ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសលទ្ធផលធ្វើតេស្តរកវិជ្ជមាន លទ្ធផលសម្រាប់ថ្ងៃទី ១៣ កក្កដា ២០២០នេះ គឺរកឃើញអ្នកឆ្លងCovid-១៩ ចំនួន៩ករណីបន្ថែមទៀត ក្នុងចំណោមអ្នកធ្វេីដំណេីរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី មកដល់កម្ពុជាកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលជាលទ្ធផលតេស្តវត្ថុសំណាកពួកគាត់លេីកទីពីរទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ គួរបញ្ជាក់ផងដែរថា អ្នកទាំង៩នាក់នេះ គឺសុទ្ធតែប្រុសទាំងអស់ ជាជនជាតិខ្មែរ។
បច្ចុប្បន្ន អ្នកជំងឺទាំង៩នាក់នោះ បានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។ សរុបអ្នកជំងឺ Covid-១៩ទាំងអស់នៅកម្ពុជាដែលបានរកឃើញមានចំនួន ១៦៥នាក់ ស្រី ៤០នាក់ និងប្រុស១២៥នាក់។ អ្នកព្យាបាលជាសះស្បើយ មានចំនួន ១៣៣នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន ៣២នាក់។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារការចម្លងវីរុសដ៏កាចសាហាវនេះឱ្យបានខ្ជាប់ខ្ជួន ហេីយបុគ្គលដែលកំពុងធ្វេីចត្តាឡីស័កចំនួន ១៤ថ្ងៃ ទាំងអស់ ត្រូវគោរពតាមវិធានការនៅដាច់ដោយឡែកនេះ ឱ្យបានល្អ ចៀសវាងការចម្លងបន្តពីបុគ្គលម្នាក់ទៅម្នាក់ទៀត ដេីម្បីការពារការចម្លងនៅក្នុងសហគមន៍៕



