ខេត្តកណ្ដាល ៖ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ មានករណីក្មេងប្រុសម្នាក់បានស្លាប់ និងក្មេង១នាក់ទៀតរងរបួសស្រាល បានបង្កការឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ និងបាននាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះ ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ករណីនេះដែរបានកើតឡើងដោយសារតែ ក្មេងៗបាននាំគ្នាលេងមុខផ្ទះ ហើយចាប់ទ្វាររបងដែករុញលេង ស្រាប់តែអកុសលដួលរលំ ហើយសង្កត់ពីលើតែម្ដង។
បើយើងតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់ មានឈ្មោះ រុន ចំរុង អាយុ០៩ឆ្នាំ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។ ចំណែកក្មេង២នាក់ទៀតមានឈ្មោះ ភារ៉ា និងឆៃរ៉ាត់ អាយុ១០ឆ្នាំ ត្រូវចំជើងឆ្វេងរបួសស្រាល ។
សមត្ថកិច្ចស្រុកលើកដែកក៏បានបន្ថែមទៀតថា ក្មេងប្រុសរងគ្រោះ និងគ្នីគ្នា៤ទៅ៥នាក់ បាននាំគ្នាមកលេងនៅក្នុងដីឡូរ៍របស់ជីតាឈ្មោះ ឆោម ឈាង ភេទប្រុស អាយុ៥១ឆ្នាំ និងប្រពន្ធឈ្មោះ យាវ គី អាយុ៥០ឆ្នាំ នៅភូមិ-ឃុំខាងលើ ។ បន្ទាប់មកនាំគ្នាលេងរុញទ្វាររបង ទៅមកៗ ស្រាប់តែធ្វើឱ្យផុតគន្លឹះខ្ទាស់ទ្វាររបូត បណ្ដាលឱ្យរលំទ្វារដែកសង្កត់ពីលើក្មេងប្រុសម្នាក់ឈ្មោះ រុន ចំរុង (ស្លាប់) និងពីរនាក់ទៀតរងរបួសស្រាល៕





