(ភ្នំពេញ)៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប.) សហការជាមួយព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងមួយកន្លែងស្ថិតនៅផ្ទះលេខ១៣៩ ផ្លូវលេខ២៨៦ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងសុំអន្តរាគមន៍ពីសហគ្រាស LSV Industry (ក្រុមហ៊ុនផលិតសាប៊ូស្ពៃម៉ាក Empress) កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងការចុះត្រួតពិនិត្យ ក្រុមមន្ត្រីបានរកឃើញថា ទីតាំងខាងលើកំពុងធ្វើសកម្មភាព លក់ ចែកចាយ និងស្តុកទុកផលិតផលក្លែងក្លាយ និងក្លែងម៉ាកសញ្ញា Empress របស់សហគ្រាស LSV Industry។ នេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកម្មសិទ្ធិបញ្ញា និងការបោកប្រាស់អ្នកប្រើប្រាស់។
ក្រោយពីចុះត្រួតពិនិត្យរួច សមត្ថកិច្ចបានសម្រេច ឃ្លុំបិទទីតាំងជាបណ្តោះអាសន្ន និងអញ្ជើញម្ចាស់ទីតាំង (ជនជាតិចិន) មកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីប្រមូលភស្តុតាង រកប្រភពផលិតផលក្លែង និងវែកមុខអ្នកពាក់ព័ន្ធទាំងអស់។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងអនុវត្តនីតិវិធីបន្ត ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន មុននឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
វិធានការនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រក្សាការប្រកួតប្រជែងដោយស្មោះត្រង់ និងការពារកម្មសិទ្ធិបញ្ញានៅក្នុងទីផ្សារកម្ពុជា៕










ប្រភព ៖ Freshnews.com.kh