លោកជំទាវរី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែកក្កដា នេះថា “ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនថា បុគ្គលរូបនេះដែលមានរូបថត និងឈ្មោះនៅក្នុងប៉ាសស្ព័រនេះ គាត់ពិតជាបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កពិតប្រាកដមែន ហើយពេលនេះអាជ្ញាធរកំពុងតែស្វែងរកជនរូបនេះ។
គួរបញ្ជាក់ផងដែរថា ស្ត្រីរូបនេះជា ជនជាតិខ្មែរ-អាមេរិកកាំងម្នាក់ ឈ្មោះ VIRA ROSE អាយុ៣៦ឆ្នាំ បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក ហើយមកដល់ពេលនេះសមត្ថកិច្ចកំពុងស្វែងរក។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ផ្ដល់ព័ត៌មាន ប្រសិនបើឃើញស្ត្រីរូបនេះ។
លោកជំទាវ ឱ វណ្ណឌីន ក៏បានបន្ថែមថា “គាត់ជាខ្មែរ-អាមេរិក យប់មិញគាត់នៅទេ ប្រហែលជារត់ចេញពេលរំលងអធ្រាត ហើយ ព្រោះដល់ព្រឹកព្រលឹមម៉ោង៧ ក្រុមគ្រូពេទ្យយកម្ហូបអាហារពេលព្រឹកជូនគាត់ និងតាមដានសុខភាពគាត់ផង ក៏មិនឃើញក្នុងបន្ទប់តែម្ដង”៕


