តោះ! មកដឹងពី ​« ពិធីជញ្ជាត់ព្រលឹង » និង ​« ហៅព្រលឹង ​» របស់ដូនតាបុរាណខ្មែរយើង

តោះ! មកដឹងពី ​« ពិធីជញ្ជាត់ព្រលឹង » និង ​« ហៅព្រលឹង ​» របស់ដូនតាបុរាណខ្មែរយើង
ការផ្សាយពាណិជ្ជកម្ម

កាលណាមានមនុស្សឈឺល្ហិតល្ហៃ អស់កម្លាំងល្វឹងល្វើយ ចេះតែដេកស្តូកស្តឹង មិនចង់និយាយស្តី មេគ្រួសារភិតភ័យ រត់រកគ្រូទាយដើម្បីបានដឹងអំពីមូលហេតុនៃជំងឺ។ គ្រូទស្សន៍ទាយតាមថ្ងៃ ខែ ឆ្នាំអ្នកជំងឺ ដោយផ្អែកទៅលើក្បួនតម្រាតាំងពីបុរាណ ពិនិត្យមើលសព្វគ្រប់អំពីគ្រោះទិន្នំ។ បើលេខក្នុងក្បួនឆ្លើយថា ជំងឺនេះបណ្តាលមកពីខ្មោចយកព្រលឹង ឬព្រលឹងដើរចោលរូបនោះក្បួនតម្រូវឲ្យធ្វើពិធីជញ្ជាត់​ព្រលឹង ឬហៅព្រលឹង។

# ពិធីជញ្ជាត់ព្រលឹង

ការផ្សាយពាណិជ្ជកម្ម

ប៉ុន្តែតាមទំនៀមទំលាប់ខ្មែរយើង គេធ្វើពិធីជញ្ជាត់ព្រលឹងនេះ ដោយភ្ជាប់ពីខាងក្រោយពិធីលៀងអារក្សជាដរាប គឺថាពុំដែលមានពិធីជញ្ជាត់ព្រលឹង ឬហៅព្រលឹងដាច់តែឯងនោះឡើយ។ កាលណាលៀងអារក្សបានចប់សព្វគ្រប់ហើយ ដូនស្នំដែលជាអ្នកចាត់ចែងកម្មវិធីបានប្រាប់អ្នកលេងភ្លេង និងអ្នកចូលរួមដទៃទៀតឲ្យប្រុងប្រៀបរៀបចំធ្វើពិធីជញ្ជាត់ព្រលឹង។ ពេលនោះបុីពកបន្លឺបទ ​ “ភ្នំខ្ទោ​​​​​​​​​​​​​​​“ឮ​​សូរគ្រលួចគួរឲ្យព្រឺក្បាល។ សំឡេងទ្រខ្មែរក៏អម​ទៅជាមួយផងដែរ ហាក់ដូចជូនដំណើរអ្នកច្រៀងដែលបើកបទថា៖ “ស្រណោះភ្នំខ្ទោ ភ្នំខ្ពស់ជ្រងោ មានល្អាងទឹកជប់ ទឹកអើយទឹកជប់ ទឹកនៅក្រោមម្លប់ ដែលគ្រូស្រង់លេង…. “។ល។ គេច្រៀងបទភ្នំខ្ទោនេះដោយមានជំនឿថាព្រលឹងដែលចេញពីរូបទៅតែងទៅត្រាច់កម្សាន្តនៅភ្នំខ្ទោនោះឯង ព្រោះភ្នំនេះមានល្អាងថ្មកន្លុកកន្លៀតច្រើន មានទឹកជប់ត្រជាក់ត្រជំនៅក្រោមម្លប់ឈើធំៗទ្រឈឹងទ្រឈៃគួររីករាយ។

94138759_648539492387889_2853439244825788416_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូច្នេះហើយ កាលណាគេហៅព្រលឹងអ្នកច្រៀងតែងនឹកដល់ឈ្មោះភ្នំខ្ទោនេះធ្វើឲ្យទឹកដីខ្មែរត្រង់នេះ និងទៅទីផ្សេង រស់នៅជានិច្ចនៅក្នុងអារម្មណ៍ខ្មែរក្នុងព្រលឹងខ្មែរ។ អ្នកច្រៀងបុីពក ទ្រខ្មែរចេះតែបន្លឺសូរពិរោះរងំលន្លង់លន្លោចជូនស្នំដឹកនាំនារីព្រហ្មចារី កាន់ឈ្នាងឲ្យដើរជញ្ជាត់ជុំវិញផ្ទះអ្នកជំងឺ។ រាល់តែពេលអូសឈ្នាងជញ្ជាត់ គេតែងយកមកគោះដាក់កញ្ជើ ដែលមាននារីព្រហ្មចារីម្នាក់កណ្តៀតដើរតាមពីក្រោយ។ នារីព្រហ្មចារីម្នាក់ទៀតកាន់អំពៅខ្មៅពីរត្រួយដើរមុខគេហើយបោយហៅ៖ “ព្រលឹងអើយព្រលឹង (ហៅឈ្មោះអ្នកជំងឺ)ទាំងប្រាំបួនដណ្តប់ ចូលមកសព្វគ្រប់ក្នុងរូបកាយ កុំនៅក្នុងព្រៃភ្នំសុីបាយថ្ម សម្លគ្រួស”។

ការផ្សាយពាណិជ្ជកម្ម

ឯដូនស្នំក៏ថាឃ្លាដដែលៗនេះទៀត ធ្វើយ៉ាងណាឲ្យសំលេងហៅព្រលឹងនេះជាប់ឃ្លាគ្នាមិនដាច់រយៈលាយឡំនឹងសម្លេងច្រៀងសម្លេងភ្លេងពិរោះព្រឺព្រួចផង ស្រណោះស្រងេះស្រងោចផង។ លុះជញ្ជាត់ព្រលឹងប្របក់ប្របោយព្រលឹង ហៅព្រលឹងរបៀបដដែលៗនេះបានមួយជុំផ្ទះហើយគេមានធ្វើកិច្ចមួយទៀតគឺនារីព្រហ្មចារីដែលកាន់ត្រួយអំពៅខ្មៅ ជានិមិត្តរូបនៃព្រលឹងទាំង១៩បានប្រគល់ព្រលឹងនេះទៅឲ្យបុរសម្នាក់ដើរតួរជាអ្នកថ្មើរព្រៃ។ គេបានចាត់ឲ្យបុរសម្នាក់ ជាតំណាងគ្រួសារអ្នកជំងឺអង្គុយចាំនៅជណ្តើរផ្ទះ។ អ្នកដើរព្រៃក៏សួរថា៖

“អឺ លោកម្ចាស់ផ្ទះ ជាឬតម?” (តមគឺការបិទមិនឲ្យមានទំនាក់ទំនងជាមួយអ្នកក្រៅ)

ការផ្សាយពាណិជ្ជកម្ម

អ្នកតំណាងឆ្លេីយថា៖

“តម!”លុះសួរលើកទីពីរ អ្នកតំណាងក៏ឆ្លើយថា៖ “ជា!“។

ការផ្សាយពាណិជ្ជកម្ម

អ្នកនាំព្រលឹងសួរទៀតថា៖

“តើផ្ទះនេះពិតជាផ្ទះឈ្មោះ (និយាយឈ្មោះអ្នកជំងឺ) មែនទេ?”

ការផ្សាយពាណិជ្ជកម្ម

តំណាងនោះឆ្លើយថា៖

“ពិតមែនហើយ! តើអ្នកមានការអ្វីបានជាមកសួរដូច្នេះ?”

ការផ្សាយពាណិជ្ជកម្ម

“ឪ! លោកម្ចាស់អើយ ខ្ញុំជាអ្នកថ្មើរព្រៃ បានដើរទៅជួបនឹងព្រលឹងរបស់ (ឈ្មោះអ្នកជំងឺ) ដើរយំសោក វង្វេងក្នុងព្រៃ ចង់វិលត្រឡប់មកផ្ទះវិញដែរតែរកផ្លូវពុំឃើញ គាប់ជួនបានជួបនឹងខ្ញុំក៏បាននាំយកមកក្នុងពេលនេះតែម្តងទៅ”​
អ្នកតំណាងពោលថា៖

“អូ! លោកអ្នកមានចិត្តសប្បុរសអេីយ ខ្ញុំត្រេកអរណាស់ និងសូមថ្លែងអំណរគុណដល់លោកដែល​បានជួយនាំព្រលឹង ឈ្មោះ (ឈ្មោះអ្នកជំងឺ) ទាំង១៩មកប្រគល់ឲ្យសាមីខ្លួនវិញ”

ការផ្សាយពាណិជ្ជកម្ម

ពេលនោះអ្នកតំណាងក៏យកអំពៅខ្មៅទាំងពីរត្រួយ​ដើរឆ្ពោះទៅកាន់អ្នកជំងឺហើយពោលថា ៖

“ព្រលឹងឈ្មោះ(…..) បានវិលមកវិញហើយ សូមព្រលឹងចូលទៅសណ្ឋិតក្នុងខ្លួនឈ្មោះ(….)នេះវិញ មកនៅផ្ទះធំ ទ្រនំខ្ពស់រក្សាប្តីប្រពន្ធ រក្សាម៉ែ រក្សាឪ រក្សាបងប្អូន កុំនៅក្នុតព្រៃភ្នំក្រំថ្ម សុីបាយថ្ម សម្លគ្រួស ខ្លាចសត្វសាហាវ”

រួចហើយក៏គ្រវាសអំពៅខ្មៅបីដងឆ្ពោះមករកអ្នកជំងឺ។ បន្ទាប់មកទៀតអ្នកតំណាងក៏យកចិញ្ចៀនមាសមួយ​វង់ចងនឹងខ្សែអំបោះ ទុកចុងខ្សែសងខាងសំរាប់កាន់ជ្រលក់ទៅក្នុងទឹកផ្តិលហើយគ្រវាសយោលទៅរកអ្នកជំងឺគ្រវាសម្តងរាប់ថាមួយ គ្រវាសពីររាប់ថាពីរ គេគ្រវាសចិញ្ចៀនដោយជ្រលក់ក្នុងទឹកផ្តិលយ៉ាងនេះ ទាល់តែគ្រប់១៩ដង ទេីបគេពោលម្តងទៀតថា៖ “ព្រលឹងអើយ ព្រលឹងឈ្មោះ​ (…..)ទាំងប្រាំបួន​ដណ្តប់មូលមកសព្វគ្រប់ចូលសណ្ឋិតក្នុងអង្គប្រាណ កុំនៅព្រៃភ្នំក្រំថ្ម សុីបាយថ្ម សម្លគ្រួស ខ្លាចសត្វសាហាវមកនៅផ្ទះធំទ្រនំខ្ពស់ រក្សាប្តី ប្រពន្ធ រក្សាកូន រក្សាបងប្អូន រក្សាម៉ែឪ សូមឲ្យជាសះស្បើយ ល្ហើយពីថ្ងៃនេះ ទៅឃ្លានបាយស្រេកទឹករលឹកចំណីមាន​កម្លាំង​មានកំហែងដូចដើមវិញទៅហោង”​ ។

លុះពោលដល់ឃ្លាបញ្ចប់នេះគេយកខ្សែដែលចងចិញ្ចៀននេះមកចងដៃអ្នកជំងឺជានិមិត្តរូបយក​ព្រលឹងមកចូលរូបអង្គវិញ។ ចំណែកឯអំពៅខ្មៅពីរត្រួយនោះគេដោត ឫសៀតនៅក្បាលដំណេកអ្នកជំងឺ។

សូមជំរាបថាសព្វថ្ងៃនេះក៏មានប្រជាពលរដ្ឋនៅជនបទស្រុកស្រែចំការខ្លះៗនៅអនុវត្តពិធីហៅព្រលឹង ឫជញ្ជាត់ព្រលឹងនេះនៅឡើយ។

# ពិធីហៅព្រលឹង

បើកាលណាជំងឺស្ថិតក្នុងសភាពធ្ងន់ធ្ងរដូចជាសន្ធំមិនដឹងខ្លួន ​ភ្លេចភ្លាំងស្មាររតីជាដេីមនោះ​ គេសន្មត់ថា​ ព្រលឹងភាគច្រេីនទាំងតូចទាំងធំ បានដើរចេញពីរូបអ្នកជំងឺទៅកំសាន្តរីករាយនៅឯព្រៃភ្នំក្រំថ្ម។ ដើម្បីឲ្យព្រលឹងវិលមកចូលរូបកាយអ្នកជំងឺវិញនោះ គេត្រូវចាត់ចែងធ្វើពិធីមួយហៅថា “ពិធីហៅព្រលឹង”

ពិធីនេះមានអត្ថន័យប្រហាក់ប្រហែលនឹងពិធីជញ្ជាត់ព្រលឹងដែរ ប៉ុន្តែពិធីហៅព្រលឹងមានទម្រង់លំដាប់តូចជាងពិធីជញ្ជាត់ព្រលឹង។ ម្យ៉ាងទៀតដំណើរប្រព្រឹត្តទៅនៃពិធីនេះក៏មានរយៈពេលខ្លីជាងផងដែរ។​ ដូចគ្នានឹងពិធីជញ្ជាត់ព្រលឹងដែរគេតែងតែធ្វើពិធីហៅព្រលឹងបន្ទាប់ពីលៀងអារក្ស នៅលើផ្ទះនិងលៀងឲ្យចំណីនៅឯដីរួចហើយ។ ដូនស្នំបានតម្រូវឲ្យអ្នកហៅព្រលឹងទៅធ្វើពិធីនេះ នៅជិតអ្នកជំងឺ។ ជាដំបូងបុីពកចាប់បន្លឺសម្លេងពិរោះគ្រលួចគួរឲ្យស្រងេះស្រងោចក្រៃលែង។ ហើយភ្លាមនោះ អ្នកហៅព្រលឹងដែលទ្រផ្តិលដាក់បាយព្រលឹងនោះស្រែកអបសម្លេងតម្រូវទៅតាមសាច់ភ្លេងដែលថ្ងូរបង្អូសយ៉ាងលន្លង់លន្លោចនៃបុីពក។ គេច្រៀងរៀបរាប់អន្ទងព្រលឹងអ្នកជំងឺ (ហៅចំឈ្មោះ)ដែលដើរចោលរូបទៅក្នុងព្រៃភ្នំក្រំថ្មនោះ ឲ្យវិលត្រឡប់មកចូលក្នុងរូបរាងកាយរក្សាម៉ែរក្សាឪប្តី ឬប្រពន្ធ រក្សាកូនចៅ កុំនៅក្នុងព្រៃខ្លាចសត្វសាហាវសុីគ្រួស សុីថ្មមកនៅផ្ទះធំទ្រនំខ្ពស់។

94221485_649107755664396_6461798478883323904_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅពេលដែលអ្នកហៅព្រលឹងច្រៀងអំពាវនាវបក់បោយហៅព្រលឹងនេះ ដូនស្នំ អ្នកភ្លេង ក៏បាននិយាយបន្ទរ បន្ថែមជួយហៅព្រលឹង អ្នកជំងឺផងដែរ តែហៅជាពាក្យសំដីសាមញ្ញធម្មតា មិនមែនហៅជាពាក្យចម្រៀងទេ។​ គេច្រៀងហៅដដែលៗឯដូនស្នំនិងអ្នកភ្លេង ក៏ចេះតែជួយស្រែកបន្ថែមពីលើចម្រៀងនេះជាច្រើនលើកអស់រយៈពេលបីបទ ទើបគេឧបកិច្ចយកស្លឹកឫស្សី ឫស្លឹកឈើជាតំណាងព្រលឹងយកមកដោតសៀតនៅក្បាលដំណេកអ្នកជំងឺហើយគេធ្វើពិធីយោលបក់​ចិញ្ចៀនមាសដោយមានចងខ្សែទាញសង្ខាង។ គេគ្រវាសចិញ្ចៀនពីលើផ្តិលទឹក ព្រមទាំងធ្វើឲ្យចិញ្ចៀនប៉ះទឹកបន្តិចៗហើយយោលមករកអ្នកជំងឺ។ គេគ្រវាសបែបនេះ ដោយរាប់មួយ ពីរ បីរហូតដល់ដប់ប្រាំបួន ទើបយកមកចងកដៃអ្នកជំងឺ ដោយពោលជាចុងក្រោយថា
“ព្រលឹងទាំងប្រាំបួនដណ្តប់អើយចូលមកសព្វគ្រប់ចូលមកនៅក្នុងរូបកាយ (ឈ្មោះអ្នកជំងឺ) កុំនៅក្នុងព្រៃខ្លាចសត្វសាហាវ​ សុីគ្រួសសុីថ្មមកនៅផ្ទះធំទ្រនំខ្ពស់រក្សាម៉ែ រក្សាឪ……….។ល។ និង ។ល។”

ពិធីនេះត្រូវចប់សព្វគ្រប់ត្រឹមពេលអ្នកហៅព្រលឹងយកចិញ្ចៀនមាសមកចងដៃអ្នកជំងឺជានិមិត្តរូប តំណាងឲ្យព្រលឹងដែលវិលពីព្រៃចូលមកកាន់រូបកាយវិញ ៕

អត្ថបទ៖ ចងក្រងនិងរៀបរៀងដោយសាស្ត្រាចារ្យ មៀច ប៉ុណ្ណ មន្ត្រីក្រុមជំនុំទំនៀមទម្លាប់ខ្មែរនៃ ពុទ្ធសាសនបណ្ឌិត្យ

ការផ្សាយពាណិជ្ជកម្ម