ជីវិតមនុស្សយើងម្នាក់ៗ មិនអាស្រ័យតែលើសំណាង ឬបរិស្ថានជុំវិញទេ ប៉ុន្តែអាស្រ័យខ្លាំងលើអ្វីដែលស្ថិតនៅខាងក្នុងខ្លួនយើងផ្ទាល់។ មនុស្សជាច្រើនតែងសួរថា ហេតុអ្វីបានជាជីវិតមិនរីកចម្រើន មិនអាចសប្បាយចិត្ត ឬជួបតែបញ្ហាដដែលៗ ប៉ុន្តែមិនដែលត្រឡប់មកក្រឡេកមើលខ្លួនឯងថា “តើខ្លួនឯងកំពុងគិតអ្វី បានធ្វើអ្វីខ្លះ និងរស់នៅបែបណានោះទេ?”

ការផ្លាស់ប្ដូរជីវិត មិនចាប់ផ្តើមពីការផ្លាស់ប្ដូរអ្នកដទៃទេ ប៉ុន្តែគឺត្រូវចាប់ផ្តើមពី “ខ្លួនយើង” ជាមុនសិន។ បើចិត្តយើងនៅតែដដែល គំនិតយើងនៅតែដដែល ហើយទម្លាប់យើងនៅតែដដែល នោះលទ្ធផលនៃជីវិតយើងក៏នឹងនៅតែដដែលៗបែបហ្នឹងឯង។ ដូច្នេះ ប្រសិនបើយើងចង់ឱ្យជីវិតអ្នកផ្លាស់ប្ដូរទៅជាល្អប្រសើរឡើង អ្នកត្រូវចាប់ផ្តើមពីការប្ដូរអ្វីដែលសំខាន់បំផុត ៣យ៉ាងនេះគឺ “ប្ដូរចិត្ត ប្ដូរគំនិត និងប្ដូរទម្លាប់”។ ពេលយើងអាចកែប្រែ ៣ ចំណុចនេះបាន នោះផ្កាយសំណាងរបស់យើងនឹងចាប់ផ្ដើមរះឡើងបន្តិចម្ដងៗ ព្រមជាមួយនឹងការអត់ធ្មត់ តស៊ូ ប្រឹងប្រែងរបស់យើងដូចគ្នា។
១/ ប្ដូរចិត្ត ៖
បើចិត្តយើងមិនរឹងមាំ មិនធំទូលាយ និងមិនស្គាល់ការអភ័យទោស ជីវិតយើងក៏មិនអាចរីករាយ ឬមានក្ដីសុខពិតប្រាកដបានឡើយ។ ព្រោះចិត្តជាដើមកំណើតនៃអារម្មណ៍ទាំងអស់ បើចិត្តតូចចង្អៀត ងាយខឹង ងាយអន់ចិត្ត ងាយប្រកាន់ខឹង យើងនឹងរស់នៅក្នុងភាពតានតឹងគ្រប់ពេលវេលា។ ត្រូវចាំថាមនុស្សដែលមានចិត្តចង្អៀត មិនចេះចែករំលែក មិនចេះអធ្យាស្រ័យ និងតែងតែគិតអាក្រក់លើអ្នកដទៃ ទោះមានអ្វីៗច្រើនក៏ដោយ ក៏មិនអាចមានសេចក្ដីសុខក្នុងចិត្តបានដែរ។ ផ្ទុយទៅវិញ បើយើងបើកចិត្តឱ្យទូលាយ ចេះផ្ដល់ក្ដីស្រឡាញ់ និងចេះអនុគ្រោះដល់អ្នកដទៃ ចិត្តយើងនឹងបានធូរស្រាល និងមានសុភមង្គលកាន់តែច្រើន។

២/ ប្ដូរផ្នត់គំនិត ៖
បើយើងនៅតែគិតដដែលៗ មិនព្រមរៀនអ្វីដែលថ្មី មិនព្រមទទួលយកការផ្លាស់ប្ដូរ នោះជីវិតយើងក៏នឹងនៅតែដដែល។ ការគិតជារឿងសំខាន់ណាស់ ព្រោះវាជាដើមហេតុនៃសកម្មភាពទាំងអស់។ បើថ្ងៃនេះយើងបរាជ័យ ហើយយើងមិនរៀនពីបរាជ័យនោះ មិនព្រមកែប្រែគំនិត និងស្វែងរកវិធីធ្វើទេ ថ្ងៃមុខយើងក៏នឹងជួបបរាជ័យដដែលៗដូចគ្នា។ តែបើយើងចេះប្ដូរគំនិត ចេះគិតឱ្យវិជ្ជមាន និងចេះស្វែងរកដំណោះស្រាយថ្មីៗ ជីវិតយើងនឹងចាប់ផ្តើមផ្លាស់ប្ដូរទៅជាល្អប្រសើរឡើងយ៉ាងឆាាប់រហ័ស។
៣/ ប្ដូរទម្លាប់ ៖
ទម្លាប់គឺជាអ្វីដែលបង្កើតអនាគតរបស់យើង។ បើយើងមានទម្លាប់ខ្ជិលច្រអូស មិនសូវខិតខំប្រឹងប្រែង ជីវិតយើងក៏នឹងនៅតែឈរនៅកន្លែងដដែល មិនរីកចម្រើនឡើយ។ បើយើងមានទម្លាប់ខ្ជះខ្ជាយ ទោះរកប្រាក់បានច្រើនប៉ុនណា ក៏មិនអាចសន្សំបានដែរ។ បើយើងមានទម្លាប់គិតអវិជ្ជមាន និយាយពាក្យអាក្រក់ ឬធ្វើអ្វីៗដែលមិនល្អ ជីវិតយើងក៏នឹងទាក់ទាញតែរឿងអវិជ្ជមានមកដល់ខ្លួន។ តែបើយើងចាប់ផ្តើមប្ដូរទម្លាប់តូចៗ ដូចជាការតស៊ូ ចេះអត់ធ្មត់ ធ្វើការតាមគោលដៅ គិតវិជ្ជមាន និងនិយាយពាក្យល្អៗ ជីវិតយើងនឹងផ្លាស់ប្ដូរយ៉ាងធំធេងនៅថ្ងៃមុខ៕ អត្ថបទ ៖ លីម បញ្ញា

