ជាការពិតមួយរយៈចុងក្រោយនេះ គ្រប់គ្នាកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះតំបន់ទេសចរណ៍ព្រៃភ្នំមួយកន្លែងដែលមានឈ្មោះថា ភ្នំខ្នងផ្សារ ។
គួរបញ្ជាក់ផងដែរថា តំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលសព្វថ្ងៃនេះកំពុងទទួលចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសយុវវ័យ ដែលចូលចិត្តដំណើរផ្សងព្រេងក្នុងព្រៃភ្នំ។
ភ្នំខ្នងផ្សារ មានទេសភាពស្រស់បំព្រង ជាតំបន់ព្រៃពណ៌បៃតង ព្រៃភ្នំ ដើមឈឺធំៗព័ទ្ធជុំវិញ គួរឱ្យចង់ទៅកម្សាន្តជាខ្លាំង ដូច្នេះហើយ ទើបមានការបង្ហោះចែកចាយពីមួយទៅមួយ ធ្វើឱ្យតំបន់នេះ ក្លាយជទីប៉ងប្រាថ្នារបស់យុវវ័យគ្រប់រូប។

យ៉ាងណាមិញ ខណៈពេលដែលទីនេះ កំពុងតែក្លាយជាតំបន់ទាក់ទាញភ្ញៀវទេចរណ៍ វាក៏បានធ្វើឱ្យភ្នំខ្នងផ្សារ ហាក់បន្សល់នូវសំរាម កាកសំណល់ជាច្រើន ដោយសារតែមនុស្សមួយចំនួន ដែលបានទៅលេងហើយ មិនជួយថែរក្សា មិនជួយសម្អាត។ បើសិនគ្រប់គ្នាទៅលេងនៅទីនេះ មិនចេះជួយថែរក្សា ការពារ និងសម្អាតទេ មិនយូរឡើយ វានឹងក្លាយទៅជាទីចោលសំរាមវិញជាមិនខាន។
សង្ឃឹមថា អ្នកដែលបានទៅដល់តំបន់ទេសចរណ៍ ភ្នំខ្នងផ្សារ ជួយធ្វើការសម្អាត និងថែរក្សា ការពារទាំងអស់គ្នា ដើម្បីតំបន់ទេសចរណ៍ក្នុងប្រទេសយើង៕
ប្រភពវីដេអូ ៖ Cardamom Mountain




