លោក អ៊ុក គឹមឡេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលដឹកនាំដំណើរការធ្វើសេចក្តីព្រាងច្បាប់ បានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈនេះ មាន៨ជំពូក និង៤៣មាត្រា និងមានគោលបំណង ដើម្បីក្សាប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
ច្បាប់ទាំង៨ជំពូក និង៤៣មាត្រានេះមានដូចជា ៖
១. ស្រ្ដីត្រូវបានហាមឃាត់ការស្លៀកពាក់ខ្លីពេករហូតខើចលើខើចក្រោម ការស្លៀកពាក់ស្ដើងលេចកេរ្តិ៍ភេទ ឬការស្លៀកពាក់បង្ហាញផ្នែកខ្លះនៃកេរ្តិ៍ភេទ និងបុរសមិនត្រូវដោះអាវឱ្យខ្លួនទទេរនៅទីសាធារណៈ ឬស្លៀកតែខោទ្រនាប់ដើម្បីបង្ហាញកេរ្តិ៍ខ្មាស។
២. សកម្មភាពហាមឃាត់នៅតាមទីសាធារណៈផ្សេងទៀត ដូចជាការរស់នៅលើចិញ្ចើមផ្លូវ ការសុំទាន ការបង្ហូរចោលកាកសំណល់នៅតាមទីសាធារណៈ ការបិទផ្សាយព័ត៌មាន ឬរូបភាពធ្វើឱ្យប៉ះពាល់ប្រពៃណី និងសាសនា។
៣. ហាមឃាត់ការខាកស្ដោះនៅតាមផ្លូវ និងទីសាធារណៈ ការបន្ទោរបង់ក្រៅបង្គន់អនាម័យ ការចោលសំរាម ឬខ្មោចសត្វនៅរាយប៉ាយតាមផ្លូវ។
៤. ការសង់រោងការ ឬរោងបុណ្យនៅតាមទីសាធារណៈ ឬតាមដងផ្លូវដោយពុំមានការអនុញ្ញាត។
៥. ហាមឃាត់ការជះទឹក ឬការប៉ាតម្សៅ
៦. មិនត្រូវប្រើប្រាស់ឧបករណ៍បំពងសំឡេងខ្លាំងៗ នាំឱ្យរំខានដល់អ្នកដទៃ។
៧. អនីតិជនអាយុក្រោម១៨ឆ្នាំ ត្រូវបានហាមឃាត់ប្រើប្រាស់គ្រឿងស្រវឹង និងចូលក្លឹបកម្សាន្ត។
៨. ហាមឃាត់ការលក់គ្រឿងស្រវឹងពីម៉ោង១២អធ្រាត្រ ដល់ម៉ោង៦ព្រឹក។
យ៉ាងណាមិញ ក្រសួងមហាផ្ទៃក៏បានបញ្ជាក់បន្ថែមផងដែរថា ច្បាប់នេះ អាចនឹងត្រូវចូលជាធរមាននៅចុងឆ្នាំនេះ ឬអាចនឹងដើមឆ្នាំក្រោយ ប្រសិនបើមានការយល់ស្រប និងអនុម័តដោយក្រសួងពាក់ព័ន្ធនានា និងរដ្ឋសភា៕


