មនុស្សស្រីសម័យឥឡូវកាន់តែច្រើនឡើងៗ នាងសុខចិត្តជ្រើសរើសនៅលីវ ឬរៀបការយឺតបន្តិច ឬអាចថារៀបការហើយក៏លែងលះគ្នាយ៉ាងងាយស្រួល និងឆាប់រហ័សបំផុត ដើម្បីមានជីវិតកាន់តែរីករាយ សប្បាយចិត្ត ព្រោះមិនចង់ប្រើជីវិតគូដែលមានតែបញ្ហា មិនចង់ឱ្យជីវិតបន្ទាប់ពីរៀបការហើយ ត្រូវរស់នៅជាមួយនឹងសម្ពាធបញ្ហា និងការឈឺចាប់នោះឡើយ។ ដូច្នេះហើយ ដោយសារតែហេតុផលទាំង ៧ យ៉ាងនេះ ទើបស្រីៗឥឡូវ សុខចិត្តនៅម្នាក់ឯង ខ្លាចជីវិតគូ ខ្លាចជីវិតអាពាហ៍ពិពាហ៍។

១. មនុស្សស្រីខ្លាចបំផុតគឺរៀបការជាមួយបុរសខុស ៖ មនុស្សជាច្រើនតែងតែនិយាយថា អាពាហ៍ពិពាហ៍គឺដូចជាល្បែងមួយ។ បើស្ត្រីមានសំណាង នាងនឹងឈ្នះបានប្តីល្អ ។ បើមិនដូច្នោះទេ ជាអកុសលបានប្ដីមិនល្អ បានត្រឹមតែបន្ទោសវាសនាតែប៉ុណ្ណោះ ប៉ុន្តែរឿងជីវិតគូ គ្មានអ្នកណាអាចដឹងមុននោះឡើយ។ សព្វថ្ងៃនេះនៅក្នុងសង្គម ការបែកបាក់អាពាហ៍ពិពាហ៍មានការកើនឡើង សមត្ថភាពនៃមនុស្សទាំងពីរភេទក្នុងភាពស្មោះត្រង់ ក៏ហាក់ដូចជាថយចុះគួរឱ្យកត់សម្គាល់… ហានិភ័យនៃការផិតក្បត់តែងតែជាសត្រូវ “លាក់កំបាំង” នៅក្នុងគ្រួសារនីមួយៗ។
ក្នុងក្រសែភ្នែកមនុស្សជាច្រើន បុរសនៅតែត្រូវបានគេចាត់ទុកថាងាយនឹងផិតក្បត់ជាងស្ត្រី។ ជាពិសេសនៅពេលដែលពួកគេបានរៀបការជាច្រើនឆ្នាំ នៅពេលដែលចំណង់ចំណូលចិត្ត និងស្នេហាទាំងអស់បានថយចុះបន្តិចម្តងៗ ហើយត្រូវបានជំនួសដោយការទទួលខុសត្រូវ និងកាតព្វកិច្ច។ ជាពិសេសក្រោយរៀបការជាច្រើនឆ្នាំ ស្ត្រីបារម្ភថាខ្លួនចាស់ទៅមិនស្អាត។ នៅពេលនោះ ភាពទាក់ទាញរបស់ពួកគេចំពោះភរិយាក៏ថយចុះដែរ។ ហើយនៅពេលនេះ បុរសមានហេតុផលច្រើនដើម្បីយកលេសធុញទ្រាន់នឹងប្រពន្ធ លួចលាក់ទាក់ទងស្រីខាងក្រៅ។
២. មិនចង់ធ្វើជាអ្នកបម្រើថ្នាក់ខ្ពស់ ៖ នារីសម័យថ្មី មិនត្រឹមតែនៅផ្ទះពេញមួយថ្ងៃនោះទេ ពួកគេក៏មានការងារនៅការិយាល័យ ការជួបជុំមិត្តភក្តិ និងទំនាក់ទំនងជាច្រើនទៀតផងដែរ។ ប៉ុន្តែពេលរៀបការហើយ ពួកគេនៅតែត្រូវមើលការខុសត្រូវលើការងារផ្ទះស្ទើរតែទាំងអស់ ព្រោះមានប្តីតិចតួចណាស់ដែលសុខចិត្តដោះអាវ មូលជើងខោ ជួយចែករំលែកកិច្ចការផ្ទះជាមួយប្រពន្ធ។ ការរៀបការក៏មានន័យដែរថា ក្រៅពីមើលការខុសត្រូវនៅកន្លែងធ្វើការ និងត្រលប់មកផ្ទះវិញ ស្ត្រីក៏ត្រូវមើលការខុសត្រូវលើការងារផ្ទះរាប់រយមុខទៀត ដូចជា ដាំបាយ ធ្វើម្ហូប បោកគក់ បោសសម្អាត បម្រើប្តី ចិញ្ចឹមកូន… ស្ត្រីជាច្រើនតែងតែនិយាយលេងសើចជាមួយមិត្តភក្តិថា “ការរៀបការមិនខុសពីការធ្វើជាអ្នកបម្រើថ្នាក់ខ្ពស់នោះទេ”។

៣. រងសម្ពាធដោយសារការចិញ្ចឹមកូន ៖ ការចិញ្ចឹមកូនសព្វថ្ងៃបានក្លាយជាបញ្ហាលំបាកសម្រាប់គូស្វាមីភរិយា ដោយសារតែការចំណាយជាបន្តបន្ទាប់ និងការវិនិយោគធំ និងតូចជាច្រើនសម្រាប់កុមារ។ ការចំណាយខ្ពស់ក្នុងការចិញ្ចឹមកូនបានបង្កើតផលវិបាកជាច្រើន។ ការមានកូននៅតែមានបញ្ហាជាច្រើន ក្រៅពីការចំណាយលើការចិញ្ចឹមកូនខ្ពស់ពេក សព្វថ្ងៃក៏ត្រូវផ្អាកការងារមួយរយៈដែរ ព្រោះគ្មានអ្នកណាមើលថែកូន ដូចនេះហិរញ្ញវត្ថុគ្រួសារនឹងធ្លាក់ក្នុងស្ថានភាពលំបាក មិនអាចទ្រាំទ្រ មិនអាចធានាបាននូវលក្ខខណ្ឌល្អបំផុតសម្រាប់កុមារ។
គេអាចសង្កេតឃើញថា ការចំណាយលើកុមាររួមមានរបស់របរជាច្រើន ក្នុងដំណាក់កាលទារកទើបនឹងកើត មានទឹកដោះ ក្រណាត់កន្ទបទារក ការពិនិត្យសុខភាព ការថែទាំ សម្លៀកបំពាក់… ក្នុងដំណាក់កាលមនុស្សពេញវ័យ មានការអប់រំ ធានារ៉ាប់រងសុខភាព ការចំណាយលើការរស់នៅ ប្រាក់បន្ថែម ថ្នាក់រៀន និងការបណ្តុះបណ្តាលជំនាញ សម្ភារៈប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិក ការកម្សាន្តផ្សេងៗ … ដំណាក់កាលបន្ទាប់គឺការចំណាយបន្ទាប់ពីវិទ្យាល័យ ដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមហាវិទ្យាល័យ សាកលវិទ្យាល័យ សូម្បីតែការសិក្សានៅបរទេសក៏ត្រូវបូកបញ្ចូលដែរ។ បច្ចុប្បន្ននេះ គូស្វាមីភរិយាវ័យក្មេងជាច្រើន ថែមទាំងមានគំនិត «មិនចង់បានកូន» ដើម្បីចំណាយពេលជាមួយគ្នា ចំណាយលុយលើការធ្វើដំណើរ និងរីករាយនឹងជីវិត ជំនួសឱ្យការសម្រាលកូន និងខិតខំមើលថែកូន គ្មានពេលសម្រាកសម្រាប់ខ្លួនឯង។
៤. ស្រមោលនៃការលែងលះអន្ទងតាមប្រាណ ៖ សព្វថ្ងៃនេះ អត្រានៃអាពាហ៍ពិពាហ៍ដំបូងកំពុងកើនឡើង។ ប៉ុន្តែក្រៅពីនេះ ចំនួនស្ត្រីដែលនៅតែម្នាក់ឯងក៏មានការកើនឡើងផងដែរ បើទោះបីជាពួកគេអាយុច្រើនហើយក៏ដោយ។ ពួកគេជាច្រើនមិនចង់រៀបការទេ ព្រោះពួកគេបារម្ភពីហានិភ័យនៃការលែងលះនៅពេលក្រោយ។ ដោយសារតែគេឃើញជីវិតមិនសប្បាយចិត្តរបស់ញាតិមិត្ត បងប្អូន ឬឃើញករណីជាច្រើនដែលស្ត្រីរងទុក្ខលំបាកក្នុងជីវិតរៀបការ ទើបគេដកខ្លួនចេញ ដោយខ្លាចថាថ្ងៃណាមួយពួកគេនឹងធ្លាក់ក្នុងស្ថានភាពដូចគ្នា និងឈឺចាប់បំផុត។ ចិត្តគំនិតនេះគឺជារឿងធម្មតា ជាពិសេសក្នុងចំណោមស្ត្រីដែលប្រកាន់ខ្ជាប់នូវច្បាប់ទម្លាប់ ឬអ្នកដែលកើតក្នុងគ្រួសារបែកបាក់ មានឪពុកម្តាយលែងលះគ្នា។ ជម្រើសចុងក្រោយរបស់ពួកគេ គឺនិយាយថា “ទេ” ចំពោះអាពាហ៍ពិពាហ៍ ដើម្បីចៀសវាងការរងទុក្ខនាពេលអនាគត។

៥. មនុស្សស្រីចង់នៅលីវ ៖ ខណៈពេលដែលស្ត្រីជាច្រើនមិនចង់រៀបការដោយសារតែពួកគេព្រួយបារម្ភអំពីផលវិបាក ដែលអាចកើតឡើងបន្ទាប់ពីរៀបការនោះ ស្ត្រីមួយចំនួនទៀតបដិសេធអាពាហ៍ពិពាហ៍ដោយគ្រាន់តែពួកគេចូលចិត្តជីវិតនៅម្នាក់ឯង ជីវិតនៅលីវវារីករាយ និងមានសេរីភាព។ ប្រហែលជាពួកគេស្រលាញ់ការងារ ស្រឡាញ់របៀបរស់នៅបច្ចុប្បន្នរបស់ពួកគេ ព្រោះពួកគេមានសេរីភាពក្នុងការធ្វើអ្វីដែលពួកគេចូលចិត្ត ដោយមិនចាំបាច់មានទំនួលខុសត្រូវយូរអង្វែងជាមួយនរណាម្នាក់ឡើយ។ ហេតុដូច្នេះហើយបានជាពួកគេជ្រើសរើសនៅលីវ ដោយមិនចង់ឱ្យអ្នកណាទទួលខុសត្រូវលើជីវិតរបស់ពួកគេ។ ស្ត្រីទាំងនេះច្រើនតែមានភាពឯករាជ្យ និងគ្រប់គ្រងខ្លួនឯងខ្លាំង ដូច្នេះពួកគេអាចគ្រប់គ្រងជីវិតរបស់ពួកគេដោយទំនុកចិត្ត។
៦. ស្ត្រីមិនចង់បាត់បង់សេរីភាព ៖ យោងតាមស្ថិតិ នៅទីក្រុងតូក្យូ ស្ត្រីមិនទាន់រៀបការរហូតដល់ ៧០% បច្ចុប្បន្នរស់នៅជាមួយឪពុកម្តាយ។ ពួកគេមិនចាំបាច់ធ្វើម្ហូប បោកគក់ ឬធ្វើកិច្ចការផ្ទះទេ។ ចិត្តគំនិតទូទៅគឺថាបើរៀបការហើយនឹងមិនស្រួលដូចនៅផ្ទះនោះឡើយ។ តែម្នាក់ឯង នៅក្នុងផ្ទះ ក្នុងពិភពឯកជន នាងអាចធ្វើអ្វីដែលនាងចង់បានដោយសេរី ដោយមិនខ្លាចនរណាម្នាក់ចាប់កំហុស ឬរអ៊ូរទាំដាក់នាងនោះឡើយ។ ការដើរទិញឥវ៉ាន់ គឺជាចំណង់ចំណូលចិត្តទូទៅរបស់ស្ត្រីភាគច្រើន ហើយនាងក៏មិនមានករណីលើកលែងដែរ។ នាងនឹងជ្រើសរើសគ្រឿងអលង្ការ សម្លៀកបំពាក់ដែលនាងចូលចិត្តដោយមិនខ្លាចគេត្អូញត្អែរ ឬអ្នកណាមកស្ដីបន្ទោស។ បន្ទាប់ពីសប្តាហ៍ការងារដ៏មមាញឹក នាងអាចគេងលក់ស្រួលនៅលើគ្រែដ៏កក់ក្តៅ ហើយមិនចាំបាច់ខ្វល់ខ្វាយពីអ្វីដែលជុំវិញខ្លួននាងឡើយ។
៧. មិនចង់រងសម្ពាធរឿងលុយកាក់ និងការទទួលខុសត្រូវ ៖ ចំណងអាពាហ៍ពិពាហ៍ដែលត្រឹមត្រូវទៅតាមផ្លូវច្បាប់ តែងតែកើតឡើងជាមួយនឹងទំនួលខុសត្រូវ និងសម្ពាធ។ អាពាហ៍ពិពាហ៍ គឺមិនមានករណីលើកលែងនោះទេ។ មិនថាអ្នកទាំងពីរមានភាពសុខស្រួលយ៉ាងណានោះឡើយ មិនអាចបដិសេធបានទេថា ពេលនិយាយដល់គ្រួសារ មនុស្សនៅក្នុងនោះមានទំនួលខុសត្រូវចំពោះគ្នាទៅវិញទៅមក។ នេះបង្កើតសម្ពាធដោយអចេតនាសម្រាប់ស្ត្រីជាច្រើន ដោយសារពួកគេអាច ឬមិនត្រូវទទួលបន្ទុកធ្ងន់បែបនេះពីមុនមក។ មិនត្រឹមតែរឿងលុយកាក់ប៉ុណ្ណោះទេ ថែមទាំងបន្ទុកលើការពពោះ ការចិញ្ចឹម និងអប់រំកូន ថែទាំប្តី គ្រប់គ្រងផ្ទះ ថែទាំគ្រួសារប្តី… ទាមទារឱ្យស្ត្រីលះបង់ច្រើន ទាំងពេលវេលា និងកម្លាំងកាយចិត្ត។ ដូច្នេះហើយ ពួកគេស្ទាក់ស្ទើរក្នុងការសម្រេចចិត្តថាតើត្រូវរៀបការ ឬអត់?

