ជីវិតមនុស្សស្រី! បើជោគជ័យពេលនៅលីវ ពិបាករកប្ដីបានណាស់ តែបើមានប្ដីហើយបានជោគជ័យ គេថាមកពីប្ដីឱ្យលុយទំនុកបម្រុង

ជីវិតមនុស្សស្រី! បើជោគជ័យពេលនៅលីវ ពិបាករកប្ដីបានណាស់ តែបើមានប្ដីហើយបានជោគជ័យ គេថាមកពីប្ដីឱ្យលុយទំនុកបម្រុង
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីកាលជំនាន់មុន ប្រាកដណាស់គឺ មិនខ្វល់អំពីការងារ ការរកស៊ីអ្វីនោះឡើយ ដឹងត្រឹមថា ធំពេញរូបពេញរាង គឺត្រូវរៀបការមានគ្រួសារ ក្លាយជាប្រពន្ធគេម្ដាយគេ ការងារជាប្រចាំគឺ ដាំបាយធ្វើម្ហូប រៀបចំផ្ទះសម្បែងមើលថែទាំកូន និងប្ដី ចំណែកកិច្ចការងារអ្វីផ្សេង ធ្វើការរកលុយគឺ តួនាទីរបស់ប្ដី ជាប្រពន្ធមានសិទ្ធត្រឹមនៅពីក្រោយប្ដីតែប៉ុណ្ណោះ ចាំតែប្ដីដឹកនាំបានហើយ ចុងក្រោយ សូម្បីតែហាមាត់និយាយក៏ពិបាកដែរ។

តែសម្រាប់មនុស្សស្រីសម័យនេះ នាងផ្តោតខ្លាំងបំផុតគឺ ត្រូវរឹងមាំដោយខ្លួនឯង មានចំណេះ មានជំនាញ មានមុខរបរ ការងាររកលុយដោយកម្លាំងញើសឈាមរបស់ខ្លួនឯង ព្រោះនាងត្រូវតែជាអ្នកដឹកនាំជីវិតឱ្យខ្លួនឯង មិនអាចចាំតែប្ដីរកស៊ីចិញ្ចឹមនោះឡើយ នេះហើយជាគំនិតរបស់មនុស្សស្រីបច្ចុប្បន្ន។ ប៉ុន្តែរឿងដែលពិបាកសម្រាប់មនុស្សស្រីដែលរឹងមាំពេកគឺ បើនាងអាចមានជីវិតជោគជ័យលើវិថីរកស៊ី ឬធ្វើការ នាងនឹងក្លាយជាមនុស្សស្រីដែលពិបាកនឹងសាងគ្រួសារ និយាយឱ្យខ្លីគឺ ពិបាករកប្ដីណាស់ ព្រោះពេលវេលារបស់នាង បានផ្ដោតខ្លាំងតែលើការងារ ការរកស៊ី ដើម្បីឱ្យបានជោគជ័យ ដូច្នេះ នាងមិនមានពេលគិតរឿងគូស្រករនោះឡើយ។ ហើយពេលដែលនាងអាចជោគជ័យហើយ វាក៏ដល់ពេលដែលនាងមានវ័យជ្រេ ឬចាស់ជ្រុល គឺពិបាកនឹងមានគ្រួសារណាស់ អាចនិយាយបានថា វាក៏ហួសពេលហើយ។

ការផ្សាយពាណិជ្ជកម្ម

ផ្ទុយទៅវិញ បើមនុស្សស្រីដែលជោគជ័យបន្ទាប់ពីរៀបការ មានគ្រួសារ នោះប្រាកដជាត្រូវបានគេនិយាយថា មកពីប្ដីគេមាន មកពីប្ដីជួយជាលុយ ទំនុកបម្រុង ផ្ចង់ផ្ដើមទើបគេអាចសម្រេចកិច្ចការ ឬជោគជ័យលើអាជីពណាមួយ។ ជាការពិតណាស់ មនុស្សស្រីដែលមានគូ ឬពាក្យសាមញ្ញគេនិយាយថា មានគ្នា ពិតជាមានភគរយខ្ពស់ក្នុងការទទួលបានជោគជ័យមែន ព្រោះនាងមានអ្នកចាំជួយជ្រោមជ្រែង ជាកម្លាំងចិត្ត។ ប៉ុន្តែកុំភ្លេចថា មនុស្សស្រីអាចជោគជ័យបន្ទាប់ពីរៀបការហើយគឺមានតិចណាស់ លុះត្រាតែនាងអាចរកបានស្វាមីល្អ មានចិត្តគំនិតទូលាយ និងចាំជួយនាងពីក្រោយ។ តែភាគច្រើនដែលយើងឃើញកន្លងមកគឺ មនុស្សស្រីខ្លះ គាត់រៀបការរយចមិនទទួលបានជោគជ័យទេ តែបែរជាទាល់តែគាត់ជួបជីវិតលែងលះ ឬបែកបាក់ ទើបអាចឱ្យនាងមានឱកាសជោគជ័យបាន។

យ៉ាងណាមិញ មនុស្សស្រីអាចជោគជ័យមាន ៣ ប្រភេទគឺ ៖

ការផ្សាយពាណិជ្ជកម្ម

១. ជោគជ័យពេលនៅលីវ (ពិបាករកប្ដី)
២. ជោគជ័យពេលមានប្ដីហើយ (គេថាមកពីបានប្ដីអ្នកមាន)
៣. ជោគជ័យបន្ទាប់ពីលែងលះ បែកបាក់ (ព្រោះពិបាកចុះសម្រុងក្នុងគ្រួសារ) … ៕

អត្ថបទ ៖ ភី​ អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម