កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ថានីយសាំងសូគីម៉ិច សង្កាត់ស្ទឹងមានជ័យ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានធ្វើចាប់ខ្លួន លោក ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ និងបក្សពួកពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាង២គីឡូក្រាម។
យោងតាមរបាយការណ៍ស្នងការខេត្ត បានធ្វើការឆែកឆេរ នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធា មុខរបរជា កងរាជអាវុធហត្ថខេត្តតាកែវ (ដែលមានឋានន្តរស័ក្តិ វរសេនីយ៍ត្រី ឋានៈជានាយការិយាល័យបទល្មើសគ្រឿងញៀន) នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ បានដកហូតវត្ថុតាង រួមមាន អាវុធខ្លីចំនួន០២ដើម (ប្រើហ្គាស់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងរុក្ខជាតិញៀន (កញ្ឆា) ក្រៀមចំនួន០២ស្បោង និងការឆែកឆេរ នៅបន្ទប់ជួលរបស់ឈ្មោះ កេន ចាន់រី (ដែលជាបក្សពួក ) ភេទស្រី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតបានវត្ថុតាង រួមមាន ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង ស្លាកលេខម៉ូតូចំនួន០៣គ្រឿង និងកាតគ្រីម៉ូតូចំនួន០២សន្លឹក ។
គួរបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នាំខ្លួនយកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕




