ចេះតែគិតផ្តេសផ្តាស ឈប់មិនបាន? អ្នកមិនមែនឡប់សតិទេ តែគួរដឹងរឿងទាំងនេះ
· @PECH Phearun
គំនិតចម្លែកៗលេចឡើងក្នុងក្បាលដោយមិនដឹងមកពីណា។ គិតរឿងអាក្រក់ គិតរឿងគួរឱ្យខ្លាច ហើយកាន់តែព្យាយាមឈប់ កាន់តែគិត។
មនុស្សខ្លះខ្លាចថាខ្លួន «ឡប់សតិ»។ ពាក្យនេះធ្វើឱ្យឈឺចាប់ ហើយក៏មិនត្រឹមត្រូវដែរ។
ការមានគំនិតផ្តេសផ្តាសជារឿងដែលកើតមានច្រើនណាស់។ សមាគមជំងឺថប់បារម្ភ និងធ្លាក់ទឹកចិត្តអាមេរិក (ADAA) ប៉ាន់ស្មានថា មនុស្សជាង ៦ លាននាក់នៅអាមេរិកតែមួយប្រទេស ទទួលរងការរំខានពីគំនិតបែបនេះ។
អត្ថបទនេះពន្យល់ថាវាជាអ្វី ពេលណាជារឿងធម្មតា និងពេលណាគួររកជំនួយ។
គំនិតផ្តេសផ្តាសជាអ្វី?
អ្នកជំនាញហៅវាថា «គំនិតរំខាន» (Intrusive thoughts)។ វាជាគំនិត ឬរូបភាពដែលយើងមិនចង់បាន តែលេចឡើងមកដោយខ្លួនឯង ហើយពិបាកបណ្តេញចេញ។
សាកលវិទ្យាល័យ Harvard ពន្យល់ថា វាច្រើនតែកើតឡើងពេលយើងតានតឹង ឬថប់បារម្ភ។ ការប្រែប្រួលអរម៉ូន ដូចជាក្រោយសម្រាលកូន ក៏អាចធ្វើឱ្យវាកើតញឹកញាប់ជាងមុន។
មានរឿងពីរដែលអ្នកគួរដឹង៖
- គំនិតមិនមែនជាការពិត។ ការគិតរឿងអាក្រក់ មិនមានន័យថាអ្នកចង់ធ្វើ ឬនឹងធ្វើវាទេ។
- វាផ្ទុយពីចរិតពិតរបស់អ្នក។ ADAA ថា អ្នកដែលមានគំនិតហិង្សាលេចឡើង ច្រើនតែជាមនុស្សស្លូតបូត។ វាធ្វើឱ្យអ្នកភ័យ ព្រោះវាផ្ទុយពីអ្វីដែលអ្នកឱ្យតម្លៃ។
ពេលណាវាអាចជាសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្ត?
គំនិតផ្តេសផ្តាសម្តងម្កាលជារឿងធម្មតា។ ប៉ុន្តែបើវាកើតស្ទើររាល់ថ្ងៃ ហើយរំខានដល់ការរស់នៅ វាអាចជាប់ទាក់ទងនឹងបញ្ហាខាងក្រោម។
ជំងឺថប់បារម្ភទូទៅ
- បារម្ភខ្លាំងអំពីរឿងប្រចាំថ្ងៃ ហើយទប់មិនបាន
- កើតឡើងជាប់ជាច្រើនខែ ឬឆ្នាំ
- គេងមិនលក់ អស់កម្លាំង ឆាប់ខឹង ផ្តោតអារម្មណ៍មិនបាន
- សាច់ដុំតឹង បែកញើស ឬញ័រ
ជំងឺគិត និងធ្វើច្រំដែល (OCD)
- គំនិតដដែលៗវិលមកវិញ ដោយទប់មិនបាន
- ត្រូវធ្វើអ្វីមួយច្រំដែលជាច្រើនដង ដើម្បីឱ្យធូរចិត្ត ដូចជាលាងដៃ ឬពិនិត្យសោទ្វារ
- វាចំណាយពេលច្រើនក្នុងមួយថ្ងៃ ហើយធ្វើឱ្យពិបាករស់នៅ
ជំងឺវិបល្លាស (Psychosis)
នេះខុសពីការគិតច្រើនធម្មតា។ អ្នកជំងឺពិបាកបែងចែករវាងអ្វីដែលពិត និងអ្វីដែលមិនពិត។
- ជឿជាក់លើរឿងដែលមិនពិត
- ឮសំឡេង ឬឃើញអ្វីដែលអ្នកដទៃមិនឮ មិនឃើញ
- សញ្ញាដំបូង៖ សង្ស័យអ្នកដទៃខ្លាំង គេចពីមនុស្ស គេងមិនទៀង គិតមិនច្បាស់ និងលែងថែទាំខ្លួន
វិទ្យាស្ថានសុខភាពផ្លូវចិត្តជាតិអាមេរិក (NIMH) បញ្ជាក់ថា បើព្យាបាលពីដំបូង អ្នកជំងឺវិបល្លាសអាចជាសះស្បើយបាន។
មានតែអ្នកជំនាញទេដែលអាចធ្វើរោគវិនិច្ឆ័យបាន។ សូមកុំកាត់ក្តីខ្លួនឯង ឬអ្នកដទៃតាមបញ្ជីនេះ។
វិធីដោះស្រាយដោយខ្លួនឯង
សញ្ជាតញាណទីមួយរបស់យើងគឺបណ្តេញគំនិតចេញ។ អ្នកជំនាញថា វិធីនេះធ្វើឱ្យវាកាន់តែជាប់។ ADAA ណែនាំជំហានដូចតទៅ៖
- ដាក់ឈ្មោះឱ្យវា។ ប្រាប់ខ្លួនឯងថា «នេះគ្រាន់តែជាគំនិតរំខាន»។
- ចាំថាវាកើតឡើងដោយស្វ័យប្រវត្តិ។ អ្នកមិនបានជ្រើសរើសគិតវាទេ។
- ទទួលស្គាល់វា កុំប្រឆាំង។ ទុកឱ្យវានៅទីនោះ ដោយមិនចាំបាច់ធ្វើអ្វី។
- ទុកពេលឱ្យវា។ គំនិតនឹងស្រាលទៅវិញដោយខ្លួនឯង។
- បន្តធ្វើអ្វីដែលអ្នកកំពុងធ្វើ។
- ដឹងជាមុនថាវានឹងមកម្តងទៀត។ នោះមិនមែនមានន័យថាអ្នកបរាជ័យទេ។
អ្វីដែលមិនគួរធ្វើ៖ កុំជជែកជាមួយគំនិត កុំព្យាយាមរកអត្ថន័យរបស់វា ហើយកុំពិនិត្យរឿយៗថាវាបាត់ឬនៅ។
របៀបរស់នៅក៏ជួយបានដែរ។ គេងឱ្យគ្រប់ ហាត់ប្រាណ បន្ថយកាហ្វេ ហើយនិយាយប្រាប់មនុស្សដែលអ្នកទុកចិត្ត។ រឿងដែលនិយាយចេញមក ច្រើនតែស្រាលជាងរឿងដែលលាក់ទុកក្នុងចិត្ត។
ពេលណាត្រូវរកជំនួយ?
សូមទៅជួបអ្នកជំនាញសុខភាពផ្លូវចិត្ត បើ៖
- គំនិតទាំងនេះរំខានដល់ការងារ ការរៀន ឬសេចក្តីសុខប្រចាំថ្ងៃ
- អ្នកបារម្ភខ្លាំងជាប់ជាច្រើនខែ
- អ្នកត្រូវធ្វើអ្វីមួយច្រំដែលៗ ទើបធូរចិត្ត
- អ្នកឮសំឡេង ឬឃើញអ្វីដែលអ្នកដទៃមិនឮ មិនឃើញ
- អ្នកមានគំនិតចង់ធ្វើបាបខ្លួនឯង
បញ្ហាទាំងនេះព្យាបាលបាន។ ការព្យាបាលដោយការនិយាយ (CBT) មានប្រសិទ្ធភាពល្អ ហើយជួនកាលគ្រូពេទ្យប្រើថ្នាំជាមួយផង។
ជំនួយនៅកម្ពុជា៖
- អង្គការ TPO Cambodia មជ្ឈមណ្ឌលព្យាបាល (ភ្នំពេញ)៖ ០២៣ ៦៣ ៦៦ ៩៩១
- ខ្សែទូរស័ព្ទជំនួយរបស់ TPO៖ ០១៧ ២២២ ៣៧២
- បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា (សម្រាប់កុមារ និងយុវជន)៖ ១២៨០ ឥតគិតថ្លៃ ២៤ ម៉ោង
- ករណីបន្ទាន់៖ រថយន្តសង្គ្រោះ ១១៩
ចំពោះគ្រួសារ៖ បើមនុស្សជាទីស្រឡាញ់ប្រាប់ថាគេគិតច្រើនឈប់មិនបាន សូមកុំសើច ឬហៅគេថា «ឡប់»។ សូមស្តាប់ ហើយជូនគេទៅជួបអ្នកជំនាញ។
អត្ថបទនេះសម្រាប់ជាចំណេះដឹងទូទៅ មិនអាចជំនួសការពិនិត្យពីអ្នកជំនាញបានទេ។

