពិតជាបានបុណ្យខ្លាំងណាស់ ហើយវាពុំមែនជារឿងអសីលធម៌ ឬជារឿងមើលងាយគេនោះទេ។
ព្រោះម្ហូបអាហារទាំងនោះពុំមែនយើងញ៉ាំឡូកឡំ ឬកកូរកកាយពេញហ្នឹងទេ គឺយើងញ៉ាំប្រកបដោយអនាម័យ និងមានស្លាបព្រាផ្សេងសម្រាប់ដួស។

សូមចងចាំក្នុងចិត្តថា សិល្បៈនៃការចែករំលែក គឺជាប្រភពនាំមនុស្សទៅរកសុខសន្តិភាព រីកចម្រើន សម្បូរសប្បាយ និងភាតរភាព។ បើគ្មានការចែករំលែកទេ ជីវិតច្បាស់ជាគ្មានន័យខ្លឹមសារអ្វីទាំងអស់។ បើគ្មានការចែករំលែកទេ ជីវិតគឺប្រៀបដូចជាឋានសួគ៌ និងឋាននរកតែមួយ ដូច្នោះដែរ៕
#ស្រង់ប្រសាសន៍លោកឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី_ដោយក្រុមការងារ_MJQUP

