អានបង្កើនចំណេះ! ក្នុងនាមជាកូនខ្មែរឈប់អានសំនៀងបរទេស ​មកស្គាល់ពីប្រភេទ និងឈ្មោះឧបករណ៍ភ្លេងបុរាណខ្មែរទាំងប៉ុន្មានវង់នៅឱ្យបានត្រឹមត្រូវ

អានបង្កើនចំណេះ! ក្នុងនាមជាកូនខ្មែរឈប់អានសំនៀងបរទេស ​មកស្គាល់ពីប្រភេទ និងឈ្មោះឧបករណ៍ភ្លេងបុរាណខ្មែរទាំងប៉ុន្មានវង់នៅឱ្យបានត្រឹមត្រូវ
ការផ្សាយពាណិជ្ជកម្ម

ខ្មែរជាជាតិសាសន៍មួយ ដែលមានសិល្បៈវប្បធម៌ចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៏ សូម្បីតែវប្បធម៌ក៏ត្រូវបានមនុស្សម្នាស្គាល់ជា លក្ខណៈសកលដែរ។ ព្រមជាមួយគ្នានេះដែរសិល្បៈស្ថាបត្យកម្មដែលប្រកបដោយទេពកោសល្យច្នៃប្រឌិត ខ្មែរក៏មាន សិល្បៈតូរ្យតន្រ្តីរបស់ខ្លួនដែលបានថែរក្សាគងវង្សរហូតមកដល់បច្ចុប្បន្ន។

ភ្លេងបុរាណខ្មែរ ត្រូវគេស្គាល់ថាមានលក្ខណៈពិសេសសម្គាល់តាមរយៈឧបករណ៏ ៤ ប្រភេទដែលគេប្រើខ្សែដូចជា សំរាប់ដេញ កេះ កូត និងឧបករណ៏សំរាប់ផ្លុំ ឧបករណ៏សំរាប់វាយបង្កើតស្នូរ ដែលឧបករណ៏ទាំងនោះមានដូ​ចជា ស្គរ (ស្ករដី ស្គរសម្ភោរ ស្គរធំ ស្គរតូច ស្គរជ័យ) ឈឹង រនាត(រនាតឯក រនាតធុង) ទ្រ ទ្រសោ ទ្រអ៊ូ តាខេ ទ្រឆេ ខ្លុយ ឃឹម ឆាប គង គែន ណៃ មួង ស្រឡៃ ចាប៉ី គងវង្សតូច គងវង្សធំ ឃ្មោះ ប៉ាន់ កុងប៉ឹង ប៉ីអ។ល។

ការផ្សាយពាណិជ្ជកម្ម

82612013_2756998327698101_700914610890342400_n

ឧបករណ៏ប៉ុន្មានប្រភេទទាំងនេះហើយ ដែលធ្វើឱ្យអន្តរជាតិស្គាល់ខ្មែរ និងសិល្បៈភ្លេងខ្មែរ ហើយតាមរយៈឧបករណ៏ភ្លេងខ្មែរ ដែលត្រូវបានប្រគំ គឺជាការបង្ហាញពីប្រពៃណីរបស់ខ្លួន ដែលប្រើក្នុងពិធីបែបសាសនាដូចជា ពិធីបុណ្យកឋិនទាន បុណ្យផ្កា បុណ្យចូលឆ្នាំថ្មី បុណ្យកាន់បិណ្យ ភ្ជំបិណ្យ និងការសំដែងសិល្បៈសម័យ​ជាដើម។

ការផ្សាយពាណិជ្ជកម្ម

តែគួរឱ្យស្តាយឈ្មោះវង់ភ្លេង និងឧបករណ៍បុរាណខ្មែរមួយចំនួន ​ត្រូវបានបរទេសឈ្លានពានប្រមូលយកអស់កែប្រែជាទម្រង់ថ្មី តែកូនខ្មែរមួយចំនួនមិនបានយល់ន័យ និងយល់ដឹង ​បែរជាហៅវង់ភ្លេងនេះតាមសំនៀងប្រទេសគេទៅវិញ។

ដូច្នេះមកស្គាល់វង់ភ្លេងខ្មែរ ដែលមានច្រើនប្រភេទ ទៅតាមវង្សភ្លេងនីមួយៗហើយហៅឈ្មោះឱ្យបានត្រឹមត្រូវឡើងវិញដូចខាងក្រោមនេះ ៖

ការផ្សាយពាណិជ្ជកម្ម

១. ភ្លេងពិណ្យពាទ្យ៖ គេហៅភ្លេងពិណពាទ្យ ព្រោះនៅក្នុងក្រុមភ្លេងនោះកាលដើមឡើយគេនិយមប្រើពិណចេញផ្តើមមុនគេ។អ្នកខ្លះហៅភ្លេងនេះច្រឡំជាភ្លេងសៀម តាមការពិតសៀមយកពីខ្មែរយើងវិញទេ។ សៀមហៅវង្សភ្លេងនេះថាជា ប៉ីពាទ្យ (ពិផាត) ព្រោះក្នុងការចាប់ផ្តើមគេប្រើប៉ី ឬស្រឡៃនាំមុខគេ។ តាមការពិតភ្លេងពិណពាទ្យមានកំនើតពីឥណ្ឌាតាំងពីសម័យព្រេងនាយមកម្លេះ លុះមកដល់ក្រោយមកខ្មែរក៏បានកែប្រែផ្លាស់ប្តូរ និងថែមថយគ្រឿងភ្លេងឱ្យក្លាយជាភ្លេងរបស់ខ្មែរ និងអត្តសញ្ញាណខ្មែរ  ហើយខ្មែរក៏និយមប្រើប្រាស់រហូតសព្វថ្ងៃ។

80229651_2749208588474028_3282933006603386880_n

ការផ្សាយពាណិជ្ជកម្ម

ភ្លេងពិណ្យពាទ្យ ប្រើសំរាប់ប្រគំកំដរក្នុងឱកាសឡើងរោង លាបំណន់វត្ថុសក្តិសិទ្ធ ពិធីបុណ្យសពបំរើក្នុងរបាំព្រះរាជទ្រព្យ និងពិធីបុណ្យសាសនាជាដើម។ ម្យ៉ាងទៀតប្រជាជនក៏និយមលេងភ្លេងដើម្បីកំដរសិល្បៈ ដែលមានអាយុចំណាស់ ដូចជា របាំបុរាណផងដែរ ជាវង្សភ្លេងដែលប្រើក្នុងការកំដររបាំបុរាណក្នុងពិធីបួងសួង (បន់ស្រន់លាបំណន់)ក្នុងពិធីសាសនា (បុណ្យកឋិន បំបួសនាគ ពុទ្ធពិសាក) ជួនកាលប្រើក្នុងពិធីបុណ្យសព។ សព្វថ្ងៃមានពីរវង្ស គឺវង្សតូច មានប្រដាប់៥គ្រឿង វង្សធំមាន១០គ្រឿង នៅក្នុងព្រះរាជវាំងមានគ្រឿងភ្លេងពិណពាទ្យ ពិសេសមួយបែបហៅថាក្រុមភ្លេងមហោរីមានគ្រឿងចំរុះច្រើនយ៉ាងដល់ទៅ១៦គ្រឿង ដែលក្នុងវង្សភ្លេងនេះមានឧបករណ៏ដូចជា ប៉ី ឈឹង សម្ពោរ រនាត គងវង្សតូច ធំ ស្គរជ័យ និងស្រឡៃ។

79374305_2749311711797049_4759198886411632640_n

ការផ្សាយពាណិជ្ជកម្ម

២. ភ្លេងខ្មែរ​​៖ គេចាត់ទុកភ្លេងខ្មែរជាភ្លេងមង្គល។ ដូចនេះហើយបានជាគេត្រូវប្រគំតែក្នុងពិធីមង្គលការតាមប្រពៃណីខ្មែរដូចជា ពិធីបញ្ជេញម្លប់កូនស្រី ពិធីមង្គលជាដើម។ ភ្លេងខ្មែរសម្រាប់ពិធីមង្គលការមានច្រើនប្រភេទណាស់ដូចជា បទហែកូនកំលោះចូលរោង ហែកំណត់ស៊ីស្លា កាត់សក់ សែនក្រុងពាលី កូនប្រុសសំពះពេលា កូនក្រមុំចេញផ្ទឹមចងដៃ បង្វិលពពិល។ បទភ្លេងខ្មែរមានទំនាក់ទំនងទៅនឹងរឿងភ្លេងខ្មែរ។ បទខ្ទេរ ខ្នងភ្នំ របងមាស បន្ទាយប្រាសាទ ស្រងាត់ ដោះក្រាល កន្ទ្រែនទ្រាំងលេងនៅពេលលោងភោជនីអាហារថ្ងៃត្រង់ (ក្រោយពេលស៊ីស្លាកំណត់)។

៣. ភ្លេងក្លងឆ្នាក់ ៖ ដើម្បីឱ្យបរិយាកាសស្រងេះស្រងោចលន្លងលង្លោច គេលេងវាក្នុងពិធីតម្កល់សព ហែសព និងបូជា។ អ្នកខ្លះហៅភ្លេងក្លងឆ្នាក់ តាមភាសាសៀមថា ភ្លេងខ្លងខែក ដែលមានន័យថាភ្លេងស្គរជ្វា។ ពិធីបុណ្យសព ឬតំកល់សពនិងពិធីតង្ហែរសពខ្មែរតែងតែប្រើភ្លេងខ្លងខែក ដែលវង់ភ្លេងនេះមានឧបករណ៏មួយចំនួនដូចជា ស្រឡៃ ស្គរជ្វា ស្គរយោល និងគង។

ការផ្សាយពាណិជ្ជកម្ម

៤. ភ្លេងមហោរី ៖ ពាក្យមហោរី សម្គាល់ឈ្មោះភ្លេងផង សម្គាល់សភាពនៃវង់ភ្លេងផង។ បទភ្លេងមហោរីមានលក្ខណៈប្រជាប្រិយ ហើយស្រាលជាងភ្លេងពិណពាទ្យ។ វង់ភ្លេងមហោរីនិយមលេងក្នុងពិធីបុណ្យទានផ្ទាល់ទេ ប៉ុន្តែអាចប្រើកំដបរិយាកាសបានដែរ។ជាទូទៅ គេលេងភ្លេងមហោរីកំដរល្ខោនមហោរី។ វង្សភ្លេងមហោរី មានឧបករណ៏មួយចំនួនដូចជា ទ្រអ៊ូ ទ្រសោ ខ្លុយ តាខេ ឈឹង ស្គរដី២ ចាប៉ី ប៉ីអ ទ្រខ្សែដៀវ និងសាដៀវ។

៥. ភ្លេងព្រះរាជទ្រព្យ ៖ វង្សភ្លេងមួយទៀត គឺវង្សភ្លេងព្រះរាជទ្រព្យ ដែលមានឧបករណ៏ដូចជាខ្លុយ ចាប៉ី គែន ឈឹង រនាតធុង ស្គរដីនិងស្គររនា។

ការផ្សាយពាណិជ្ជកម្ម

ភ្លេងនេះ លេងសម្រាប់ការរាំរបាំព្រះរាជទ្រព្យ ដែលកាលដើមឡើយ នាសម័យមហានគរ នាដការ នាដការិនី ប្រចាំប្រាសាទមានតួនាទី សម្រាប់ រាំ ឧទ្ទិសដល់អទិទេព ឬរាំថ្វាយទេវៈរាជា គឺជា និរសាសន្តិភាព ពីស្ថានមនុស្សលោក ទៅស្ថានទេវតា និងជាសិល្បការិនីសន្តិភាព ឬជាសន្តិភាវការិនីខាងផ្លូវដួងចិត្ត គំនិត ដែលធ្លាប់បានរាំផ្សព្វផ្សាយ សីលធម៌ និងគុណធម៌ ដើម្បីសេចក្តីសុខ សន្តិភាពខ្មែររាប់ពាន់ឆ្នាំមកហើយ។  របាំព្រះរាជទ្រព្យ គឺជាទម្រង់របាំស្ត្រី ព្រោះកាលដើមឡើយ អ្នកសម្តែងតួអង្គមានបួន ៖ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និងតួស្វា ព្រមទាំងតួបន្ទាប់បន្សំ មានតួសត្វសុទ្ធតែស្រីៗ ជាអ្នកសម្តែងតួអង្គទាំងនោះ លើកលែងតែតួតាឥសី និងតួត្លុកប៉ុណ្ណោះដែល សម្តែងដោយប្រុសៗ។ ក្រោយមកដោយមានការវិវត្តន៍របស់ទម្រង់សិល្បៈនេះ តួអង្គស្វាត្រូវបានសម្តែង ដោយប្រុសៗរហូតមកដល់សព្វថ្ងៃ។

៦. ភ្លេងឆៃយុំា ៖ ក្រៅពីនេះមានវង្សភ្លេងឆៃយុំាដែលមាន គង កុងប៊ឹង ស្គរបួន និងឆាប។ ក្រៅពីនេះទៅទៀតមានវង្សភ្លេងយីកេដែលមានឧបករណ៏ ស្គរ ទ្រ និងខ្លុយ។

79246104_2749208728474014_7032882245664768000_n

គេលេងភ្លេងនេះតែក្នុងពិធីបុណ្យដែលជាទីរីករាយដូចជាលេងកំដបុណ្យ កឋិន បុណ្យផ្កា បុណ្យបំបួសនាគជាដើម។ ភ្លេងឆៃយុំាជាភ្លេងដែលរំភើបសប្បាយ ហើយរស់រវើកប្លែកពីភ្លេងឯទៀត។ គេពុំទាន់ដឹងច្បាស់នៅឡើយទេអំពីប្រភពភ្លេងឆៃយុំានេះ។ដោយចង្វាក់ភ្លេងមានលោតៗភ្ញាក់ៗ អ្នកខ្លះឱ្យយោបល់ថា ភ្លេងឆៃយុំាទំនងមានកំណើតចេញពីមនុស្សជំនាន់ដើម ដែលមានសភាពភ្ញាក់ផ្អើលខ្លាចរអាប្រៀបបានទៅនឹងសត្វព្រៃពេលឃើញមនុស្ស។ អ្នកខ្លះទៀតយល់ថានៅពេលមនុស្សទទួលបានជោគជ័យក្នុងកិច្ចការរបស់ខ្លួនតែងតែសប្បាយរីករាយយ៉ាងខ្លាំង ហើយក៏បង្កើតភ្លេងឆៃយុំានោះឡើងដើម្បីរំលឹកនូវជ័យជំនះនេះ។

៧. ភ្លេងគងស្គរ ៖ អ្នកខ្លះហៅភ្លេងគងស្គរថា ភ្លេងទាំមួន ឬភ្លេងកន្រ្តាំមួន។ ភ្លេងនេះមានសូរស័ព្ទគួរឱ្យស្រងេះស្រងោចណាស់ហេតុនេះហើយបានជាគេលេងភ្លេងនេះនៅពេលដែលមានមនុស្សស្លាប់ពេលធ្វើបុណ្យលើខ្មោច។ តាមការស្រាវជ្រាវរបស់សមាជិកក្រុមជំនុំទំនៀមទំទំលាប់ថា ភ្លេងគងស្គរមានកំណើតឡើងក្នុងរជ្ជកាល ព្រះបាទត្រសក់ផ្អែម។ កាលព្រះអង្គបានឡើងសោយរាជ្យសម្បតិ្តព្រអង្គតែងនឹកស្រណោះសំលេងសត្វគ្រប់បែបយ៉ាងលាយឡំជាមួយស្នូរខ្យល់ ភ្លៀង ផ្គរ រន្ទះដែលព្រះអង្គធ្លាប់បានស្តាប់ទាំងយប់ទាំងថ្ងៃ កាលព្រះអង្គនៅជាម្ចាស់ចំការត្រសក់ផ្អែម។ ដើម្បីតាងភ្លេងធម្មជាតិដ៏កំសត់បែបនេះ ព្រះអង្គទ្រង់ចាត់ឱ្យអ្នកប្រាជ្ញរាជបណ្ឌិតបង្កើតក្រុមភ្លេងគងស្គរនោះឡើង។

៨. ភ្លេងអារក្ខ ៖ ជាភ្លេងដែលគេប្រគំឡើងក្នុងពិធីបញ្ជូលខ្មោច បិសាច អារក្ខ អ្នកតា។ នៅពេលមានមនុស្សឈឺហើយបើចង់សាកសួរខ្មោចអំពីបុព្វហេតុនៃជំងឺ គេលេងភ្លេងអារក្ខនេះ ដើម្បីបញ្ជូលខ្មោចលៀងខ្មោច។ ក្រោយពីបានសាកសួរដឹងបុព្វហេតុ ដែលនាំឱ្យមានជំងឺ គេនឹងអង្វរខ្មោចសុំឱ្យជាសះស្បើយ ហើយគេរៀបចំ តង្វាយផ្សេងៗថ្វាយខ្មោចនេះទៅ។ ភ្លេងនេះ ក្រៅពីលេងក្នុងពិធីបញ្ជូល និងលៀងអារក្ខ គេក៏ប្រើក្នុងពិធីឡើងអ្នកតាដែរ។

ដូចនេះក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយ គួរតែរបន្តលើកស្ទួយជួយការពារមរតកសិល្បៈភ្លេងខ្មែរឱ្យបានគងវង្សស្ថិត​ស្ថេររៀងរហូតទៅ ​ជាពិសេសត្រូវតែហៅឱ្យចំឈ្មោះខ្មែរ ​ចៀសវាងហៅតាមសណៀងបរទេសនាំឱ្យបាត់បង់អត្តសញ្ញាណខ្មែរយើងដ៏ផូរផង់៕

ប្រភពអត្ថបទ៖ wikipedia

82869539_2756997731031494_177733997340655616_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
82233902_2756997607698173_1722612963250012160_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
81965335_2756997997698134_3076275591389904896_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
81795991_2756998294364771_5835493523008258048_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម