ការផ្លាស់ប្ដូរបរិយាកាសការងារពីកន្លែងមួយទៅកន្លែងមួយទៀតបានក្លាយជារឿងធម្មតាទៅហើយ សម្រាប់បុគ្គលិកបម្រើការនៅតាមបណ្ដាក្រុមហ៊ុនឬស្ថាប័នឯកជននានា។ ការណ៍នេះដោយសារពួកគេចង់ផ្លាស់ប្ដូរបរិយាកាសការងារ ចង់ចែករំលែកចំណេះដឹង ក៏ដូចជារៀនការងារពីកន្លែងការងារថ្មីដើម្បីអភិវឌ្ឍសមត្ថភាព ពិសេសគឺពួកគេចង់ស្វែងរកលាភសក្ការៈផ្ទាល់ខ្លួន។
ជួនកាលការផ្លាស់ប្ដូរបរិយាកាសការងារនេះ ជារឿងល្អសម្រាប់បុគ្គលមួយចំនួន តែបុគ្គលមួយចំនួនទៀតហាក់មិនសូវល្អនោះឡើយ។ មិនសូវល្អក៏ព្រោះតែនៅពេលពួកគេលាឈប់ពីកន្លែងការងារចាស់រួចហើយ ពួកគេបែរជាពិបាករកការងារធ្វើ ខណៈពួកគេមានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់។ ហេតុអ្វី? ព្រោះនៅពេលពួកគេទៅសម្ភាសការងារនៅកន្លែងថ្មី គឺចូលចិត្តនិយាយអាក្រក់ពីកន្លែងការងារចាស់។
ប្រសិនបើយើងចង់មានឱកាសធ្វើការងារនៅកន្លែងថ្មី យើងត្រូវចាំថា ទោះបីជាក្រុមហ៊ុនឬស្ថាប័នដែលយើងបម្រើការងារពីមុនអាក្រក់យ៉ាងណាក៏ដោយ ដាច់ខាតមិនត្រូវនិយាយអាក្រក់ពីស្ថាប័ន ឬក្រុមហ៊ុននោះក្នុងពេលសម្ភាសការងារកន្លែងថ្មីឡើយ។ ហេតុអ្វី? ព្រោះអ្នកសម្ភាសនឹងគិតថា បើយើងជាបេក្ខជនដែលពូកែនិយាយដើមក្រុមហ៊ុនចាស់ រឿងអ្វីដែលយើងមិននិយាយដើមក្រុមហ៊ុនថ្មីនោះ?
ដូច្នេះ ទោះបីយើងមានសមត្ថភាព និងចំណេះដឹងខ្ពស់យ៉ាងណាក៏ដោយ ក៏គេមិនជ្រើសរើសយើងធ្វើជាបុគ្គលិកគេដែរ។ ឧទារហណ៍ គេសួរយើងថា “ហេតុអ្វីអ្នកឈប់ពីកន្លែងការងារចាស់”? យើងឆ្លើយថា “ដោយសារកន្លែងការងារចាស់ទទួលបានប្រាក់ខែទាប ការងារគ្មានស្ដង់ដារ ថ្នាក់ដឹកនាំគ្មានការយកចិត្តទុកដាក់ជាមួយបុគ្គលិក ធ្វើការច្រើនម៉ោង ច្បាប់ការងារតឹងរ៉ឹង ធ្វើការងារគ្មានថ្ងៃសម្រាក កេងប្រវ័ញ្ចកម្លាំងញើសឈាមបុគ្គលិក ហើយប្រធានក្រុមហ៊ុនចូលចិត្តប្រើពាក្យសម្ដីអសុរោះ…”។ ការនិយាយបែបនេះ គេប្រាកដជាពិចារណា និងមិនយកធ្វើជាបុគ្គលិកឡើយ ព្រោះយើងបានបរិហារក្រុមហ៊ុនចាស់។ ប៉ុន្តែបើយើងចេះឆ្លើយ ឧទាហរណ៍ថា “បានជាខ្ញុំសុំលាឈប់ពីការងារកន្លែងចាស់ គឺដោយសារខ្ញុំធ្វើការងារនៅទីនោះយូរឆ្នាំណាស់មកហើយ ម្យ៉ាងខ្ញុំចង់យកចំណេះដឹងដ៏ល្អៗ ដែលខ្ញុំទទួលបានពីកន្លែងការងារចាស់មកចែករំលែក និងចូលរួមអភិវឌ្ឍស្ថាប័នរបស់បង។ មួយទៀត ខ្ញុំក៏មានបំណងរៀនពីការធ្វើការងារ និងច្បាប់ទម្លាប់ពីស្ថាប័នបងផងដែរ ដើម្បីបង្កើនសមត្ថភាពខ្ញុំបន្ថែម”។
ខ្ញុំហ៊ានធានាថា គ្រាន់តែគេឮយើងនិយាយបែបនេះ ៥០%ហើយដែលគេសម្រេចចិត្តទទួលយកយើងធ្វើជាបុគ្គលិករបស់គេ ព្រោះគេគិតថាយើងជាបុគ្គលិកល្អ ជាបុគ្គលិកដែលអាចនាំភាពរីកចម្រើនជូនដល់ស្ថាប័នគេ ជាបុគ្គលិកដែលអាចទុកចិត្តបាន ជាបុគ្គលិកដែលមានចិត្តចង់ចូលរួមអភិវឌ្ឍស្ថាប័នគេ និងក៏ជាបុគ្គលិកដែលមិនចេះនិយាយអាក្រក់ អុជអាល ឬនាំរឿងក្ដៅក្រហាយដល់ស្ថាប័នគេដែរ។ ចំណែក៥០%ទៀត អាស្រ័យលើសមត្ថភាព ចំណេះដឹង បទពិសោធ និងជំនាញដែលយើងមាន តើសមស្របទៅនឹងអ្វីដែលគេចង់បានឬអត់?
ដូច្នេះសូមចងចាំថា ពេលចូលកន្លែងការងារថ្មី ដាច់ខាតកុំដុតស្ពានចាស់ចោល ឬកុំស៊ីហើយជូតមាត់ឱ្យសោះ ព្រោះបើយើងស៊ីហើយជូតមាត់ មានន័យថាយើងកំពុងតែបិទផ្លូវដើរដោយខ្លួនឯង៕
#សម្រង់ប្រសាសន៍លោកឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី_ដោយក្រុមការងារ_MJQUP

