អាពាហ៍ពិពាហ៍គឺជាដំណើរដ៏វែងឆ្ងាយ ប៉ុន្តែវាមិនតែងតែមានសុភមង្គលរហូតនោះទេ។ មានសញ្ញាដែលបញ្ជាក់ថាទំនាក់ទំនងបានដល់ទីបញ្ចប់ហើយ ហើយការព្យាយាមរក្សាវានឹងនាំមកនូវទុក្ខវេទនាដល់ភាគីទាំងពីរ និងជាពិសេសកូនៗ។
នេះគឺជាសញ្ញាផ្លូវចិត្តច្បាស់លាស់ចំនួន៣ ដែលអ្នកត្រូវទទួលស្គាល់ដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ ដើម្បីសុភមង្គលរបស់អ្នក និងកូនរបស់អ្នក។

១.បាត់បង់ទំនាក់ទំនងអារម្មណ៍ និងលែងចង់ផ្សះផ្សា៖ នៅពេលដែលគូស្នេហ៍លែងចែករំលែកអារម្មណ៍ លែងខ្វល់ពីគ្នាទៅវិញទៅមក និងមិនចង់ព្យាយាមកែលម្អទំនាក់ទំនងនោះ វាជាសញ្ញាមួយដែលបញ្ជាក់ថា ទំនាក់ទំនងនេះបានស្លាប់បាត់ទៅហើយ។
ការព្រងើយកន្តើយនឹងគ្នាក្នុងរយៈពេលយូរ មិនត្រឹមតែធ្វើឱ្យអ្នកទាំងពីរនឿយហត់ប៉ុណ្ណោះទេ ថែមទាំងបង្កើតបរិយាកាសរស់នៅខ្វះសេចក្តីស្រឡាញ់ចំពោះកូនៗទៀតផង។
កុមារមានភាពរសើបខ្លាំងចំពោះបរិយាកាសគ្រួសារ នៅពេលដែលឪពុកម្តាយរស់នៅជាមួយគ្នាប៉ុន្តែមិនសប្បាយចិត្ត កូនអាចមានអារម្មណ៍តានតឹង ដែលនាំឱ្យមានការថប់បារម្ភ ខ្វះទំនុកចិត្ត ឬ បញ្ហាផ្លូវចិត្តផ្សេងទៀត។ ប្រសិនបើអ្នកដឹងថាអ្នកទាំងពីរមិនព្រមផ្សះផ្សាគ្នាទេ សូមពិចារណាដោះលែងគ្នាទៅ ហើយផ្តល់ឱកាសឱ្យកូនរបស់អ្នកធំឡើងក្នុងបរិយាកាសដែលមានសុខភាពល្អ។

២.ជម្លោះថេរ និងមិនអាចដោះស្រាយបាន៖ ការឈ្លោះប្រកែកគ្នាមិនចេះចប់ ជាពិសេសនៅពេលដែលភាគីទាំងពីរមិនអាចរកចំណុចរួម គឺជាសញ្ញាច្បាស់លាស់នៃទំនាក់ទំនង Toxic។ ប្រសិនបើជម្លោះកើតឡើងជាញឹកញាប់ទៅជាអំពើហឹង្សាផ្លូវចិត្ត ឬ ផ្លូវកាយ វាមិនត្រឹមតែបំផ្លាញប្តីប្រពន្ធប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់កូនៗទៀតផង។
កុមារដែលឃើញឪពុកម្តាយរបស់ពួកគេឈ្លោះប្រកែកគ្នាឥតឈប់ឈរ ប្រឈមនឹងហានិភ័យនៃបញ្ហាអាកប្បកិរិយា និងផ្លូវចិត្ត ហើយថែមទាំងពិបាកក្នុងការកសាងទំនាក់ទំនងដែលមានសុខភាពល្អនៅពេលពួកគេធំឡើង។ ប្រសិនបើអ្នកបានព្យាយាមគ្រប់យ៉ាង ប៉ុន្តែជម្លោះនៅតែមិនអាចដោះស្រាយបាន ការបញ្ចប់ទំនាក់ទំនងអាចជាជម្រើសដ៏ល្អបំផុតដើម្បីការពារផ្លូវចិត្តកូនរបស់អ្នក។

៣.ម្នាក់ក្នុងចំណោមមនុស្សពីរនាក់តែងតែក្បត់ ឬ មិនគោរពគ្នា៖ ការក្បត់ មិនថាជាភាពមិនស្មោះត្រង់ ឬ ការមិនគោរពគ្នាទៅវិញទៅមក គឺជារបួសដែលពិបាកព្យាបាលក្នុងអាពាហ៍ពិពាហ៍។
ប្រសិនបើភាគីម្ខាងតែងតែកុហក និងមិនយកចិត្តទុកដាក់លើអារម្មណ៍របស់ភាគីម្ខាងទៀតដោយគ្មានចេតនាផ្លាស់ប្តូរ ទំនាក់ទំនងនឹងបាត់បង់មូលដ្ឋានគ្រឹះនៃការជឿទុកចិត្ត និងការគោរព។ ការបន្តទំនាក់ទំនងបែបនេះនាំតែធ្វើឱ្យអ្នកទាំងពីរឈឺចាប់ ហើយជះឥទ្ធិពលមិនល្អទៅលើកូនៗ។
កុមារដែលធំឡើងក្នុងបរិយាកាសដែលឪពុកម្តាយមិនគោរពគ្នា អាចបង្កើតគំនិតខុសឆ្គងអំពីអាពាហ៍ពិពាហ៍ និងទំនាក់ទំនង។ ជំនួសឱ្យការព្យាយាមស៊ូទ្រាំ ចូរក្លាហានបញ្ចប់វា ដើម្បីបង្រៀនកូនរបស់អ្នកនូវមេរៀនអំពីតម្លៃខ្លួនឯង និងការគោរពខ្លួនឯង៕

