កម្ពុជា ប្រកាសដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ!!!

Screenshot 2025 12 10 At 15.54.16
ការផ្សាយពាណិជ្ជកម្ម

កម្ពុជា តាមរយៈគណៈកម្មាធិការជាតិអូឡាំពិក (NOCC) បានសម្រេច​ចិត្ត​ជាបន្ទាន់ ក្នុងការ​បញ្ជូនប្រតិភូកីឡា​របស់​ខ្លួន ដែលកំពុង​​ចូលរួមការ​ប្រកួត​ស៊ីហ្គេម លើកទី ៣៣ ឆ្នាំ ២០២៥ នៅប្រទេស​ថៃ ឱ្យត្រឡប់មកមាតុ​ប្រទេស​វិញ ដោយសារ​ហេតុផលសុវត្ថិភាពជាចម្បង ដែលមិនអាច​បន្ត​នៅបាន។

ជុំវិញបញ្ហា​នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ទើបតែ​បាន​ផ្ញើ​លិខិត​ផ្លូវការ​ទៅ​កាន់​លោក  Dato’ Seri Chaiyapak Siriwat នាយកប្រតិបត្តិ​សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅ​ថ្ងៃពុធ ទី ១០ ខែធ្នូនេះ ដើម្បីជម្រាប​ពីការ​ដកខ្លួន​របស់​ប្រតិភូកីឡាកម្ពុជា ចេញពីការ​ប្រកួតស៊ីហ្គេម លើកទី ៣៣ ជាបន្ទាន់នេះ។

ការផ្សាយពាណិជ្ជកម្ម

លោក ចំរើន បានបញ្ជាក់នៅក្នុង​លិខិត​នេះ​ថា៖ «ក្នុងនាមគណៈកម្មាធិការអូឡាំពិកជាតិកម្ពុជា ខ្ញុំសូមអភ័យទោស ដែល​ជម្រាបជូន​លោក​​ថា ដោយសារ​តែ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង និង​សំណើ​ពី​ក្រុម​គ្រួសារ​អត្តពលិក​របស់យើង ឱ្យ​សាច់​ញាតិ​របស់​ពួកគេ ត្រឡប់​មក​ផ្ទះ​វិញភ្លាមៗ។ NOCC ត្រូវតែ​ដក​គណៈប្រតិភូទាំង​អស់របស់​យើង​ចេញ ហើយ​រៀបចំ​ឱ្យ​ពួកគេ​ត្រឡប់​មក​កម្ពុជា​វិញ​ជា​បន្ទាន់ ដោយសារ​ហេតុ​ផល​សុវត្ថិភាព»។

លោកបានសង្កត់​ធ្ងន់ថា៖ «ការ​សម្រេច​ចិត្ត​នេះ មិន​មែន​ធ្វើ​ឡើង​ដោយ​ងាយៗ​នោះទេ។ យើង​សូម​កោត​សរសើរ​យ៉ាងខ្លាំង​ ចំពោះ​បដិសណ្ឋារ​កិច្ច ភាព​កក់​ក្តៅ និង​ស្មារតី​កីឡា ដែល​បាន​ផ្តល់​ជូន​អត្តពលិក​របស់​យើង ដោយ​គណៈកម្មាធិការរៀបចំ​ការ​ប្រកួតស៊ីហ្គេម​ថៃ (THASOC) និង​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​​ថៃ (NOCT) ពេញ​​មួយ​ការ​ស្នាក់​នៅ​របស់ពួកគេ»។

ការផ្សាយពាណិជ្ជកម្ម

ជាមួយ​គ្នានេះ លោក វ៉ាត់ ចំរើន បាន​សុំការ​​​អភ័យ​ទោស ចំពោះ​ភាព​រអាក់​រអួល​ណា​មួ​យ សម្រាប់​ការ​ចាក​ចេញ​មុន​កាលកំណត់​​របស់ប្រតិភូ​កីឡា​កម្ពុជា​ ក្នុងព្រឹតត្តិការណ៍ស៊ីហ្គេមនេះ ដែល​​អាច​​បង្ក​ឡើង ហើយកម្ពុជា ​នៅតែ​ដឹង​គុណ​ចំពោះ​ការ​យោគ​យល់ និង​ការ​គាំទ្រ​របស់​ ​លោក  Dato’ Seri Chaiyapak Siriwat និង​ភាគីពាក់ព័ន្ធ​ផ្សេង​ទៀត។

លោក វ៉ាត់ ចំរើន ដែលជា​​រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា ផង​នោះ បានបញ្ជាក់​​ជា​ចុង​ក្រោយ​ នៅក្នុង​លិខិត​នេះ​ថា៖ «យើង​​នឹង​​សម្រប​សម្រួល​ជាមួយ​ការិយាល័យ​របស់​អ្នក​ ទាក់​ទង​នឹង​ការ​រៀបចំ​ការ​ចាកចេញ និង​បែប​បទ​ចាំបាច់​ណាមួយ។ សូម​អរគុណ​ចំពោះ​ការ​យោគយល់ និង​ជំនួយ​របស់​អ្នក»។

ការផ្សាយពាណិជ្ជកម្ម
Screenshot 2025 12 10 At 15.54.16
រូបភាពដំណាង

គួរបញ្ជាក់ថា នៅពេលនេះ ប្រតិភូកីឡា​កម្ពុជា ចំនួន ៧ ប្រភេទ បាននឹង​កំពុង​ស្ថិត​នៅប្រទេស​ថៃ ក្នុង​នោះ​មាន​​​ ហែល​ទឹក ជឺជីតស៊ូ តេក្វាន់ដូ (WT) បាល់​ទាត់​លើ​តុ កាយសម្ព័ន្ធ អត្តពលកម្ម និងម៉ូតូ​ទឹក ចំណែក​ប្រភេទកីឡាចំនួន​៦ទៀត រួម​មាន​ឃីកបុកស៊ីង កីឡា​អេឡិចត្រូនិក ជិះ​សេះ គុនដាវ ទ្រីយ៉ាត្លុង និងកាយសម្ព័ន្ធ​មួយក្រុមនេះ មិនទាន់បាន​ធ្វើដំណើរ ទៅប្រទេស​ថៃនៅឡើយ​ទេ។

ចំពោះប្រតិភូកីឡា​កម្ពុជា មាន​ថ្នាក់ដឹកនាំ គ្រូ​បង្វឹក និងកីឡាករ កីឡាការិនី​ ដែលបាន​​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ថៃ កាលពី​ថ្ងៃទី ៨ និងថ្ងៃទី ៩ ខែធ្នូ នោះ បាន​បំពេញកាតព្វ​កិច្ច​ផ្លូវការ​​តាម​ច្បាប់កីឡាអន្តរជាតិ តំណាង​ឱ្យកម្ពុជា ក្នុងនាមជាសមាជិក​របស់​អាស៊ាន​រួច​ហើយ តាម​រយៈការ​ចូលរួម​ពិធីគោរពទង់ជាតិ ក្នុង​​ការ​ប្រកួត​​ស៊ីហ្គេម ឆ្នាំ ២០២៥ កាលពី​ថ្ងៃទី ៨ និងចូលរួមពិធី​បើក​ជា​ផ្លូវ​ការ​របស់​ព្រឹត្តិការណ៍នេះ កាលពី​យប់​ថ្ងៃទី ៩ ខែធ្នូ។

ការផ្សាយពាណិជ្ជកម្ម

យ៉ាងណា​ក៏​ដោយ ការ​បង្ខំចិត្ត​ដកខ្លួនចេញពីការ​ប្រកួតស៊ីហ្គេម លើកទី ៣៣ ត្រឹមពាក់កណ្តាល​ទី នៅថ្ងៃ​ទី ១០ ខែធ្នូនេះ ដោយសារ​តែ​ប្រតិភូកីឡាកម្ពុជា កាន់តែ​ទទួល​រងសម្ពាធ​ខ្លាំង ចំពោះការ​ស្នាក់នៅ​ប្រទេស​ថៃ ទោះបីជា  THASOC បាន​ពង្រឹងការការពារ​សន្តិសុខ បាន​តឹងរឹង ទាំងការ​ស្នាក់នៅសណ្ឋាគារ ព្រមទាំងការ​ចេញ​ទៅ​កន្លែង​ហ្វឹកហាត់ កន្លែង​ប្រកួត និងការ​ត្រឡប់មក​សណ្ឋាគារ​វិញក៏​​ដោយ។

ជាមួយគ្នានេះ អាណាព្យាបាល​​របស់អត្តពលិក​កម្ពុជា ដែលកំពុងស្នាក់នៅប្រទេស​ថៃ ​បាន​បង្ហាញ​ការ​បារម្ភ​កាន់​តែ​ខ្លាំងដល់កូនក្មួយ និងសាច់ញាតិ​របស់​ពួកគាត់ បន្ទាប់ពីទទួលបានដំណឹង​ថា អាជ្ញាធរកីឡាថៃ (SAT) បានបើកការស៊ើប​អង្កេត​ទៅលើ​ឯកសណ្ឋាន​កីឡា​របស់​ប្រតិភូ និងក្រុមជម្រើសជាតិកម្ពុជា ដែលបានពាក់ទៅចូលរួម​ការ​ប្រកួត​កីឡាស៊ីហ្គេមនេះ ថាតើ​ខុសទៅនឹងច្បាប់កីឡា និងការហាម​ឃាត់​របស់​ប្រទេស​ថៃ ឬយ៉ាងណា?។

ការផ្សាយពាណិជ្ជកម្ម

បញ្ហា​នេះ បាន​កើត​មានឡើង បន្ទាប់ពី​អ្នកនិយមលេងបណ្តាញសង្គម​របស់ថៃ បានកត់សម្គាល់ឃើញថា ឯកសណ្ឋានក្រុមជម្រើសជាតិកម្ពុជា មានជាប់ Logo ​របស់​ណាហ្គាវើលដ៍ (NAGAWORLD) នៅលើទ្រូងផ្នែក​ខាងស្តាំនៃឈុតកីឡានេះ ដោយពួក​គេ​ចាត់​ទុក​ថា ជាឈ្មោះ​ក្រុមហ៊ុនកាស៊ីណូដ៏ល្បីល្បាញ នៅ​ប្រទេស​កម្ពុជា។

ជុំវិញ​បញ្ហានេះ  សារព័ត៌មាន Khaosod English របស់​ថៃ បានដកស្រង់សម្ដី លោក Kongsak Yodmanee អភិបាលនៃអាជ្ញាធរកីឡាថៃ មក​បញ្ជាក់ ដោយ​លោក​​បាន​និយាយ​ កាល​ពី​ថ្ងៃទី ៩ ខែធ្នូ​ ថា អាជ្ញាធរកីឡាថៃ នឹងស៊ើបអង្កេតរឿងនេះ ជាបន្ទាន់ជាមួយនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ។

ការផ្សាយពាណិជ្ជកម្ម

លោក Kongsak Yodmanee បានបញ្ជាក់​តាម​រយៈ Khaosod English បែបនេះ​ថា៖ «ពួកគេត្រូវ​​ពិនិត្យ​​ឡើង​​វិញ នូវ​​ច្បាប់​​ថៃ​ជា​មុន​សិន ដើម្បី​កំណត់​ថា តើ​នេះជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ឬ​អត់ ដោយ​ពិគ្រោះ​ជាមួយ​អាជ្ញាធរ​ផ្នែក​ច្បាប់​ មុន​ពេល​បន្ត​សកម្ម​ភាពបន្ថែម​ទៀត។ កាស៊ីណូ ត្រូវបានហាមឃាត់ទាំងស្រុងនៅក្នុងប្រទេសថៃ»។

យ៉ាងណាក៏​ដោយ ជុំវិញ​ឯកសណ្ឋាន​ប្រតិភូ និង​ក្រុមជម្រើសជាតិកម្ពុជា មាន​​ភ្ជាប់​ឈ្មោះ​ម្ចាស់​ឧបត្ថម្ភ គឺ ណាហ្គាវើលដ៍ នេះ  លោក ញ៉ាន សុខវិសាល នាយកបេសកកម្មកម្ពុជា ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ ២០២៥ នេះ ​បានបញ្ជាក់​យ៉ាង​ខ្លី​​ថា៖ ​«យើងប្រើអាវណាហ្គារាប់ឆ្នាំហើយ រហូត​ដល់​កម្រិតអូឡាំពិក»។

តាម​អ្វី​ដែល​លោក ញ៉ាន សុខវិសាល បានបញ្ជាក់​នេះ អាច​បង្ហាញបានច្បាស់​ហើយ​ថា ពាក្យ NAGAWORLD  នៅ​លើឯកសណ្ឋាន​​ប្រតិភូ​កីឡា និងក្រុមជម្រើសជាតិកម្ពុជា ត្រូវបាន​ប្រើប្រាស់​​ជា​ច្រើន​​លើក​​មក​​ហើយ ទាំង​ក្នុងការ​ប្រកួតស៊ីហ្គេម ជាពិសេស​ឈាន​​ដល់ការ​ប្រកួត​កីឡាអូឡាំពិក​អន្តរជាតិ ដែល​ជាព្រឹត្តិការណ៍កីឡា​ធំផុត​របស់ពិភព​លោក​ទៅ​ទៀត ប៉ុន្តែមិនឃើញ​មានអ្វី​ខុស​ទៅនឹង​ច្បាប់​កីឡា​ទេ។

ចំណុច​នេះ បាន​ធ្វើ​ឱ្យមហាជន មើលឃើញកាន់តែ​ច្បាស់ពីចេតនា​មិន​ល្អ​​របស់ម្ចាស់​ផ្ទះ​ថៃ ដែលព្យាយាម​ចាប់​កំហុស​របស់​កម្ពុជា ​ទាំង​ខុស​រឿង ក្នុងគោលបំណងបំបាក់​មុខ​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ដោយបានអូសទាញ​រឿងនយោបាយ មកពាក់ព័ន្ធ​នឹង​កីឡា ទោះ​ច្បាប់បញ្ញត្តិ​របស់​ស៊ីហ្គេម​​ បានបញ្ជាក់​ច្បាស់​ពីបញ្ហា​នេះ ហើយការ​ប្រថុយប្រឋាន​ទៅចូលរួមស៊ីហ្គេម លើកទី ៣៣ របស់​កម្ពុជា ក៏គោរព​ទៅតាមបទបញ្ញត្តិស៊ីហ្គេម ដែល​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ ទាំង​១១​ប្រទេស បានកំណត់​ផងដែរ តែ​ថៃ បែរជាធ្វើ​ផ្ទុយពីគោលការណ៍នេះទៅវិញ។

ជាមួយគ្នានេះ នៅក្នុងពិធីបើកការ​ប្រកួតស៊ីហ្គេម លើកទី ៣៣ កាលពី​យប់ថ្ងៃអង្គារ ម្សិលមិញ ម្ចាស់​ផ្ទះ​ថៃ ក៏បាន​បង្កើត​កំហុសឆ្គង​ចំនួន​២ មក​លើ​កម្ពុជា​ដែរ ទី ១ ​ការ​រត់អក្សរជាភាសាខ្មែរ នៅលើ​ផ្ទាំង​អេក្រង់ គឺ​ពាក្យ «ជម្រាបសួរ» ខាងម្ចាស់​ផ្ទះ​ថៃ សរសេរ​ខុស ទៅជា «ជាំរាបសួរ» វិញ។

ចំណែកចំណុចទី ២  ប្រអប់​ភ្លើង​ LED​ ទាំង​១១​ ដែល​តំណាង​ឱ្យ​ប្រទេស​ទាំង​១១ ​នៅ​ក្នុង​តំបន់​អាស៊ាន គឺមានតែ LED ភ្លើងតំណាង​ឱ្យ​ប្រទេស​កម្ពុជា មួយ​ទេ គ្មាន​ភ្លើងបាញ់បំភ្លឺ រីឯ LED តំណាងឱ្យ ១០ ប្រទេស​ទៀត មាន​ភ្លើង​បាញ់​បំភ្លឺ​​​ទាំងអស់ ហើយនេះជាកំហុស​ចេតនា ច្រើនជាងអចេតនា ដោយសារ​តែ​ថៃ ដែល​តែងតែគិត​មិនល្អ មក​លើក​កម្ពុជា។

នៅមានកំហុសឆ្គង និង​ភាពកម្សោយ​ជាច្រើន​ទៀត ដែលបានកើតមាន​ឡើង នៅក្នុងពិធីបើក​ការ​ប្រកួតស៊ីហ្គេម កាលពី​យប់មិញ ហើយ​ប្រទេស​វៀតណាម ឥណ្ឌូនេស៊ី និង​សិង្ហបុរី សុទ្ធតែ​ទទួល​រង​ផលប៉ះពាល់ ជុំវិញការ​រៀបចំ​មិនបានល្អនេះ ហើយ​​ការដុតភ្លើង​គប់​ធំ មិនឆេះ មានតែផ្សែង វាជា​ហេតុការណ៍​ដ៏ចម្លែក ដែល​ធ្វើ​ឱ្យម្ចាស់​ផ្ទះ​ថៃ​ខ្លួនឯង ទទួលរងភាពអាម៉ាស់​ខ្លាំង រហូត​លែងហ៊ានបាញ់កាំជ្រួចអបអរសាទរ ធ្វើ​ឱ្យពិធីបើកស៊ីហ្គេមទាំង​មូល ត្រូវបានបញ្ចប់​ដោយ​ភាព​សោះអង្គើយ៕

2
រូបភាពដំណាង
ការផ្សាយពាណិជ្ជកម្ម
↑