យោងតាមប្រសាសន៍របស់នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលផែនចរាចរណ៍បានថ្លែង នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីអំពីលទ្ធផលនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមស្មារតីអនុក្រឹត្យលេខ ៣៩ រយៈពេល១ខែដំបូង ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ខាងកម្លាំងនគរបាលចរាចរណ៍ផាកពិន័យបានទឹកប្រាក់ប្រមាណជាជាង៧០ម៉ឺនដុល្លារអាមេរិក។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានបន្ថែមទៀតថា ក្នុងចំណោមយានយន្តល្មើសច្បាប់ទាំងអស់មានប្រមាណ២០ភាគរយ គឺមិនទាន់បានមកបង់ប្រាក់ផាកពិន័យនៅឡើយទេ។
គូសបញ្ជាក់ផងដែរថា ក្នុងកំឡុងពេល០១ខែ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នេះ កងកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្តដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោកសរុបមានចំនួន ៤៤,៧៦៥ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្ត ចំនួន៣២,៧២៦ករណី ស្មើនឹង៧៣% និងរថយន្តគ្រប់ប្រភេទចំនួន១២,០៣៩ករណី ស្មើនឹង២៧% ៕




