មេដឹកនាំ ឬជាអ្នកគ្រប់គ្រង កម្រទទួលបាននូវការកោតសរសើរ ឬផលវិជ្ជមានទាំងព្រមណាស់។ ភាគច្រើន គឺតែងតែទទួលបានទាំងផលវិជ្ជមានផង អវិជ្ជមានផង។ ប៉ុន្តែ មេដឹកនាំ ឬអ្នកគ្រប់គ្រងក្រុមហ៊ុនខ្លះ ទទួលបាននូវផលវិជ្ជមានច្រើនជាងអវិជ្ជមាន ខណៈមេដឹកនាំខ្លះទៀត ទទួលបានអវិជ្ជមានច្រើនជាងវិជ្ជមាន។
ម៉្លោះហើយ ដើម្បីធ្វើខ្លួនឱ្យក្លាយជាមេដឹកនាំ ឬអ្នកគ្រប់គ្រងល្អ និងគួរឱ្យគោរព យើងគួរធ្វើយ៉ាងណា ឱ្យមានផលវិជ្ជមាន ច្រើនជាអវិជ្ជមាន។

ដើម្បីទទួលបាននូវផលវិជ្ជមាន អ្នកអាចសាកល្បងអនុវត្តន៍១៣ចំណុចដូចខាងក្រោម៖
១. ត្រូវតែជាមនុស្សដែលមានឆន្ទៈ មានមនសិការថ្លៃថ្នូរ ម្ចាស់ការ ហ្មត់ចត់ ម៉ឺងម៉ាត់ មោះមុត ចំពោះការសម្រេចចិត្ត ចំពោះការងារ មានគោលការណ៍ច្បាស់លាស់ និងមានភាពលម្អិតជានិច្ច។
២. ត្រូវតែជាមនុស្សដែលស្រឡាញ់ការអភិវឌ្ឍ និងមានគំនិតអភិវឌ្ឍន៍តាមសម័យកាលជានិច្ច។
៣. ជាមនុស្ស ស្រលាញ់ការងារ ផ្ចិតផ្ចង់ និងមធ្យ័តចំពោះការងារ។
៤.ជាមនុស្សមានជំនាញ មានចំណេះដឹង និងចំណង់ចំណូលចិត្តខ្ពស់ចំពោះការងារ។
៥. ត្រូវតែជាមនុស្សចេះគិតគូរ និងផ្ដល់អត្ថប្រយោជន៍ ដែលបុគ្គលិកដែលគួរទទួលបាន។
៦. ត្រូវតែជាមនុស្សចេះចែករំលែក ផ្ដល់ចំណេះដឹង និងបណ្ដុះបណ្ដាលដល់បុគ្គលិក។

៧. ត្រូវតែជាមនុស្សចេះរៀបចំផែនការ រចនាសម្ពន្ធការងារ បានច្បាស់លាស់ក្នុងការគ្រប់គ្រង។
៨. ត្រូវតែជាមនុស្សនឹងធឹង ស្ងប់ស្ងៀម ដែលមិនវាយតម្លៃមនុស្សតែសម្បកក្រៅ។
៩. ត្រូវតែជាមនុស្សដែលមានឯករាជ្យ សុក្រឹតភាព តម្លាភាព និងយុត្តិធម៌ខ្ពស់បំផុត ចំពោះបុគ្គលិកទូទៅ។
១០. ត្រូវតែជាមនុស្សដែលមានគំនិតទូលំទូលាយ ចេះផ្ដល់ឱ្យកាសឱ្យបុគ្គលិក។
១១. ត្រូវតែជាមនុស្សចេះបង្កើតបរិយាកាសរីករយាយ ឱ្យបុគ្គលិកចេះស្រឡាញ់រាប់អានគ្នា
មិនឱ្យនិយាយដើមគ្នា ឬប៉ែងជើងគ្នា។
១២. ត្រូវតែជាមនុស្សចេះបង្កើត និងជំរុញឱ្យមានវប្បធម៌ចែករំលែកចំណេះដឹងពីគ្នាទៅវិញទៅមក។
១៣.ត្រូវតែជាមនុស្ស គោរពស្រឡាញ់រាប់អាន និងផ្តល់តម្លៃដល់បុគ្គលិកស្មើៗគ្នា ដោយមិនលម្អៀង ជាពិសេស ចាត់ទុកបុគ្គលិកជាកូន ជាចៅក្នុងត្រកូល ឬដំបូលក្រុមហ៊ុនតែមួយ៕

#ដកស្រង់ប្រសាសន៍លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដោយក្រុមការងារ MJQUP

