មនុស្សស្រីមិនមែនស្អាតសុទ្ធតែមានអត្តចរិតល្អនោះទេ ហើយស្រីស្អាតខ្លះក៏មិនប្រាកដថាអាចទាក់ទាញមនុស្សប្រុសបាននោះដែរ ព្រោះកាលណាបើមនុស្សស្រីម្នាក់ប្រព្រឹត្តិនូវសកម្មភាពទាំងនេះ វានឹងធ្វើអោយនាងមើលទៅអន់នៅក្នុងក្រសែរភ្នែករបស់មនុស្សប្រុស និងធ្វើអោយនាងបាត់បង់នូវតម្លៃខ្លួនឯង៖

១.អួត៖ បុរសភាគច្រើនពិតជាស្អប់មនុស្សដែលអួតលើសពីសមត្ថភាពរបស់ខ្លួន។ ដូច្នេះស្ត្រីកុំបង្ហាញខ្លួនខ្លាំងពេក ផ្ទុយទៅវិញអ្នកគួរតែរៀនបន្ទាបខ្លួន ហើយព្យាយាមរក្សាមាយាទថ្លៃថ្នូរអោយសមជាស្រ្តីមានសីលធម៌ខ្ពស់។ ត្រូវចាំថាការអួតមិនបានធ្វើអោយអ្នកមើលទៅឡូយនោះទេ វាបែរជាបង្ហាញពីអត្តចរិតក្រអើតក្រទមរបស់អ្នកទៅវិញទេ។

២.និយាយអំពីចំណុចខ្វះខាតរបស់ខ្លួនម្តងហើយម្តងទៀត៖ កើតមកជាមនុស្សអ្នកណាក៏ធ្លាប់ធ្វើខុសដែរ សំខាន់ត្រង់ថាចេះកែប្រែកំហុសរឺអត់! មនុស្សស្រីដែលឆ្លាត គេមិនចូលចិត្តអួតខ្លួនទេ រឹតតែមិនត្អូញត្អែរអំពីចំណុចខ្សោយរបស់ខ្លួនទៅអោយអ្នកដទៃបានដឹង ព្រោះនាងយល់ថាអ្នកណាក៏អាចពង្រឹងខ្លួនឯងម្តងទៀតបានដែរ ជាពិសេសរឿងអតីតកាលបើកន្លងហួសត្រូវចេះបំភ្លេចចោល កុំយកវាមកធ្វើជារនាំងឃាំងខ្លួនឯងទៅថ្ងៃមុខ។ ម្យ៉ាងទៀត កាលដែលយើងនិយាយពីចំណុចខ្វះខាតរបស់ខ្លួនម្តងហើយម្តងទៀតវានឹងធ្វើអោយអ្នកដទៃធុញទ្រាន់ និងយល់ថាអ្នកគ្មានភាពជឿជាក់លើខ្លួនឯង។

៣.ការព្រួយបារម្ភហួសហេតុ៖ ប្រសិនបើអ្នកយកចិត្តទុកដាក់ខ្លាំងពេកទៅលើដៃគូ វានឹងធ្វើឱ្យបុរសមានអារម្មណ៍ចង្អៀត។ បើអ្នកបិទសិទ្ធគាត់ខ្លាំងពេក នៅក្នុងភ្នែករបស់គាត់អ្នកគ្រាន់តែជាមនុស្សដែលគួរអោយធុញទ្រាន់ម្នាក់ និង មិនយល់គាត់ប៉ុណ្ណោះ។ ដូច្នេះស្ត្រីឆ្លាតគួរផ្តល់សេរីភាពដល់ដៃគូក្នុងការជ្រើសរើសអ្វីដែលពួកគេចង់ធ្វើ៕


