ដូចយើងបានដឹងហើយថាវីរុសកូរ៉ូណាថ្មី Covid-19 បានក្លាយទៅជាវីរុសដែលកំពុងតែរាលដាលខ្លាំងទូទាំងពិភពលោក សូម្បីតែប្រទេសកម្ពុជាយើង បើគិតមកទល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ នេះ កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុស Covid-19 ចំនួន ១២ករណីហើយ។
ដើម្បីបង្ការការីករាលដាល មកទល់ពេលនេះក្រសួងអប់រំ បានចេញសេចក្ដីប្រកាសទាក់ទងនឹងការឈប់សម្រាកវិស្សមកាលតូចចំពោះគ្រឹស្ថានអប់រំគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណឯកជនទូទាំងប្រទេសផងដែរ បន្ទាប់ពីបានប្រកាសការឈប់សម្រាកមុនវិស្សមកាលតែនៅទីក្រុងសៀមរាប និងរាជធានីភ្នំពេញប៉ុណ្ណោះ។



បើទោះបីជាសិស្ស និងនិស្សិតបានឈប់មុនកំណត់ក៏ដោយ តែក៏សូមឱ្យប្អូនៗមេត្តានៅថែរក្សាសុខភាពនៅផ្ទះ កុំទាន់អាលអរថាឱ្យសម្រាកលំហែរកាយឱ្យសោះ និងកុំចេញដើរលេងទៅណាផ្តេសផ្តាសអី។
ដោយក្នុងនោះ តាមរយៈគណនី Vathana Sann បានរៀបរាប់សារមួយដ៏វែងអន្លាយដ៏មានន័យដល់ប្អូនៗសិស្សៗ និងនិស្សិតថា៖
« តោះ … យើងនិយាយគ្នាអោយច្បាស់លាស់បន្តិចណា….
ពេលនេះក្មួយៗនៅសាលាចំណេះទូទៅទាំងអស់បានវិស្សមកាលហើយ ចំណែកប្អូនៗនៅសាកលវិទ្យាល័យក៏បានឈប់សម្រាកដែរ …. មិនបាច់មករៀនទេក្នុងមួយរយៈពេលនេះ
១. កុំបាច់ drama ថានឹកសាលាណាស់ នឹកមិត្តភក្តិណាស់ នឹកគ្រូណាស់អី ព្រោះម្សិលមិញទើបរអ៊ូថា ម៉េចបានជាសាលានៅភ្នំពេញនិងសៀមរាបបានឈប់ ហើយខ្ញុំនៅត្រឹមតាខ្មៅ ក្បែរភ្នំពេញបែរជាមិនអោយឈប់
២. នាំគ្នាទៅផ្ទះ ទៅថែរក្សាម៉ែឪ និងប្អូនៗតូចនៅផ្ទះ ព្រោះពួកគាត់ត្រូវទៅធ្វើការ ហើយប្អូនៗតូចៗរបស់យើងអត់មានអ្នកណាជួយមើលទេ
៣. កុំអោយនាំគ្នាផ្តុំត្រកុំជើងនៅតាមរោងកុន ហាងកាហ្វេ ឬតាម…. អោយសោះណា ម៉ែឪយើងគិតគូរពីយើងខ្លាំងណាស់ ខ្លាចយើងឈឺ ខ្លាចយើងឆ្លងរោគ … នាំគ្នាទៅផ្ទះទៅ
៤. តែកុំស្មានថាឈប់បែបនេះ គឺរួចខ្លួនណា ប្រឡងគឺនៅតែប្រឡង បាក់ឌុបនៅតែបាក់ឌុប ឌីប្លូមនៅតែឌីប្លូម ដូច្នេះកុំដកដង្ហើមចោលណា កាន់សៀវភៅ រៀនដោយឯករាជ្យទៅ ព្រោះម្នាក់ៗចង់ឯករាជ្យណាស់
៥. បន្តិចទៀតការបង្រៀនជាលក្ខណៈ Distance Learning ឬ E-Learning នឹងមានព្រោងព្រាត តាមហ្វេសប៊ុកផង Youtube ផង និង E-Learning Platform ទៀត …. កុំនិយាយថាមិនដឹងរៀនតាមណា ព្រោះទូរស័ព្ទមាននៅនឹងដៃហើយ កុំលេងហ្វេសប៊ុកអី ខំរៀនណា
៦. ផឹកទឹកអោយបានច្រើនកុំអោយស្ងួតមាត់ និងស្ងួតបំពង់ក ថែទាំសុខភាពអោយបានល្អ កុំអោយឈឺអោយសោះ … ឈឺទៅវាពិបាកណាស់
៧. តាមដានស្តាប់ព័ត៌មានពីក្រសួងសុខាភិបាល និងក្រសួងអប់រំ អោយបានជាប់លាប់ ហើយកុំជឿព័ត៌មានពីប្រភពហ្វេសប៊ុកដែលនាំជ្រួលច្របល់ និងមិនគួរអោយទុកចិត្ត
ពូស្រឡាញ់ក្មួយ ហើយបងស្រឡាញ់ប្អូនៗណាស់ តែម៉ែឪយើង ស្រឡាញ់យើងជាងបង និងជាងពូ មិនអាចគណនាបាន … កុំអោយគាត់ពិបាកចិត្តអោយសោះណា »៕




