មិនថាអ្នកកំពុងធ្វើដំណើរអាជីវកម្ម ឬ វិស្សមកាលនោះទេ មានទម្លាប់តូចមួយនៃអ្នកធ្វើដំណើរញឹកញាប់ ដែលអាចធ្វើឱ្យវិស្សមកាលរបស់អ្នកកាន់តែមានសុវត្ថិភាព និងផាសុកភាព។ កុំប្រញាប់ដាក់អីវ៉ាន់ ឬ បើកម៉ាស៊ីនត្រជាក់ ត្រូវយកចិត្តទុកដាក់លើចំណុចនេះជាមុនសិន ពេលចូលបន្ទប់សណ្ឋាគារ!

១.គ្រែ – កន្លែងដែលទាមទារអនាម័យខ្ពស់
យោងតាមបទពិសោធន៍របស់អ្នកធ្វើដំណើរញឹកញាប់ជាច្រើន ជាពិសេសអ្នកបម្រើលើយន្តហោះ ឬ អ្នកសរសេរប្លុកទេសចរណ៍ គ្រែគឺជាកន្លែងដំបូងដែលពួកគេពិនិត្យមើលនៅពេលឆែកចូលសណ្ឋាគារ។
ហេតុផលគឺសាមញ្ញណាស់៖ គ្រែគឺជាកន្លែងដែលអ្នកចំណាយពេលភាគច្រើនសម្រាក ហើយវាក៏ជាកន្លែងដែល “ឆ្លុះបញ្ចាំង” យ៉ាងច្បាស់បំផុតអំពីកម្រិតអនាម័យនៃបន្ទប់។ ប្រសិនបើកម្រាលពូកមានស្នាមជ្រីវជ្រួញ មិនស្មើគ្នា ឬ មានក្លិនចម្លែក វាអាចជាសញ្ញាថាបន្ទប់មិនទាន់ត្រូវបានសម្អាតឱ្យបានហ្មត់ចត់។ មានករណីដែលភ្ញៀវឃើញសក់នៅលើខ្នើយភ្លាមៗពេលចូលក្នុងបន្ទប់ នេះជាហេតុធ្វើឱ្យពួកគេផ្លាស់ប្តូរបន្ទប់ភ្លាមៗ ឬ សូម្បីតែលុបចោលការកក់របស់ពួកគេ។

អ្នកបម្រើការលើយន្តហោះដែលមានបទពិសោធន៍ជាង 10 ឆ្នាំម្នាក់ បានចែករំលែកថា “ខ្ញុំតែងតែពិនិត្យគ្រែដោយប្រុងប្រយ័ត្នជាមុនសិន។ ប្រសិនបើខ្នើយលិចជ្រៅ ឬ ភួយមានស្លាកស្នាមប្រើប្រាស់ ខ្ញុំទូរស័ព្ទទៅបុគ្គលិកអោយដូរបន្ទប់ភ្លាមៗ នោះគឺជាវិធីរក្សាសុវត្ថិភាពខ្លួនឯង។”
#ព័ត៌មានលម្អិតតូចៗប៉ុន្តែគួរឲ្យកត់សម្គាល់ផ្សេងទៀត
២.កំសៀវ – ឧបករណ៍ងាយស្រួលផ្ទុកបាក់តេរី
នៅក្នុងការបង្ហោះជាច្រើនដែលត្រូវបានចែករំលែកដោយអ្នកទេសចរនៅលើវេទិកាដូចជា Reddit ឬ TripAdvisor កំសៀវត្រូវបានចាត់ទុកថាជាវត្ថុកខ្វក់បំផុតនៅក្នុងបន្ទប់សណ្ឋាគារ។ មនុស្សមួយចំនួនថែមទាំងបានរកឃើញ… ស្រោមជើងកខ្វក់ ឬ ខោក្នុងនៅក្នុងកំសៀវ ដោយសារភ្ញៀវពីមុនគឺ “វង្វេងដៃ” ឬ អ្នកសម្អាតបន្ទប់មិនបានពិនិត្យដោយប្រុងប្រយ័ត្ន។
ដូច្នេះត្រូវបើកគម្របកំសៀវ ពិនិត្យមើលសញ្ញានៃច្រែះ សំណល់ពណ៌ស ឬ ក្លិនចម្លែក។ បើដូច្នេះមែន យកល្អគួរតែសុំកំសៀវថ្មី ឬ កុំប្រើវាដាច់ខាត។

៣.សោ និងសន្តិសុខបន្ទប់
ការពិនិត្យមើលសោរ សោរខាងក្នុង ឬ រន្ធសោរជាដើម គឺជាអ្វីដែលអ្នកគួរធ្វើភ្លាមៗ បន្ទាប់ពីពិនិត្យមើលគ្រែ។ ត្រូវប្រាកដថាទ្វារដំណើរការបានត្រឹមត្រូវ សោរសុវត្ថិភាពមិនខូច ហើយអ្នកអាចចាក់សោវាបានយ៉ាងងាយស្រួលពីខាងក្នុង។
ព័ត៌មានជំនួយតិចតួចគឺត្រូវបើកទូរទស្សន៍ ហើយបន្សល់សំឡេងទន់ៗនៅក្នុងបន្ទប់រាល់ពេលដែលអ្នកចេញទៅក្រៅ វានឹងធ្វើឱ្យបន្ទប់ហាក់ដូចជា “មានមនុស្សនៅជាប់” បំភ័ន្តកុំអោយគេដឹងថាយើងមិននៅបន្ទប់ ជៀសវាងមានជនខិលខូចចង់លួចឥវ៉ាន់។
៤.រកមើលដាននៃសត្វល្អិត និងកាមេរ៉ាដែលលាក់
អ្នកប្រហែលជាមិននឹកស្មានដល់នោះទេ ប៉ុន្តែកំហុសនេះគឺជា “សុបិន្តអាក្រក់” ដែលសណ្ឋាគារជាច្រើនបានធ្វើ សូម្បីតែសណ្ឋាគារលំដាប់ខ្ពស់ក៏ដោយ។ ពួកសត្វល្អិតភាគច្រើនលាក់ខ្លួននៅតាមគែមពូក ក្រោមគ្រែ ឬ ខាងក្រោយក្បាលគ្រែ។ កុំខ្លាចក្នុងការលើកគែមគ្រែដោយថ្នមៗ ពិនិត្យមើលជ្រុងដែលអាចសត្វកខ្វក់ទាំងនោះអាចលាក់ខ្លួន – ដោយអ្នកចំណាយពេលតែពីរបីនាទីប៉ុណ្ណោះ ប៉ុន្តែជួយអ្នកជៀសវាងហានិភ័យនៃការខាំ ប្រតិកម្ម ឬ គេងលើសត្វល្អិតដោយមិនដឹងខ្លួន។
លើសពីនេះ នៅក្នុងយុគសម័យនៃបច្ចេកវិទ្យា ការពិនិត្យរកកាមេរ៉ាដែលលាក់ទុកក៏ចាំបាច់ផងដែរ។ អ្នកធ្វើដំណើរខ្លះបានរកឃើញកាមេរ៉ាលាក់នៅក្នុងនាឡិកា ឬ ឧបករណ៍ផ្សេងៗ។ ការប្រើពិលពីទូរសព្ទរបស់អ្នក ឬ កម្មវិធីស្កេនកាមេរ៉ាអ៊ីនហ្វ្រារ៉េដ នឹងជួយឱ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុនអំពីឯកជនភាពរបស់អ្នក។

៥.សម្អាតផ្ទៃដែលប៉ះញឹកញាប់យ៉ាងឆាប់រហ័ស
ទោះបីជាបន្ទប់មើលទៅស្អាតក៏ដោយ អ្នកនៅតែគួរលុបផ្ទៃភ្លាមៗដូចជា កូនសោទ្វារ កុងតាក់ភ្លើង និងតេឡេរបស់ទូរទស្សន៍ ដោយប្រើក្រដាសជូតមាត់សម្លាប់មេរោគ។ ទាំងនេះគឺជាកន្លែងដែលទំនងជាមានផ្ទុកបាក់តេរីច្រើន ព្រោះវាត្រូវបានគេប៉ះជាញឹកញាប់ ប៉ុន្តែកម្រត្រូវបានសម្អាតឱ្យបានត្រឹមត្រូវ។
ការសិក្សាជាច្រើន រួមទាំងការស្ទង់មតិពី Travelmath (USA) បង្ហាញថា តេឡេទូរទស្សន៍ក្នុងបន្ទប់សណ្ឋាគារមានភាពកខ្វក់ជាងបង្គន់ទៅទៀត ប្រសិនបើមិនបានសម្អាតជាប្រចាំ។ ចំពោះការសម្អាត វាចំណាយពេលត្រឹមតែ 10 នាទីប៉ុណ្ណោះ ប៉ុន្តែអាចផ្លាស់ប្តូរវិស្សមកាលទាំងមូលរបស់អ្នក។

ការពិនិត្យមើលគ្រែ ការសម្អាតឧបករណ៍មូលដ្ឋាន និងការធានាសុវត្ថិភាពនៃបន្ទប់សណ្ឋាគាររបស់អ្នក “មិនធ្វើឱ្យអ្នកខាតម៉ោងពេក” នោះទេ វាគឺជាវិធីមួយសម្រាប់អ្នកដើម្បីការពារខ្លួនអ្នកយ៉ាងសកម្ម។ ពីព្រោះសូម្បីតែឧប្បត្តិហេតុតូចមួយ ដូចជាប្រតិកម្មអាលែហ្សី ដោយសារពូកកខ្វក់ ឬ ការរកឃើញកាមេរ៉ាលាក់យឺត អាចគ្រប់គ្រាន់ដើម្បីធ្វើឱ្យវិស្សមកាលរបស់អ្នកក្លាយជាសុបិន្តអាក្រក់។ អ្វីដែលសំខាន់ជាងនេះទៀតគឺភាពស្ងប់ស្ងាត់ក្នុងចិត្តដោយដឹងថាអ្នកស្ថិតនៅក្នុងទីធ្លាសុវត្ថិភាព ស្អាត និងជាឯកជន ដូច្នេះអ្នកអាចរីករាយជាមួយនឹងការធ្វើដំណើរខាងមុខយ៉ាងពេញលេញ៕

