#ហេតុអ្វីបានជាគេហាមថតរូបឬផ្សាយផ្ទាល់ពាក់ព័ន្ធនឹងយោធា?

១.ការពារសុវត្ថិភាពជាតិ
ការថតរូបឬផ្សាយផ្ទាល់រថយន្តទ័ព បន្ទាយទាហាន អាវុធ គ្រាប់រំសេវ ឬសកម្មភាពប្រយុទ្ធ អាចបង្ហាញព័ត៌មានសំខាន់ៗដល់សត្រូវ។ ព័ត៌មានទាំងនេះ ដូចជាទីតាំង សម្ភារៈ ឬចំនួនទាហាន អាចត្រូវបានសត្រូវប្រើប្រាស់ដើម្បីរៀបចំផែនការវាយប្រហារ ដូចជាការទម្លាក់គ្រាប់បែក មីស៊ីល ឬប្រើប្រាស់ដ្រូន។ ឧទាហរណ៍ បើថតផ្សាយបន្ទាយទាហានដែលមានមនុស្ស ៥០ នាក់ សត្រូវអាចប្រើព័ត៌មាននេះដើម្បីវាយប្រហារបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ។
២.ការពារឯកជនភាពនៃទិន្នន័យនិងសន្តិសុខជាតិ
ព័ត៌មានយោធាជាព័ត៌មានសម្ងាត់កម្រិតខ្ពស់។ ការបង្ហាញទីតាំង ឬសម្ភារៈយោធា គឺប្រៀបដូចជាការដាក់ GPS ឱ្យសត្រូវដឹងច្បាស់ពីគោលដៅ។ អ្នកដែលសិក្សាពីឯកជនភាពទិន្នន័យ (Data Privacy) និងសន្តិសុខជាតិ (National Security) យល់ច្បាស់ថា ការលេចធ្លាយព័ត៌មានបែបនេះអាចនាំឱ្យមានគ្រោះថ្នាក់ដល់ជាតិ។
៣.ការពារអាយុជីវិតទាហាននិងប្រជាជន
ការថតឬផ្សាយផ្ទាល់ដើម្បីភាពល្បីល្បាញ ឬចង់បាន Like, Share, View អាចបង្កហានិភ័យដល់ជីវិតមនុស្ស។ មិនថាជាប្រជាជន អ្នកសារព័ត៌មាន ឬទាហាននៅជួរមុខទេ គ្រប់គ្នាត្រូវរក្សាការសម្ងាត់ដើម្បីការពារសុវត្ថិភាព។ ការបង្ហាញសព្វាវុធ ឬសកម្មភាពយោធា អាចត្រូវបានចាត់ទុកជាទង្វើបង្ខូចសន្តិសុខជាតិដោយប្រយោល។
សូមចងចាំ៖
កុំដើម្បីភាពល្បីល្បាញ ឬអំនួតផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពជាតិ និងអាយុជីវិតអ្នកដទៃ។ សូមគោរពដល់ទាហានជួរមុខ និងរួមគ្នាការពារព័ត៌មានសម្ងាត់ ដើម្បីសន្តិសុខជាតិរបស់យើងទាំងអស់គ្នា។