ការ​អប​អរ​ពិធី​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​តាម​អន​ឡាញ នឹងជួយ​​​ឲ្យ​​ពលរដ្ឋ​​​​កម្ពុជានៅ​ទូ​ទាំង​​ពិភព​លោក អាចឆ្លង​ឆ្នាំ​ថ្មី​ជាមួយ​​គ្នានៅលើ FACEBOOK

Knongsrok
ការផ្សាយពាណិជ្ជកម្ម

ភ្នំ​ពេញ ថ្ងៃ​ទី​១៥ ខែ​មេសា៖ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រពៃ​ណី​ខ្មែរ ដែល​ជា​ពិធី​បុណ្យ​មួ​យ​ក្នុង​ចំណោម​ពិធី​បុណ្យ​ជាតិ​ដ៏​សំខាន់​បំផុត ​​សម្រាប់កម្ពុជា​នោះ នៅតែអាច​ប្រារព្ធ​ឡើងបាន​តាម​អន​ឡាញ បើ​ទោះ​បីជាមាន​​ការ​រាត​ត្បាត​ជា​សកល​របស់​​វីរុស​កូវីដ–១៩ ដែល​បាន​បង្ខំ​​ឲ្យ​​មានការ​លើក​ពេល​ថ្ងៃ​ឈប់​សម្រាក​នៅ​កម្ពុជា​ផ្ទាល់ និងបាន​​រា​រាំង​មិន​ឲ្យ​​ពល​​រដ្ឋ​កម្ពុជា​ទូ​ទាំង​ពិភព​លោក​ជួប​ជុំ​គ្នា ​ជាលក្ខណៈ​គ្រួ​សារ និង​សហ​គមន៍​តាម​បែប​ប្រពៃ​ណី​ ក៏ដោយ​​។

ព្រឹត្តិការណ៍ «Stay Home Khmer New Year ឬ​ អប​អរ​ ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរពី​ផ្ទះ» នឹង​មាន​ការ​​​ផ្ដល់ជូននូវ​​ការ​លេង​ល្បែង​​ប្រជា​ប្រិយ​ ​ជាច្រើន ​ការ​ប្រគំ​តន្ត្រី និង​ការ​សម្តែង​​​ពីសំណាក់​កំពូលតារា​ចម្រៀង ​តារា​កំ​ប្លែង និងពិធីករកម្មវិធីលេងហ្គេមកម្សាន្ត​ល្បី​ៗ​​​​ប្រចាំ​កម្ពុជា​ ជា​ច្រើនរូបដែលនឹងមានផ្សាយ​​ផ្ទាល់ ជូនទស្សនា ​នៅ​លើ Facebook តាម​រយៈ https://www.facebook.com/IKAREeverywhere/ នៅ​ថ្ងៃសៅរ៍ ទី​១៨ ខែ​មេសា ចាប់​​ពី​ម៉ោង ១០:០០GMT (ត្រូវ​​នឹង​ ម៉ោង​៥​ល្ងាច ម៉ោង​ក្នុង​ស្រុក)​។

ការផ្សាយពាណិជ្ជកម្ម

ការ​អប​អរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ខ្មែរ​តាម​អន​ឡាញ​នេះ នឹង​ត្រូវ​​រៀប​ចំឡើង​ដោយ​អង្គ​ការ​សមា​គម​អន្តរ​ជាតិ​ Kare ហៅ​កាត់​ថា IKARE ដែលមាន​ស្នាក់ការធំនៅសហរដ្ឋ​អាមេរិក។ ​អង្គការនេះក៏​​​ជាអ្នកគ្រប់គ្រង​សារមន្ទីរ​ National Khmer Legacy (កេរិ៍តំណែល​ជាតិខ្មែរ) នៅ​រដ្ឋ Minnesota សហ​រដ្ឋ​អាមេរិក ផងដែរ​។

រាជរដ្ឋា​ភិបាល​កម្ពុជា បានប្រកាស​កាលពីសប្តាហ៍មុន​ថា ថ្ងៃ​​ឈប់​សម្រាក​សម្រាប់ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​​គ្រោងនឹង​ចាប់ផ្តើមពី ថ្ងៃ​ទី​១៤ ដល់​ទី​១៦ ខែ​មេសានេះ នឹង​ត្រូវ​​លើកទៅប្រារព្ធនៅ​ពេលក្រោយទៀត ដើម្បី​ទប់​ស្កាត់​​ការ ​ឆ្លង​វីរុស​កូរ៉ូ​ណា ហើយ​​និយោ​ជិត​ទាំង​អស់ នឹង​ទទួល​បាន​​​ថ្ងៃ​ឈប់​សម្រាក​បន្ថែម​ នៅ​ចុងឆ្នាំនេះ​ ជាការ​​តប​ស្នងការលើកពេលនេះ។ រាជរដ្ឋា​ភិបាល​កម្ពុជា ក៏​បាន​ហាម​មិន​ឲ្យ​ប្រជា​ពល​រដ្ឋ​​ធ្វើ​ដំណើរ​ ឆ្លង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ ចាប់​ពីថ្ងៃ​ទី​៩ ដល់​ទី​១៦ ខែមេសាទូ​ទាំង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ផងដែរ​។

ការផ្សាយពាណិជ្ជកម្ម

ក្នុង​កិច្ច​សម្ភាស​មួយ​តាម​រយៈ​​ Facebook Messenger លោក ​សេក កុសល ជាសមាជិកគណៈ​កម្ម​ការ​រៀប​ចំ​ព្រឹត្តិការណ៍ និង​​ជា​នា​យក​ ចាត់​ការ​ទូទៅនៃ​សមា​គម​ IKARE បាន​ប្រាប់​​​​ឲ្យ​ដឹង​ថា៖ «ការ​រាត​ត្បាត​ជា​សកល​របស់​វីរុស​កុរ៉ូ​ណា ឬ​កូវីដ–១៩នេះ​ បាន​បង្ខំ​​ឲ្យ​​សហ​គមន៍​ នៅ​ក្រៅ​ប្រទេស​ទាំង​អស់ ផ្អាក​រាល់​ការ​ជួប​ជុំ​ជា​សា​ធារណៈ​​នានា​។ ក្នុងនាម​ជា​​អង្គ​ការ​ មិន​រក​ប្រាក់ ចំណេញ​ដែលមាន​បេស​កកម្ម​ ការ​ពារ អភិរក្ស និង​លើក​កម្ពស់​ប្រជា​ពល​រដ្ឋ​ខ្មែរ IKARE មានទំនួលខុសត្រូវ ​ដើរ​តួ​ជាស្ថាប័ន ​គំរូមួយ​សម្រាប់យុវ​ជន​​ជំនាន់​ក្រោយ ពាក់ព័ន្ធនឹង​ការ​បង្វែរបញ្ហាប្រឈម​នានា ឲ្យ​ទៅ​ជា​ឱកាស​វិញ»​។

លោក​បាន​ប្រាប់​បន្ត​ថា៖ «ជាក់ស្ដែងក្នុង​ករណី​នេះ វា​គឺ​ជា​ឱកាសមួយសម្រាប់ឱ្យយើង​ប្រើប្រាស់​បច្ចេក​វិទ្យា ដើម្បី​រក្សា​ទំនាក់​ទំនង ​ជាមួយនឹង​សហ​គមន៍​ខ្មែរ​ នៅទូ​ទាំង​ពិភព​លោក ដោយក្នុងនោះ​រាប់​បញ្ចូល​ទាំង សហ​គមន៍​ខ្មែរនៅសហ​រដ្ឋ​អាមេរិក អូ​ស្ត្រាលី បារាំង កាណា​ដា កម្ពុជា ថៃ ឡាវ វៀត​ណាម និង​កន្លែង​ផ្សេង​ទៀត ដែល​មាន​​ប្រជា​ពល​រដ្ឋខ្មែរ​ រស់​នៅ​»​។

ការផ្សាយពាណិជ្ជកម្ម

ព្រឹត្តិ​ការណ៍​​​តាម​អន​ឡាញ​នេះ នឹងប្រព្រឹត្ត​ទៅ ដោយមាន​​ការ​សូត្រ​មន្ត​របស់​ព្រះ​សង្ឃ​តាម​បែប​ព្រះ​ពុទ្ធ​សាស​នា ដែល​​ប្រជា​ពលរដ្ឋ ​កម្ពុជា តែង​តែត្រង់​ត្រាប់​​​ស្តាប់ នៅ​ពេល​ដែលពួកគាត់​យក​ចង្ហាន់​ និង​គ្រឿង​បូ​ជា​ផ្សេង​ៗ​ទៅ​តាម​វត្ត​អារ៉ាម​នានា ដើម្បី​អប​អរ​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ខ្មែរ​។

ព្រះ​តេជ​គុណ ម៉ឹង សាង ព្រះ​ចៅ​អធិ​ការ​វត្ត​មុនីសុ​តា​រាម និង​ជា​ប្រធាន​ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ​នៅរដ្ឋ Minnesota ស​ហ​រដ្ឋ​អាមេរិក នឹង​សូត្រ​មន្ត​ដើម្បី​ប្រោស​ព្រហ្ម​​ពុទ្ធ​សាស​និក ក្នុង​ការ​​អប​អរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ តាម​អន​ឡាញនេះ​។

ការផ្សាយពាណិជ្ជកម្ម

ក្នុង​កិច្ច​សម្ភាសមួយ​ជាមួយ​នឹងសារ​ព័ត៌​មាន​វី​អូ​អេ ភាសាខ្មែរ ​ព្រះ​តេជគុណ​ ម៉ឹងសាង មាន​សង្ឃ​ដីការ​​​ថា៖ «បើ​ទោះ​បី​ យើង​មិន​អាច​អប​អរ​​បាន​ជា​ធម្ម​តា ដោយ​សារ​តែ​វីរុស​កូរ៉ូ​ណា​ ក៏ដោយ ប៉ុន្តែ យើង​នៅ​តែ​អាច​សម្តែង​នូវទឹកចិត្តស្មោះ​ស្ម័គ្រ និង​ក្ដី​គោរព​ដល់​វប្បធម៌ និង​ប្រពៃ​ណីជាតិ​របស់​យើង បានដដែល​»​។

ព្រឹត្តិការណ៍នេះ ក៏​នឹង​មានការ​សម្តែង​ជូននូវ​ក្បាច់​គុណ​ល្បុក្ក​តោ ដែល​ជា​សិល្បៈ​ក្បាច់​គុណ​បុរាណ​​ខ្មែរផងដែរ ដោយដឹកនាំការសម្ដែង​ដោយ​លោក​គ្រូ ប្រាជ្ញ កេន​យ៉ា ពីផ្ទះ​​របស់​លោក​ផ្ទាល់ ក្នុងរដ្ឋ San Francisco​។

ការផ្សាយពាណិជ្ជកម្ម

លោក​ កេន​យ៉ា បានធ្វើ​ជា​គ្រូបង្វឹក​​ក្បាច់​គុណ​ល្បុក្ក​តោ​ ​អស់​រយៈពេល​​ជាង​៣០​ឆ្នាំមក​ហើយ និងបាន​បង្វឹក​សិស្ស​​​ជាង​១០០០​នាក់ រួច​មក​ហើយ​។ លោក​គ្រូ​តា​​វ័យខ្ទង់​៦០​ឆ្នាំ​រូបនេះ បច្ចុប្បន្ន​ កំពុង​​បង្រៀន​ក្បាច់​គុណ​ល្បុក្កតោ ដល់​សិស្ស​គុណ ​​ប្រមាណ​ជា​២០០​នាក់ ប៉ុន្តែ លោក​តា​បាន​ផ្អាក​​ថ្នាក់​បង្រៀន​​របស់​លោក​ជា​បណ្តោះ​អាសន្ន​ ដោយ​សារ​តែ​វីរុស​កូរ៉ូ​ណា​។

ក្នុង​កិច្ច​សម្ភា​សមួយ​តាម​ទូរ​ស័ព្ទ​ លោក​តា​បាន​ប្រាប់​សា​រព័ត៌​​មាន​វី​អូ​អេ ថា៖ «ក្នុង​នាម​​យើង​ជា​ពល​រដ្ឋ​កម្ពុជា ខ្ញុំចង់​​ឲ្យ​​​យើង​មាន​ សាម​គ្គី​ភាព​ចំពោះគ្នា។ នៅប្រទេសក្រៅរាល់ថ្ងៃនេះ មិនសូវជាសម្បូរបងប្អូនខ្មែរយើងរស់នៅប៉ុន្មានទេ។  ហេតុនេះ យើង​គួរ​តែចេះ​ស្រឡាញ់​គ្នា ហើយ​ជា​ពិសេស​ស្រឡាញ់​វប្បធម៌​ខ្មែរ​យើង​»​។

ការផ្សាយពាណិជ្ជកម្ម

តារា​កិត្តិ​យស​ផ្សេង​ទៀត ដែលគ្រោង​​​នឹង​សម្តែង​ក្នុង​ព្រឹត្តិ​ការណ៍នេះ រួម​មាន តារា​ចម្រៀង​ល្បី​ៗ​ជាច្រើន​របស់​កម្ពុជា ដូច​ជា កញ្ញា ចេន សាយ​ចៃ ដែល​នឹង​ច្រៀង​បទ​ចម្រៀង​ប្រពៃ​ណីខ្មែរ រួម​ជា​មួយ​នឹង​តារា​ចម្រៀង​កម្ពុជា​ផ្សេង​ទៀត ដូច​ជា លោក ​វី ជីវ័ន្ត លោក​ សាន ផានិត កញ្ញា ចាន់ឡៃ វលក្ខណ៍ និងលោក ​សាល ចាន់ស៊ី​។

ក្នុង​កិច្ច​សម្ភាស​តាម Facebook Messenger លោក ​សេក កុសល បានប្រាប់បន្ថែម​ទៀត​ថា៖ «គោល​បំណង​សំខាន់​​ ក្នុង​ព្រឹត្តិ​ការណ៍នេះ គឺចង់​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ នៅ​គ្រប់​ទីកន្លែង បានជ្រាបថា ការដែលយើងផ្សារភ្ជាប់ទំនាក់ទំនងគ្នា ឆ្លងមហាសមុទ្របែបនេះ  វាជួយឱ្យកេរ្ដិ​តំណែល និង​ប្រវត្តិ​សាស្ត្រ​របស់​ប្រជាជន​យើង ​មិន​សាប​សូន្យ​ទៅណាឡើយ​។ ថា​​ជារឿង​​អកុសល្យក៏បាន ​ជា​រឿង​កុសល្យក៏បាន ថាស្ថានភាព​បច្ចុប្បន្ននេះ គឺផ្តល់​ឲ្យយើង​នូវ​ឱកាសដ៏កម្រមួយ ដើម្បី​ចាប់​ផ្តើម​ភ្ជាប់ទំនាក់ទំនងគ្នាជាស្ពាននេះ​។ កម្ពុជា ធ្លាប់​បាន​ខកខានប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ កាលពីថ្ងៃ​ទី​១៧ ​មេសា ​១៩៧៥ម្ដងរួចទៅហើយ [ដោយ​សារ​តែរបប​​ខ្មែរក្រហម]​។ យើង​មិន​ចង់​ខក​ខានការ​អប​អរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃ​ណី​ខ្មែរ​​ម្តង​ទៀត នៅថ្ងៃ​ទី​១៨ មេសា ​២០២០ នេះឡើយ​»​៕

ការផ្សាយពាណិជ្ជកម្ម
92953194_3195424440476624_5590053347680845824_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម