តើមនុស្សម្នាក់ៗទាល់តែត្រូវរៀបការ សាងគ្រួសារ ទើបមានអនាគតមែនទេ?

Cover Sad 2
ការផ្សាយពាណិជ្ជកម្ម

ជាការពិត មនុស្សម្នាក់ៗ ត្រូវតែរៀបការ សាងគ្រួសារ ព្រោះគ្រប់គ្នា សុទ្ធតែមានគូ។ ការរៀបការ គឺជាការបង្កើតគ្រួសារមួយ ដើម្បីឱ្យមនុស្សម្នាក់ចូលមករួមដំណើរជីវិត អាចកំដរគ្នា តស៊ូពុះពារ ខិតខំប្រឹងប្រែង ជាពិសេស គឺមានគ្នាជួយធ្វើការរកលុយ និងមើលថែពេលឈឺថ្កាត់ ឬពេលចាស់ទៅ។

តែមានរឿងមួយ ដែលខ្ញុំតែងតែឆ្ងល់ ហើយនឹកមិនអស់ចិត្ត ជាមួយនឹងគំនិតរបស់ចាស់ៗ ក៏ដូចជាមនុស្សមួយចំនួន ដែលគាត់បានយល់ថា “ មនុស្សយើង ត្រូវរៀបការ សាងគ្រួសារ ទើបមានអនាគត ” សំណួរខ្ញុំគឺ “ ទាល់តែរៀបការ ទើបអាចមានអនាគតមែនទេ ” “ ទាល់តែរៀបការ បង្កើតកូន ទើបគេហៅថាមានអនាគតឬ? ” ។

ការផ្សាយពាណិជ្ជកម្ម

ការដែលខ្ញុំសួរបែបនេះ ក៏ព្រោះតែមានមតិរើសអើងក្នុងសង្គមមួយចំនួនធំ ដែលចង់ផ្ដោតលើ “ ការស្រឡាញ់ភេទដូចគ្នា ” ក្នុងពេលបច្ចុប្បន្ននេះ ដែលក្នុងសង្គមយើងកំពុងតែកើតមាន។ ចំណុចមួយនេះ វាជារឿងដែលយើងត្រូវដឹង និងគួរតែបកស្រាយឱ្យបានច្បាស់ ដឹងថារឿងនេះ មានមនុស្សជាច្រើន មិនអាចទទួលយកបាន ជាពិសេសគឺ ក្រុមគ្រួសារ ប៉ាម៉ាក់ របស់អ្នកដែលមាន បងប្អូន កូនចៅ ដែលមានចិត្តបែបនេះ។

ការផ្សាយពាណិជ្ជកម្ម

គ្រប់គ្នា តែងតែគិតដល់ចំណុចតែមួយគឺ ត្រូវរៀបការ បង្កើតគ្រួសារ បង្កើតកូនចៅ ទើបមានអនាគត។ ខ្ញុំចង់សួរបក សម្រាប់អ្នកគិតបែបហ្នឹងវិញថា ចុះអ្នកខ្លះ រៀបការ សាងគ្រួសារ មានកូន តែក៏ត្រូវ ឈ្លោះទាស់ទែង ខ្វែងគំនិតគ្នា វាយតប់ ប្រើហិង្សា កាប់ចាក់គ្នានោះ តើអនាគតនៅត្រង់ណា? ចុះអ្នកខ្លះ រៀបការហើយ មិនគិតរកស៊ី ប្ដីទៅដោយប្ដី ដើរលេង ផឹកស៊ី មានស្រីញី ធ្វើបាបចិត្តប្រពន្ធកូន ក្រុមគ្រួសារ តើអនាគតបែបហ្នឹងមែនទេ? អ្នកខ្លះ រៀបការហើយ មានតែរឿងគ្រាំគ្រា វេទនាផ្លូវកាយ ផ្លូវចិត្ត មានតែការធ្វើបាបចិត្តគ្នា វាជាអនាគតមែនទេ?

ចំណែកចំណុចមួយទៀត ខ្ញុំសុំទោស បើនិយាយទៅខុសចិត្តគ្រប់គ្នា ជាពិសេស គឺក្រុមគ្រួសារ និងអ្នកដែលមានចិត្តជាឪពុកម្ដាយ។ ពួកគាត់ តែងតែចង់ឃើញកូន មានប្ដី មានប្រពន្ធ និងអាចមានកូនទៅថ្ងៃមុខ ពេលខ្លះ គាត់បង្ខំកូន ឱ្យរៀបការ បង្កើតគ្រួសារ បង្កើតកូន គាត់ថា ដើម្បីអនាគត ចំណុចនេះ ខ្ញុំនៅតែឆ្ងល់ដដែល អនាគតមានបាន ទាល់តែមានកូនឬយ៉ាងណា? តែសម្រាប់ខ្ញុំ វាមិនមែនទេ ការដែលគាត់ចង់ឱ្យកូនការ មានគ្រួសារប្ដីរប្រពន្ធភេទផ្ទុយគ្នា ក៏ព្រោះតែគាត់ខ្លាចខ្មាសគេ ខ្លាចអាបឱនកិត្តិយស ខ្លាចបាក់មុខច្រើនជាង ព្រោះបើមានកូនចៅ ស្រឡាញ់ភេទដូចគ្នា នោះនឹងត្រូវអ្នកដទៃ សើចចំអក ឡកលើយ ពេបជ្រាយ។ ត្រង់នេះហើយ ដែលខ្ញុំចង់សួរឱ្យបានច្បាស់ថា ឱ្យកូនរៀបការ បង្ខំចិត្តកូន ដើម្បីកិត្តិយសមុខមាត់ ឬព្រោះចង់ឃើញកូនមានអនាគត?

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំមិនដឹងទេថា គ្រប់គ្នាមានគំនិតបែបណា តែជាធម្មតា ការគិតរបស់មនុស្សគឺតែងតែផ្ទុយគ្នា តែសម្រាប់ខ្ញុំ ការមានអនាគត មិនមែន ទាល់តែរៀបការ មានគ្រួសារ មានកូនតាមធម្មជាតិកំណត់នោះឡើយ សំខាន់ ឱ្យតែមនុស្សពីរនាក់ស្រឡាញ់គ្នា ចេះមើលថែ ការពារគ្នា អាចតស៊ូពុះពារ ខិតខំពួតដៃគ្នារកស៊ី មានបាន មានសុភមង្គល មានក្ដីសុខ ទាំងកាយ និងចិត្ត ជាពិសេស គឺមានសេរីភាព ក្នុងការសម្រេចចិត្តជ្រើសរើសគូ ជ្រើសរើសផ្លូវដើរដោយខ្លួនឯង អាចបានរៀបការ រស់នៅជួបជុំមនុស្សដែលខ្លួនស្រឡាញ់ នោះហើយជាអនាគតដែលគ្រប់គ្នាចង់បាន។

ការផ្សាយពាណិជ្ជកម្ម

សូមកុំរើសអើង កុំមាក់ងាយ កុំទិតៀន ចំពោះស្នេហារបស់នរណាម្នាក់អី គ្មានអ្នកណាចង់កើតមក ជាមួយនឹងបញ្ហា ឬធ្វើអ្វីឱ្យខុស ឱ្យអ្នកដទៃពេបជ្រាយឡើយ តែវាជាធម្មជាតិនៃចិត្ត ធម្មជាតិនៃក្ដីស្រឡាញ់ សំខាន់ គេអាចមើលថែគ្នា អាចស្រឡាញ់ និងផ្ដល់ស្នាមញញឹម និងក្ដីសុខក្នុងចិត្តពួកគេ។ អ្នកខ្លះ សើចចំអកឡកលើយ មើលងាយ រើសអើងគេ តែខ្លួនឯងវិញ គ្មានទាំងអ្នកស្រឡាញ់ឱ្យកក់ក្ដៅក្នុងជីវិតផង៕

អត្ថបទរក្សាសិទ្ធដោយ៖  ​Panha PR

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម