វាថាអាចជារឿងចៃដន្យ រាល់ពេលដែលអ្នកក្រឡេកទៅនាឡិកា មើលម៉ោង ឬក្រឡេកទៅទិសដៅណាមួយហើយឃើញលេខស្ទួន និងលេខចម្លែកដែលគួរឱ្យចាប់អារម្មណ៍ ដូចជាលេខ 111, 222, 333, 444, 555 ឬលេខដទៃទៀត។ តែអ្នកប្រហែលជាមិនដឹងនោះទេ យោងតាមច្បាប់ទំនាញសកល លេខទាំងនេះមិនមែនជាលេខធម្មតានោះទេ វាគឺជាការដាស់តឿនអ្វីម្យ៉ាងពីសកលដែលពាក់ព័ន្ធនឹងជីវិតរបស់អ្នក ឬជាការផ្លាស់ប្តូរជីវិតដ៏ធំតែម្តង។


តោះមកដឹងពិអត្ថន័យលេខដែលអ្នកបានឃើញដូចខាងក្រោម ៖
# លេខ ១១:១១ ស្ទួន ឬលេខ ១១១១
តើអ្នកដឹងទេ លេខ ១ នេះ តំណាងឱ្យការចាប់ផ្តើម គឺជាលេខដែលនាំកម្លាំង ថាមពល និងធ្វើឱ្យបំណងប្រាថ្នាដែលអ្នកកំពុងតែគិតក្លាយទៅជាការពិត។
លេខមួយនេះ ត្រូវបានគេដឹងថាជាលេខដែលឧស្សាហ៍ឃើញជាញឹកញាប់បំផុតនៅក្នុងជីវិតមនុស្សម្នាក់ៗ តែមិនសូវជាមានអ្នកដឹងពីអត្ថន័យពិតរបស់វាឡើយ វាត្រូវបានគេដឹងថាជាសញ្ញាក្រើនរម្លឹក ឬពញ្ញាក់អារម្មណ៍អ្វីមួយ។
ក្នុងករណីអ្នកកំពុងតែគិតពីគម្រោងអ្វីមួយ ការឃើញលេខនេះស្ទួនអាចបញ្ជាក់ថាអ្វីដែលអ្នកកំពុងតែគិតគឺត្រឹមត្រូវហើយ អ្នកអាចចាប់ផ្តើមធ្វើវាបានដោយមិនបាច់ស្ទាក់ស្ទើរ ព្រោះសញ្ញានេះជាសញ្ញានៃការជម្រុញទឹកចិត្តតែម្តង។ មួយវិញទៀត ប្រសិនជានៅសុខៗអ្នកស្រាប់តែក្រឡេកឃើញលេខខ ១១ ឬ ១១១១ ស្ទួនបែបនេះ សូមគិតរឿងល្អៗ និងរឿងវិជ្ជមាន នោះរឿងល្អៗនឹងកើតឡើងនៅក្នុងជីវិតអ្នកជាមិនខាន។
# លេខ ២២ ស្ទួន ឬលេខ ២២២
លេខនេះដាស់តឿនពីទំនាក់ទំនងស្នេហារបស់អ្នក ដូច្នេះប្រសិនជាអ្នកសុខៗស្រាប់តែបានឃឃើញលេខនេះ ចូលអ្នកសង្កេតមើលជុំវិញអ្នក និងអ្នកដែលកំពុងតែនៅក្បែរនៅជិតៗអ្នក ឬកំពុងតែចូលនៅក្នុងជិវិតអ្នក។ សូមព្យាយាមចាប់អារម្មណ៍នឹងម្នាក់នោះ និងយកចិត្តទុកដាក់សង្កេតមើលគេផង ព្រោះម្នាក់នោះអាចជាគូជីវិតពិតរបស់អ្នកហើយ។
តែនៅក្នុងមួយផ្នែកទៀត ប្រសិនជាអ្នកកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់ហើយ វាអាចសញ្ញាឱ្យអ្នកចាប់អារម្មណ៍ដៃគូរបស់អ្នក និងធ្វើការប្រុងប្រយ័ត្នឱ្យមែនទែន ព្រោះស្នេហារបស់អ្នកប្រហែលជាកំពុងតែមានបញ្ហា ហើយអ្នកគួរតែឱ្យភាពសំខាន់ទៅលើស្នេហារបស់អ្នក និងកុំស្តាប់សម្តីអ្នកដទៃច្រើនពេក។
# លេខ ៣៣ ស្ទួន ឬលេខ ៣៣៣
លេខនេះបញ្ជាក់ថានៅក្នុងជីវិតរបស់អ្នកកំពុងតែជួបនឹងភាពអតុល្យភាពណាមួយហើយ ហើយវាសញ្ញាដាស់តឿនឱ្យអ្នកព្យាយាមភ្ញាក់រលឹក និងសង្កេតមើលសកម្មភាពដែលអ្នកកំពុងតែធ្វើ។
អ្នកអាចនឹងកំពុងតែភ្លេចធ្វើរឿងសំខាន់ណាមួយ អ្នកអាចនឹងកំពុងតែធ្វើការលើសកម្លាំង អ្នកអាចនឹងញ៉ាំមិនគ្រប់គ្រាន់ ឬទទួលទានដំណេកមិនគ្រប់ អ្នកអាចនឹងកំពុងតែភ្លេចមនុស្សសំខាន់ ឬពេលវេលាសំខាន់ណាមួយ។
នេះហើយជាការដាស់តឿនឱ្យអ្នកកែប្រែជីវិត និងសកម្មភាពរបស់អ្នកឱ្យបានត្រឹមត្រូវឡើងវិញ។
# លេខ ៤ ឬលេខ ៤៤
លេខនេះបង្ហាញពីផ្ទះ និងគ្រួសាររបស់អ្នក ដូច្នេះប្រសិនជាអ្នកបានឃើញលេខនេះ ជាសញ្ញាថាជាពេលវេលាដែលអ្នកគួរតែគិតឡើងវិញ ឬចាប់អាម្មណ៍ពីក្រុមគ្រួសាររបស់អ្នកហើយតើស្ថានភាពពួកគេបែបណា តើមានអ្វីកើតឡើង? ឬអ្នកកួរតែរកពេលវេលាចំណាយនៅជាមួយគ្រួសារឱ្យបានច្រើនជាងមុនក៏ថាបាន។ តែក្រៅពីគ្រួសារ លេខ៤ នេះក៏តំណាងឱ្យមិត្តភក្តិជិតស្និទ្ធបំផុតដូចគ្នា។
អ្វីដែលអ្នកគួរធ្វើពេលឃើញសញ្ញានេះ ចូលគិត និងយកចិត្តទុកដាក់ពីសមាជិកគ្រួសាររបស់អ្នក ហើយរកពេលវេលានៅជាមួយពួកគេប្រសិនជាអ្នកភ្ញាក់ខ្លួនថាមិនមានពេលគ្រប់គ្រាន់ផ្តល់ឱ្យគ្រួសារ។ ឬម្យ៉ាងទៀត សញ្ញានេះអាចដាស់តឿនឱ្យអ្នក ស្វែងរកបញ្ហាខុសប្រក្រតីនៅក្នុងផ្ទះរបស់អ្នក ឬក៏គួរតែផ្លាស់ប្តូរគ្រឿងសង្ហារឹម ឬរបស់ប្រើប្រាស់មិនល្អចេញ ដើម្បីឱ្យផ្ទះរបស់អ្នកមានសិរីសួស្តីសំណាងល្អជាងមុន។
# លេខ ៥ ឬលេខ ៥៥
លេខនេះជាសញ្ញាឱ្យអ្នកចាប់យកឱកាសអ្វីមួយដែលបម្រុងនឹងកើតឡើង ក្នុងការផ្លាស់ប្តូរទិសដៅថ្មីណាមួយ។ កុំខ្លាចការផ្លាស់ប្តូរ សូមតស៊ូ ប្រយុទ្ធ និងសាកល្បងនឹងវា វានឹងនាំឱ្យជីវិតរបស់អ្នកជួបនឹងការផ្លាស់ប្តូរថ្មី និងបទពិសោធន៍ថ្មី។
បើអ្នកកំពុងតែស្ថិតនៅវេលាកំពុងតែស្ទាក់ស្ទើរ ឬរង់ចាំនឹងធ្វើអ្វីមួយ សូមសាកល្បងធ្វើវាចុះ អ្នកនឹងជួបនឹងរឿងថ្មី មនុស្សថ្មី ដែលជាការផ្លាស់ប្តូរដ៏ធំ។ តែយ៉ាងណាអ្នកអាចធ្វើវាសន្សឹមៗពី១ដំណាក់កាលទៅមួយដំណាក់កាល ពីរឿងតូចឆ្ពោះទៅរឿងធំទើបជាការប្រសើរ។
# លេខ ៩:១១ ឬ ៩១១
ខុសពីលេខ ១ ដែលជាការចាប់ផ្តើម លេខ ៩:១១ ឬ ៩១១ នេះ បង្ហាញពីលេខចុងក្រោយ ដែលមានន័យថាជាវេលាដែលអ្នកត្រូវធ្វើការផ្លាស់ប្តូរ ឬចាកចេញពីអ្វីដែលអ្នកកំពុងតែធ្វើ និយាយរួមគឺជាពេលមួយដ៏សាកសមក្នុងការកែប្រែជីវិតអ្នក។
ពេលដែលទទួលបានសញ្ញានេះហើយ បើអ្នកកំពុងតែស្ទាក់ស្ទើរចិត្តថាគួរតែបញ្ចប់ ឬចាកចេញឬក៏អត់ ឈប់ស្ទាក់ស្ទើរទៀតទៅ អ្នកត្រូវតែបញ្ចប់វា ហើយធ្វើអ្វីដែលថ្មីជំនួសវិញ។ ហើយការបញ្ចប់ និងចាកចេញពីអ្វីដែលអ្នកកំពុងតែធ្វើ ឬកំពុងតែគិត អាចធ្វើឱ្យអ្នកស្វែងរកផ្លូវថ្មីដែលល្អជាងមុន និងមានភាពជោគជ័យខ្ពស់ផងដែរ៕
រក្សាសិទ្ធក្នុងស្រុក

