ជំងឺកូវីដ-១៩ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ!! ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់!!

Knongsrok
ការផ្សាយពាណិជ្ជកម្ម

ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២០៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរសារនៅលើបណ្ដាយសង្គមហ្វេសប៊ុកទាក់ទិននឹងជំងឺកូវីដ១៩ ដោយក្នុងនោះសម្ដេចបានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺមួយនេះ ព្រោះថាជំងឺឆ្លងដ៏កាចសាហាវនេះគឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

យោងតាមខ្លឹមសារនៅក្នុងទំព័រហ្វេសប៊ុកផេករបស់សម្ដេចបានសរសេររៀបរាប់ដូច្នេះថា “ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសយើង ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួនអ្នកព្យាបាលដែលបានជាសះស្បើយក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង។ ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើងហៅថាកូវីដ-១៩ (covid-19)ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះគឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

ការផ្សាយពាណិជ្ជកម្ម

ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវក៏មានការធ្វើដំណើររណែនរកកល់ស្ទះចរាចរណ៍ទៀតផង។ សូមក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជឹលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗថាស្រុកយើងមិនអីទេនោះ។ បើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ ឬទៅក្នុងចំណោមក្រុមមនុស្សច្រេីន​ គឺអោយតែមេគ្រួសារឬអ្នកដែលចាំបាច់ត្រូវទៅបានហើយ។

សូមបងប្អូនយកការព្រួយបារម្ភនិងភ័យខ្លាចនេះទៅការការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំរាល់ថ្ងៃ ដោយមានអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុវជីវិតរស់នៅបានយូរអង្វែង”។

ការផ្សាយពាណិជ្ជកម្ម

គួរជម្រាបផងដែរថា រយៈ១២ថ្ងៃកន្លងមកនេះកម្ពុជាពុំបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩នេះទេ។ ដោយក្នុងនោះចំនួនអ្នកដែលឆ្លងជំងឺមានសរុប ១២២ ករណី ខណៈចំនួន ១១០ ករណីត្រូវបានព្យាបាលជាសះស្បើយរួចហើយផងដែរ។ ចំពោះករណីដែលនៅសល់ចំនួន ១២ ទៀតគឺកំពុងសម្រាក់ព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ​ និងនៅថ្នាក់ខេត្ដ៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម